នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីវេលាថ្ងៃត្រង់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទួលជួបពិភាក្សាការជាមួយលោក ហ្រ្វានស៊ីស ហ្គារី (Francis Gurry) អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក។ នៅក្នុងជំនួបនោះ លោក Francis Gurry បានមានប្រសាសន៍ថ្លែងនូវអំណរគុណជូនចំពោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អនុញ្ញាតឱ្យរូបលោកនិង សហការី បានចូលជួបពិភាក្សាការងារ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ដែលកន្លងមកបានចូលរួមចំណែកជួយកសាងសមត្ថភាពនៃការបណ្តុះបណ្តាល ពិសេសបានជួយរៀបចំនូវយុទ្ធសាស្រ្តថ្នាក់ជាតិសម្រាប់កម្មសិទ្ធិបញ្ញាដល់កម្ពុជា។ លោកបានបន្តថា កម្ពុជាគឺជាប្រទេសទី១ ដែលគោរពនូវអ្វីដែលជារបបនៃកម្មសិទ្ធិបញ្ញា។ លោកបានបន្តថា អង្គការកម្មសិទ្ធិបញ្ញាអន្តរជាតិ អាចជួយដល់ប្រទេសកម្ពុជាដើម្បីឱ្យកម្ពុជាបំពេញនូវកាតព្វកិច្ចរបស់ខ្លួនតាមឆន្ទៈដែលខ្លួនមាន។
ថ្វីត្បិតនាពេលកន្លងមកការងារជាច្រើនមានការរីកចម្រើន ក៏ប៉ុន្តែមានបញ្ហាប្រឈមជាច្រើន ដែលត្រូវតែបន្តដោះស្រាយ តាមរយៈនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើដល់អង្គការកម្មសិទ្ធិបញ្ញាអន្តរជាតិ បន្តជួយដល់ប្រទេសកម្ពុជា ពិសេសធ្វើយ៉ាងណាជួយដល់កម្ពុជាបានចូលរួមក្នុងក្របខណ្ឌនៃសន្ធិសញ្ញារបស់អង្គការកម្មសិទ្ធិបញ្ញាអន្តរជាតិ។ លោកបានបន្តថា កម្ពុជានៅតែបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយអង្គការកម្មសិទ្ធិបញ្ញាអន្តរជាតិ ឱ្យកាន់តែស៊ីជំរៅថែមទៀត ហើយអ្វីដែលលោកចង់ឃើញនោះគឺការចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សដល់កម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់។
ក្នុងជំនួបពិភាក្សាគ្នានោះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឱ្យអង្គការកម្មសិទ្ធិបញ្ញាអន្តរជាតិ ជួយកសាងម៉ាកយីហោនៅកម្ពុជា ដើម្បីធ្វើឱ្យផ្លាកយីហោលើ ផលិតផលផ្សេងៗរបស់កម្ពុជា មានការទទួលស្គាល់ក្នុងក្របខណ្ឌអន្តរជាតិ។
លោក ហ្រ្វានស៊ីស ហ្គារី បានមានប្រសាសន៍ថា អង្គការរបស់លោក ពិតជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងកម្ពុជាហើយអ្វីដែលយើងឃើញជាក់ស្តែងគឺយើងពិតជាមានការសប្បាយរីករាយ ក្នុងការជួយដល់កម្ពុជាលើការរៀបចំយុទ្ធសាស្រ្តកម្មសិទ្ធិបញ្ញាថ្នាក់ជាតិ ដែលបានអនុម័តកាលពីឆ្នាំ២០១៦កន្លងទៅ។ លោកបានបន្តថា កម្ពុជាមានសក្តានុពលជាច្រើន ពិសេសនៅពេលនេះម៉ាក យីហោជាច្រើនបានក្លាយនិម្មិតរូបរបស់កម្ពុជា បង្ហាញលើឆាកអន្តរជាតិ។ លោកបានបន្តថា អង្គការ របស់លោក នឹងបន្តជួយកម្ពុជាឱ្យកាន់តែឈានឡើងកាន់តែខ្ពស់ថែមទៀត ពិសេសប្តេជ្ញាចិត្ត គាំទ្រ នូវការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការជំរុញលើកកម្ពស់ពីកម្មសិទ្ធិបញ្ញានោះ៕
No comments:
Post a Comment