Wednesday, July 10, 2019

ពិធី«រុក្ខទិវា»ទូទាំងប្រទេស បានបំផុសពីការស្រលាញ់ដើមឈើ និងលើកស្ទួយសម្រស់ធម្មជាតិ

សៀមរាប៖ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ អាជ្ញាធរជាតិអប្សរា បានបន្តដាំកូនឈើគ្រញូង និងគគីរចំនួន៥០០០ដើម នៅបរិវេណព្រៃខាងកើតប្រាសាទបន្ទាយប្រីយ៍ ដោយមានការចូលរួមពីរដ្ឋបាលខេត្តសៀមរាប ព្រះសង្ឃ កាយរិទ្ធនារីកម្ពុជា លោកគ្រូអ្នកគ្រូ គរុសិស្ស និងពុទ្ធបរិស័ទប្រមាណជា៥០០អង្គ/នាក់។
ពិធីដាំដើមឈើនេះគឺធ្វើឡើងស្របពេលនឹងការប្រារព្ធពិធី «រុក្ខទិវា» ទូទាំងប្រទេស ដើម្បីបំផុសគំនិត និងដាស់តឿនស្មារតីមហាជនគ្រប់ស្រទាប់វណ្ណៈឱ្យចូលរួមដាំដើមឈើឡើងវិញ ជៀសវាងការកាប់បំផ្លាញព្រៃដែលជាជម្រកសត្វនិងជារនាំងការពារបុរាណដ្ឋានពីហានិភ័យនៃគ្រោះថ្នាក់ធម្មជាតិផ្សេងៗ។
ក្នុងឱកាសនៃការដាំកូនឈើនោះ ព្រះតេជគុណ ពេជ្រ ដេវីត គង់នៅវត្តពោធិ៍លង្កា មានសង្ឃដីកាថា ដើមឈើពិតជាមានសារៈសំខាន់ណាស់ ព្រោះផ្តល់ជម្រកដល់មនុស្សសត្វ ផ្តល់ខ្យល់អាកាសបរិសុទ្ធ ជារនាំងបាំងខ្យល់ព្យុះ ការពារទឹកជំនន់ និងនាំទឹកភ្លៀងសម្រាប់បង្កបង្កើនផលចិញ្ចឹមជីវិតសត្វលោក។ ព្រះអង្គក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ គប្បីចូលរួមដាំដើមឈើទាំងអស់គ្នា ចូលរួមថែរក្សាការពារ ស្រឡាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិឱ្យបានច្រើនជាជាងការកាប់បំផ្លាញ។
អ្នកមីង ចៅ តូច ប្រជាពលរដ្ឋរស់នៅស្រុកប្រាសាទបាគង ដែលជួយផ្គត់ផ្គង់ភេសជ្ជៈសម្រាប់អ្នកចូលរួមដាំដើមឈើទាំងអស់បានបង្ហាញនូវភាពរីករាយថា យើងដាំដើមឈើច្រើនគឺជួយដល់សង្គមជាតិទាំងមូលឱ្យមានភាពបៃតង ព្រោះដើមឈើផ្តល់ភ្លៀង ធ្វើឱ្យដំណាំបានផលល្អ សម្រស់ធម្មជាតិស្រស់ផូរផង់។
ក្នុងនាមអាជ្ញាធរជាតិអប្សរា លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថានបានប្រាប់ថា នេះជាលើកទី៥ហើយ នៃយុទ្ធនាការដាំដើមឈើចំនួន៤០០០០ដើម នៅក្នុងរមណីយដ្ឋានអង្គរនារដូវវស្សាឆ្នាំ២០១៩នេះ។ បើគិតពីដើមឆ្នាំ២០១៩មកដល់ពេលនេះ យើងបានដាំដើមឈើចំនួន៧៣០០ដើមហើយ ហើយក៏បានចែកជូនកូនឈើដល់ប្រជាពលរដ្ឋចំនួន៣០៣៩៧ដើមដែរ ដែលនេះជាជោគជ័យមួយបង្ហាញអំពីការស្រឡាញ់បរិស្ថាន ស្រឡាញ់ធម្មជាតិ ដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុផង និងការពារប្រាសាទបុរាណផង។
សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរានឹងបន្តបណ្តុះកូនឈើគ្រប់ប្រភេទរួមទាំងកូនឈើប្រណីត និងកូនឈើដែលងាយស្រួលដាំក្នុងគោលបំណងចែកជូនអង្គភាព ស្ថាប័នរដ្ឋ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលមានបំណងចង់យកទៅដាំតាមសហគមន៍ ភូមិស្រុក និងវត្តអារាមដើម្បីលើកស្ទួយភាពស្រស់បំព្រងនិងការពារគ្រោះធម្មជាតិផ្សេងៗ៕




No comments:

Post a Comment