Tuesday, October 23, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងតែធ្វើគ្រប់វិធីក្នុងការជំរុញដំណើរការរបស់សហគ្រាសធុនតូច និងមធ្យមកាន់តែរីកចម្រើន និងមានលទ្ធភាពច្រើនជាងមុន

នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ នោះដែរ បន្ទាប់ពីបានអញ្ជើញជួបជាមួយអគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោករួចហើយនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តជួបពិភាក្សាការងារជាមួយលោកស្រី អារ៉ាន់ឆា ហ្គ្យុងហ្សាឡែស (Arancha Gongalez) នាយកប្រតិបត្តិមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ។ នៅក្នុងជំនួបនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា លោកពិតជាមានការសប្បាយរីករាយដោយបានជួបពិភាក្សាការងារជាថ្មីម្តងទៀត ជាមួយលោកស្រីបន្ទាប់ពីជំនួបលើកទី១ ក្នុងប្រទេសកម្ពុជា។
ជាការឆ្លើយតប លោកស្រី អារ៉ាឆា បានមានប្រសាសន៍ថា កន្លងមកលោកស្រីធ្លាប់បានធ្វើ នូវកិច្ចការជាច្រើនជាមួយនឹងប្រទេសកម្ពុជា ពិសេសជាមួយនឹងក្រសួងពាណិជ្ជកម្ម។ លោកស្រីបានបន្តថា កម្ពុជាពិតជាមានសមត្ថភាពជាច្រើនក្នុងការកសាង និងពង្រីកនូវសក្តានុពលរបស់កម្ពុជា ដើម្បីធ្វើឱ្យកម្ពុជាកាន់តែមានការប្រកួតប្រជែងប្រកបដោយភាពរឹងមាំ ពិសេសការជួយដល់សហគ្រាសធុនតូច និងមធ្យម ដែលធ្វើឱ្យពាណិជ្ជកម្មកាន់តែមានភាពរឹងមាំ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងអំណរអរគុណជូនចំពោះលោកស្រី ដែលបានជួយដល់ប្រទេសកម្ពុជាពិសេសការជួយរៀបចំនូវយុទ្ធសាស្រ្តសម្រាប់ភាពរឹងមាំរបស់សហគ្រាសធុនតូច និងមធ្យម។ លោកបានបន្តថា កន្លងមកលោកបានចូលរួមដល់ការលើកកម្ពស់ដល់សហគ្រាសធុនតូច និងមធ្យមនេះ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ធ្វើយ៉ាងណាជំរុញកំណើនក្នុងវិស័យនោះកាន់តែរឹងមាំ។ លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាកំពុងតែធ្វើគ្រប់វិធីក្នុងការជំរុញដំណើរការរបស់សហគ្រាសធុនតូច និងមធ្យមកាន់តែរីកចម្រើន និងមានលទ្ធភាពច្រើនជាងមុន ពិសេសការព្រួយបារម្ភពីការរកទីផ្សារនិងប្រភពទុនជាដើម។
លោកស្រី បានមានប្រសាសន៍ថា ដើម្បីជំរុញសហគ្រាសធុនតូច និងមធ្យមកាន់តែរឹងមាំ ត្រូវឈរលើកត្តា៤ចំណុច៖
ទី១) ត្រូវធ្វើយ៉ាងណាឱ្យសហគ្រាស SME មានសមត្ថភាពល្អអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារ
ទី២) គុណភាពនៃផលិតផលដើម្បីនាំចេញ
ទី៣) ការទទួលបាននូវប្រភពទុន និងឥណទាន
ទី៤) ទាក់ទិនទីផ្សារដែលត្រូវឱ្យមានទីផ្សារពិតប្រាកដក្នុងការទទួលយកផលិតផលដែលផលិតដោយ SME។
លោកស្រី បានបន្តថា នៅខែវិច្ឆិកាខាងមុខនេះ លោកស្រីនឹងអញ្ជើញ SME របស់កម្ពុជាទៅចូលរួមតាំងពីព័រណ៌នៅទីក្រុងសៀងហៃ ប្រទេសចិន ហើយនៅខែក្រោយនេះដែរលោកស្រីនឹងធ្វើអង្កេតពីការប្រឈមរបស់ SME ក្នុងប្រទេសកម្ពុជា ថាតើនឹងមានបញ្ហាប្រឈមអ្វីខ្លះ ដើម្បីរិះរកវិធីសាស្រ្តក្នុងការជួយដល់ប្រទេសកម្ពុជា៕







No comments:

Post a Comment