Wednesday, July 10, 2019

កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការ និងអនុគណកម្មការរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ’’ទូកនាគ’’

ស្វាយរៀង៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការ និងអនុគណកម្មការរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ’’ទូកនាគ’’ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង ភូមិភាគវាលរាបលើកទី១ ឆ្នាំ២០១៩ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន លោកអភិបាលរងខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការប្រតិបត្តិការសឹករងខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកសាកលវិទ្យាធិការសាកលវិទ្យាល័យស្វាយរៀង លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុងស្រុកទាំង៨ លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្តជាច្រើនរូបទៀត។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនេះ លោកអភិបាលខេត្តបានផ្តាំផ្ញើដល់គណៈកម្មការ និងអនុគណៈកម្មការរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិពានរង្វាន់សម្តេចក្រឡាហោម ស ខេង នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ត្រូវយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានល្អស្រប ទៅតាមសេចក្តីសម្រេចដូចមានចែងនៅក្នុងគណៈកម្មការ និងអនុគណៈកម្មការរៀបចំការប្រកួតរបស់ រដ្ឋបាលខេត្តស្វាយរៀង។
សូមជម្រាបជូនថា ព្រឹត្តិការណ៍នៃការប្រកួតទូកប្រពៃណីខ្នាតអន្តរជាតិ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង ភូមិភាគវាលរាប លើកទី១ ឆ្នាំ២០១៩នេះ ក៏មានការដាក់តាំងពិពណ៌ផ្សព្វផ្សាយលក់ ផលិតផលជាតិ-អន្តរជាតិ ការប្រគុំតន្ត្រី ព្រមទាំងការហាត់សមរបស់កីឡាករទូកចាប់ពីថ្ងៃទី២២ តទៅ និងដល់ថ្ងៃទី២៧-២៨ ខែកក្កដា ឆ្នាំ២០១៩ ជាថ្ងៃប្រកួតផ្លូវការយកចំណាត់ថ្នាក់ផ្តាច់ព្រ័ត ដែលប្រព្រឹត្តទៅនៅតាមបណ្តោយមាត់ទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ៕





No comments:

Post a Comment