Tuesday, October 23, 2018

អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោកកោតសរសើរកម្ពុជាថាជាប្រទេសទី១ ដែលបានចាត់តាំងឱ្យមានតំណាងអចិន្រៃ្តយ៍ពាណិជ្ជកម្មរបស់ខ្លួនប្រចាំ WTO

នៅល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨​ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយលោក រ៉ូបេតូ កាវ៉ាហូ អាសេវ៉េដូ (Robeto Cavatho Azevedo) អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក។ ក្នុងជំនួបពិភាក្សាគ្នានោះ លោក រ៉ូបេតូ កាវ៉ាហូ អាសេវ៉េដូ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក បានមានប្រសាសន៍ជំរាបជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនថា កម្ពុជាគឺជាប្រទេសដែលមានការអភិវឌ្ឍតិចតួច ប៉ុន្តែគឺជាប្រទេសមួយដែលបានក្លាយជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលបានអនុវត្តដោយជោគជ័យ ក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតនៅក្នុងពិភពលោក។
លោកអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក សង្ឃឹមថា ទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មកកាន់ទីក្រុងហ្សឺណែវ ពិសេសមកកាន់ទីស្នាក់ការណ្តាលរបស់ WTO នៅពេលនេះគឺមិនមែនជាលើកចុងក្រោយនោះទេ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា កិច្ចសហការវាងកម្ពុជា ជាមួយនឹងអង្គការពាណិជ្ជកម្មពិភពលោក នឹងមានកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរឡើង ពិសេសសេដ្ឋកិច្ចរបស់កម្ពុជានឹងទទួលបាននូវការអភិវឌ្ឍ និងមានកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសដទៃទៀត រួមទាំង WTOផងដែរ។ លោកបានបន្តថា កម្ពុជាបានចូលជាសមាជិករបស់ WTO រយៈពេល១៤ឆ្នាំរួចមកហើយ ក្នុងរយៈពេលនេះ លោកសូមអរគុណចំពោះ WTO សម្រាប់កិច្ចសហប្រតិបត្តិការទាំងអស់ ដែលបានផ្តល់ជូនដល់ប្រទេសកម្ពុជា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់បន្តថា កន្លងមកកម្ពុជាបានដើរតួនាទីជាប្រទេសសម្របសម្រួលកាលពីឆ្នាំ២០១៧ ហើយនៅឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ កម្ពុជាស្ថិតនៅក្នុងយន្តការត្រីភាគី នៃក្របខណ្ឌ នៃ WTO ដោយសង្ឃឹមថា កម្ពុជានឹងបន្តទទួលបាននូវជំនួយពី WTO។ លោកបានបន្តថា កន្លងមកកម្ពុជាបានបើកស្ថានបេសកកម្មរបស់ខ្លួនប្រចាំនៅ WTO បើទោះបីជាខ្លួនស្ថិតក្នុងសេដ្ឋកិច្ចមួយដែលមានភាពទន់ខ្សោយក៏ពិតមែន តែកម្ពុជាជំនះក្នុងការដាក់ឱ្យមានស្ថានឯកអគ្គរាជទូតពាណិជ្ជកម្មនៅហ្សឺណែវ ដើម្បីជួយសំរួលការងាររវាងកម្ពុជា ជាមួយនិង WTO។
អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក បានមានប្រសាសន៍ថា កម្ពុជាមានលក្ខណៈសកម្មរបស់ខ្លួន ពោលក្នុងរយៈពេល១៤ឆ្នាំកន្លងមក ថ្វីត្បិតបើប្រៀបធៀបជាមួយប្រទេសដទៃទៀតនោះ កម្ពុជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងជាប្រទេសទី១ ដែលបានចាត់តាំងឱ្យមានតំណាងអចិន្រៃ្តយ៍ពាណិជ្ជកម្មរបស់ខ្លួនប្រចាំ WTO។ លោកក៏បានចាត់ទុកលោកនាយករដ្ឋមន្រ្តីគឺជាអ្នកដឹកនាំមួយរូប ដែលមានភាពឈ្លាវៃ ពីព្រោះថា WTO គឺជាស្ថាប័នមួយដែលផ្តល់នូវការគាំទ្រនូវស្មារតីនិងជំនួយជាច្រើនដល់សមាជិក របស់ខ្លួន ដែលខុសពីប្រទេសដទៃទៀតមិនបានធ្វើការចាប់អារម្មណ៍យកចិត្តទុកដាក់។ លោក ក៏បានកោតសរសើរដល់កម្ពុជាផងដែរ ក្នុងការដើរតួនាទីនៃការកសាងស្ពានសម្រាប់ប្រទេសផ្សេងទៀត ពិសេសការស្វែងយល់ពីប្រព័ន្ធរបស់ WTO។
លោកអគ្គនាយក បានបន្តថា បច្ចុប្បន្ននេះ កម្ពុជាមិនមែនស្ថិតនៅក្រៅប្រព័ន្ធនោះទេ ពោលគឺកម្ពុជាស្ថិតនៅក្នុងប្រព័ន្ធនៃ WTO ដែលកម្ពុជាបានស្វែងយល់ និងចាប់យកឱកាសបានច្រើន។ លោកបានបន្តថា ដោយសាភាពវៃឆ្លាតរបស់កម្ពុជា នេះហើយ បានជាកម្ពុជាចាប់យកនូវជំនួយបច្ចេកទេសពី WTO ដែលចំណាយទៅលើការជួយដល់កម្ពុជា មានទឹកប្រាក់ប្រមាណ ៧,៧លានដុល្លារ ចន្លោះពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៨ ហើយ ក្នុងរយៈពេល៤ឆ្នាំចុងក្រោយ នៃការកសាងសមត្ថភាពមន្រ្តីមានចំនួនរហូតដល់ ៤១១នាក់ ជាមន្រ្តីរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើការបណ្តុះបណ្តាលនៅគ្រប់សកម្មភាពរបស់ WTO។
នៅក្នុងជំនួបពិភាក្សាទ្វេភាគីនោះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកអគ្គនាយក បានធ្វើការពិភាក្សាគ្នាយ៉ាងស៊ីជំរៅទាក់ទិនទៅនិងសង្រ្គាមពាណិជ្ជកម្មពិភពលោក ពិសេសរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ដែលកំពុងកើនឡើងកំដៅផងដែរ៕






No comments:

Post a Comment