Wednesday, July 10, 2019

ពិធីបិទវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តាមបែបវិមជ្ឈការ

សៀមរាប៖ នៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ រដ្ឋបាលខេត្តសៀមរាប បានបិទវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តាមបែបវិមជ្ឈការសម្រាប់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ដោយមានសមាសភាពក្រុមប្រឹក្សាខេត្តសៀមរាប កំពង់ធំ ខេត្តក្បូងឃ្មុំ និង ខេត្តកំពង់ចាម ចូលជាសិក្ខាកាម ចំនួន ៤៦ នាក់ ស្រី០៧ នាក់។ ពិធីបិទវគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមវត្តមាន លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងលោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងលោក ឈួន បុណ្ណា ទីប្រឹក្សាក្រសួងមហាផ្ទៃ។
ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនេះ លោក ពៅ ពិសិដ្ឋ ក៏បានលើកឡើងពីការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល សំខាន់ក្រសួងមហាផ្ទៃ ក្នុងការបណ្តុះបណ្តាលសម្រាប់ សមាជិកក្រុម ប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ ដែលទើបជាប់ឆ្នោតថ្មី ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ កាលពីថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ២០១៩កន្លងមកនេះ។ លោក ពៅ ពិសិដ្ឋ បានបន្តទៀតថា ដើមី្បធានាឲ្យគោលនយោបាយ និងយុទ្ធសាស្ត្រទាំងនេះទទួលបានជោគជ័យ អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិត្រូវចូលរួមទទួលខុសត្រូវ អនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលតាមរយៈច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ព្រមទាំងបទបញ្ជា លិខិតបទដ្ឋានគតិយុត្ត នានាជាធរមាន។
លោក បានគូសបញ្ជាក់ថា ការពង្រឹងសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានចាត់ទុកថា មានសារៈសំខាន់ចាំបាច់មិនអាចមើលរំលងបានឡើយ។ ម៉្យាងទៀត តាមរយៈកម្មវិធីជាតិរយៈពេល១០ឆ្នាំ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានយកចិត្តទុកដាក់ខ្លាំង ក្នុងការអភិវឌ្ឍន៍សមត្ថភាពទាំងក្រុមប្រឹក្សា និងមន្ត្រីរាជការស៊ីវិល ដែលកំពុងបម្រើការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិដើមី្បគាំទ្រដល់ការកសាងសមត្ថភាព ក្នុងការបំពេញការងាររបស់រដ្ឋបាល ថ្នាក់ក្រោមជាតិ។
លោកអភិបាលរងខេត្ត ក៏បានធ្វើការផ្តាំផ្ញើ និងណែនាំមួយចំនួនព្រមទាំងបានផ្តល់នូវបទពិសោធន៍ការងារល្អៗមួយចំនួនដល់សិក្ខាកាម និងមានសង្ឃឹមថា ក្រោយវគ្គបណ្តុះបណ្តាលនេះ នឹងទទួលបាននូវចំណេះដឹង ថ្មីៗដើមី្បយកទៅប្រើប្រាស់ក្នុងការអនុវត្ត តួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងលើកកម្ពស់ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម និង រួមចំណែកក្នុងការសម្រេចគោលដៅនៃកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជា កាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀតផង។
ជាលទ្ធផលនៃវគ្គបណ្តុះបណ្តាលរយះពេល ២ ថ្ងៃនេះ បានសង្កេតឃើញនូវសកម្មភាពដូចខាងក្រោម៖
– សិក្ខាកាមមកពីខេត្តគោលដៅមានសមត្ថភាពយល់ដឹងពីគោលនយោបាយ និងច្បាប់គួរអោយកត់សំគាល់
– សិក្ខាកាមមានការចូលរួមច្រើន ដែលធ្វើអោយវគ្គនេះប្រព្រឹត្តទៅដោយរលូន
– សិក្ខាកាមមានការយកចិត្តទុកដាក់ និងមានសំណួរច្រើនទៅកាន់អ្នកសម្របសម្រួល ដែលឆ្លុះបញ្ចាំងពីការចូលរួម
– សិក្ខាកាមមានសីលធម៌ខ្ពស់ចំពោះការគោរពគ្នាទៅវិញទៅមក ក៏ដូចជាអ្នកសម្របសម្រូល
– សិក្ខាកាមមានសាមគ្គីភាព និងការរឹតចំណងមិត្តភាពគ្នាបានល្អ៕




No comments:

Post a Comment