Tuesday, October 23, 2018

កម្ពុជាគឺជាប្រទេសដែលមានឆន្ទៈខ្ពស់ បានប្រែក្លាយខ្លួនពីប្រទេស អភិវឌ្ឍតិចតួច ទៅជា​ប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងបន្តទៅមុខទៀត

នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ នោះដែរ បន្ទាប់ពីជំនួបជាមួយ នាយកប្រតិបត្តិមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបន្តជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត ម៉ុឃីសា គីទុយី (Mukhisa Kituyi) អគ្គលេខាធិការ នៃសន្និសីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ។ លោក ម៉ុឃីសា គីទុយី បានមានប្រសាសន៍ជំរាបជូនលោកនាយករដ្ឋមន្រ្តីថា នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨នេះ ថ្នាក់ដឹកនាំទាំងអស់ នឹងបានស្តាប់នូវការថ្លែងសុន្ទរកថាគន្លឹះរបស់លោកនាយកដ្ឋមន្រ្តី ហ៊ុន សែន ក្នុងសន្និសីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ ដែលរៀបចំដោយអង្គការសហប្រជាជាតិ។
លោកបណ្ឌិត ម៉ុឃីសា គីទុយី បានមានប្រសាសន៍បន្តថា យើងពិតជាបានធ្វើនូវទំនាក់ទំនងដ៏ល្អជាមួយគ្នាកាលពីពេលកន្លងមក ហើយអ្វីដែលលោកមានការសប្បាយបំផុតនោះ គឺវត្តមានរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការអញ្ជើញថ្លែងសុន្ទរកថា ក្នុងសន្និសីទដ៏មានសារៈសំខាន់បំផុតនេះ។ លោកបានបន្តថា លោកនឹងបន្តជួយដល់កម្ពុជា ដើម្បីឱ្យទទួលបាននូវការប្រកួតប្រជែងខ្ពស់ថែមទៀត លើឆាកអន្តរជាតិ ពិសេសលើការនាំចេញកង់ និងផលិតផលផ្សេងៗទៀត។ លោកក៏បានចាត់ទុកថា កម្ពុជាគឺជាប្រទេសដែលមានឆន្ទៈខ្ពស់ ពោលគឺបានប្រែក្លាយពីប្រទេស ដែលមានការអភិវឌ្ឍតិចតួច ទៅកាន់ប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងបន្តទៅមុខទៀត។
លោកបណ្ឌិត ម៉ុឃីសា គីទុយី ក៏បានចាត់ទុកកម្ពុជាជាប្រទេសគំរូមួយ សម្រាប់ប្រទេសផ្សេងៗទៀត ក្នុងការជំរុញការអភិវឌ្ឍ។ លោកបានបន្តថា វេទិកាដែលរៀបចំនៅក្នុងឆ្នាំ២០១៨នេះ គឺដើម្បីធ្វើឱ្យប្រទេសទាំងអស់ លើពិភពលោកអាចចែករំលែកគ្នា ពិសេសកម្ពុជាដែលមានបទពិសោធន៍ល្អ លើការអភិវឌ្ឍ ក្នុងនោះលោកអាចចែករំលែកដោយផ្ទាល់ ជាមួយនឹងបណ្តាមេដឹកនាំដ៏ទៃ ទៀត។ លោកបានបន្តថា វេទិកាក្នុងឆ្នាំ២០១៨នេះ មានអ្នកចូលរួមប្រមាណ ៦៦០០នាក់ មានប្រធានាធិបតី១០រូប នាយករដ្ឋមន្រ្តី៣រូបផងដែរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា លោកពិតជាមានការរីករាយដោយបានជួបពិភាក្សាជាថ្មីម្តងទៀត ជាមួយលោកអគ្គលេខា បន្ទាប់ពីជំនួបលើកទី១ ធ្វើឡើងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ លោកបានបន្តថា បើទោះបីជាកម្ពុជាបានឆ្លងកាត់ពីប្រទេសក្រីក្រ ទៅកាន់ប្រទេសដែលមានចំណូលមធ្យមកម្រិតទាបក៏ពិតមែន ប៉ុន្តែកម្ពុជានៅមានបញ្ហាប្រឈមដែលត្រូវបន្តដោះស្រាយ តាមរយៈនេះ លោកសូមថ្លែងអំណរគុណចំពោះអង្គការសហប្រជាជាតិ ដែលតែងតែជួយដល់កម្ពុជាកាលពីពេលកន្លងមក និងទាំងក្នុងពេលបច្ចុប្បន្ន។ លោក ក៏ស្វាគមន៍ចំពោះ លោកអគ្គលេខាធិការ នៃសន្និសីទអង្គការសហប្រជាជាតិ ដែលបានសន្យាបន្តគាំទ្រដល់ប្រទេសកម្ពុជា ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា៕







No comments:

Post a Comment