Wednesday, July 10, 2019

លោក នាង ផាត ជួបសំណេះសំណាលនិងពិភាក្សាឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំកម្ពុជា

ក្នុងជំនួបសម្តែងការគួរសមជាមួយ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ លោក អូឡិចស៊ី សូកូភ្លី ឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវាសដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម បានថ្លែងជំនួស មុខឲ្យរដ្ឋាភិបាល និងកងទ័ពអ៊ុយក្រែន ពិសេសក្រសួងការពារជាតិអ៊ុយក្រែន បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រសួងការពារជាតិកម្ពុជា ដែលបានអនុញាតិឲ្យលោក បានចូលជួបសំដែងការគួរសម ដើម្បីបានពង្រឹងពង្រីក ចំណងទាក់ទងកិច្ចសហប្រតិបត្តិការ នៃការរឹតចំណងសាមគ្គីភាព មិត្តភាព រវាងកងទ័ពទាំងពីរ អ៊ុយក្រែន និងកម្ពុជាឲ្យកាន់តែមានភាពជិតស្និទ្ធ។
ឯកអគ្គរដ្ឋទូតអ៊ុយក្រែន បានបញ្ជាក់ថា ប្រទេសជាតិមួយមានសន្តិភាព សន្តិសុខ សុវត្ថិភាពគឺដោយសារមានកងទ័ពមួយក្លាហាន មានសំភារៈបច្ចេកទេសយោធាទំនើបៗ អាចទប់ទល់បានជាមួយសត្រូវដែលមានគោលបំណងមកឈ្លានពានបូរណភាពទឹកដីរបស់ខ្លួន។ លោក ក៏បានជំរាបលោករដ្ឋលេខាធិការឲ្យបានដឹងទៀតថា ដូចជាប្រទេសរបស់លោកបច្ចុប្បន្ន កំពុងទទួលរងនូវការឈ្លានពានពីសំណាក់ប្រទេសជិតខាងផងដែរ ក៏ព្រោះតែកងទ័ពអ៊ុយក្រែនមានសមត្ថភាពនៅមានកម្រិតនៅឡើយ។ លោក បានបន្តថា នាពេលខាងមុខក្រសួងការពារជាតិទាំង២ កម្ពុជា និងអ៊ុយក្រែន នឹងធ្វើការចុះអនុស្សារណៈធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព លើការជួយបណ្តុះបណ្តាល និងផ្គត់ផ្គង់សំភារៈបច្ចេកទេសយោធា។
នាយឧត្តមសេនីយ៍ នាង ផាត បានបញ្ជាក់ថា រវាងកងទ័ពយើងទាំង២ អ៊ុយក្រែន និងខ.ភ.ម ធ្លាប់មានប្រវត្តិទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា តាំងពីយូរណាស់មកហើយ ហើយយើងនឹងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការនេះឲ្យកាន់តែប្រសើរឡើងថែមទៀត។ លោកបានបន្តទៀតថា ពេលនេះកងទ័ពអ៊ុយក្រែន កំពុងធ្វើការពង្រឹងសមត្ថភាពរបស់ខ្លួនដើម្បីការពារទឹកដី។ ដើម្បីធ្វើជាហត្ថលេខី នៃការចុះអនុស្សារណៈ រវាងក្រសួងការពារជាតិ នៃប្រទេសទាំង២ កម្ពុជា-អ៊ុយក្រែន នាពេលខាងមុខនេះ លោករដ្ឋលេខាធិការ សង្ឃឹមថា បណ្តាប្រភេទជំនាញដែលមានការពាក់ព័ន្ធចំពោះខ្លឹមសារអនុស្សារណៈនឹងខិតខំពិនិត្យរួមគ្នាដើម្បីឈានទៅដល់ការព្រមព្រៀង និងចុះហត្ថលេខាក្នុងពេលឆាប់ៗនេះ៕




No comments:

Post a Comment