Tuesday, October 23, 2018

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស​ កោតសរសើរពីការរីកចម្រើនរបស់កម្ពុជាលើវិស័យសិទ្ធិមនុស្ស

នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨​ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ លោកស្រី មីសែល បាសែឡែត (Michelle Bachelet ) ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស។ ក្នុងជំនួបពិភាក្សាគ្នានោះ លោកស្រី មីសែល បាសែឡែត បានមានប្រសាសន៍ថា ការិយាល័យរបស់ឧត្តមស្នងការសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា គឺជាការិយាល័យដែលមានវ័យចំណាស់ជាងគេ។ តាមរយៈលោកស្រី សូមអរគុណជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ពិសេសលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានបន្តអាណត្តិរបស់ការិយាល័យរបស់ខ្លួនរយៈពេល២ឆ្នាំក្នុងប្រទេសកម្ពុជា។
នៅក្នុងកិច្ចសន្ទនាគ្នានោះដែរ លោកស្រី បានធ្វើការកត់សំគាល់ពីការរីកចម្រើនរបស់ប្រទេសកម្ពុជា លើវិស័យសិទ្ធិមនុស្ស ពិសេសសិទ្ធិរបស់ស្រ្តី កុមារ កម្មករ កម្មការិនី អប់រំ និងការមិនរើសអើង។
លោកស្រី ក៏បានទទួលស្គាល់ដែរថា បើទោះបីជាប្រទេសទាំងអស់មានការរីកចម្រើនយ៉ាងណា ក៏នៅមានបញ្ហាប្រឈមទៅនឹងចំណុចផ្សេងៗផងដែរ តាមរយៈចំណុចល្អរបស់កម្ពុជា លោកស្រី បានមានប្រសាសន៍ថា លោកស្រី នឹងបញ្ចូលទៅក្នុងរបាយការណ៍របស់ឧត្តមស្នងការសិទ្ធិមនុស្សស្តីពីកម្ពុជា។ លោកស្រី បានមានប្រសាសន៍សង្កត់ធ្ងន់ថា អ្វីដែលឧត្តមស្នងការសិទ្ធិមនុស្សអាចជួយបាន លោកស្រីនឹងបន្តសហការ និងផ្តល់នូវការគាំទ្រដល់ប្រទេសកម្ពុជា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា នៅថ្ងៃនេះលោកបានធ្វើទស្សនកិច្ចនៅទីស្នាក់កណ្តាលពីរ របស់អង្គការសហប្រជាជាតិ ក្នុងនោះទី១នៅទីស្នាក់ការកណ្តាលរបស់ឧត្តមស្នងការអង្គការពាណិជ្ជកម្ម ពិភពលោក និងទី២នៅទីស្នាក់ការកណ្តាលរបស់ឧត្តមស្នងការសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ។បើទោះបីជាការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ប្រចាំកម្ពុជាពិតជាមានលក្ខណៈពិសេសនោះ លោកសូមអញ្ជើញលោកស្រីអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា តាមពេលវេលាសមស្រប។ លោកបានបន្តថា បើទោះបីយើងមានគោលជំហរខុសគ្នា ប៉ុន្តែកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជាមួយអង្គការសហប្រជាជាតិទៅលើបញ្ហាសិទ្ធិមនុស្ស នៅតែបន្តទៅមុខទៀត ពិសេសការបន្តនូវអាណត្តិ២ឆ្នាំទៅមុខទៀត របស់ការិយាល័យ សិទ្ធិមនុស្សប្រចាំកម្ពុជា។
ក្នុងជំនួបទ្វេរភាគីនោះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន​ ក៏បានស្នើឱ្យមានកិច្ចសហការលើបញ្ហាសិទ្ធិមនុស្សរវាងអង្គការសហប្រជាជាតិ ជាមួយនឹងកម្ពុជាដើម្បីធ្វើយ៉ាងណាឱ្យមានការយល់គ្នាឱ្យបានច្បាស់មុននឹងវាយតម្លៃដែលមិនបានធ្វើការសហការគ្នា និងមិនបាននិយាយជាមួយគ្នាជាមុននោះ៕





No comments:

Post a Comment