Tuesday, July 10, 2018

បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​ លេខរៀងទី២០​ ជាជម្រើសដ៏ល្អ​សម្រាប់បងប្អូន​ប្រជាពលរដ្ឋខ្មែរ​

ប៉ៃលិន៖ លោកស្រី បាន ស្រីមុំ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងជាបេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលខេត្តប៉ៃលិន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នៅលើសន្លឹកឆ្នោត គឺជាជម្រើសដ៏ល្អសម្រាប់បងប្អូនប្រជាពលរដ្ឋ ពីព្រោះគណបក្សប្រជាជនកម្ពុជា នៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព ផ្សារភ្ជាប់សុខទុក្ខ និងបានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីប្រជាពលរដ្ឋ និងប្រទេសជាតិ។
លោកស្រីបានបន្តទៀតថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតដើម្បីថែរក្សាសុខសន្តិភាព ធានានិរន្តរភាពនៃការអភិវឌ្ឍ លើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។ ដូច្នេះ បើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គឺប្រជាពលរដ្ឋក៏ជាអ្នកឈ្នះដែរ។
លោកស្រី បាន ស្រីមុំ អះអាងបែបនេះ ក្នុងឱកាសចុះយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដើម្បីស្វែងរកសម្លេងឆ្នោតពីប្រជាពលរដ្ឋ នៅក្នុងភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ ដោយមានចូលរួមពីក្រុមការងារចុះជួយសង្កាត់ និងសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា ព្រមទាំងប្រជាពលរដ្ឋប្រមាណជិត ២០០នាក់។
លើសពីនោះ លោកស្រីក៏បានបកស្រាយជូនប្រជាពលរដ្ឋអំពីអត្ថន័យ និងសារៈសំខាន់នៃគោលនយោបាយ ១១ខ របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០១៨-២០២៣។ គោលនយោបាយទាំងអស់នេះ គឺជាទិសដៅផែនការសកម្មភាពចំពោះមុខ ដែលគណបក្សត្រូវអនុវត្តន៍ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅត្រើយសុភមង្គល និងការអភិវឌ្ឍលើគ្រប់វិស័យ។
ទន្ទឹមគ្នានេះ លោកស្រី បានថ្លែងនូវសារនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលផ្តោតសំខាន់លើស្នាដៃដឹកនាំ និងសមិទ្ធផលធំៗរយៈពេល ៣៩ឆ្នាំ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការស្តារ និងអភិវឌ្ឍប្រទេស ចេញពីគំនរផេះផង់នៃភ្លើងសង្គ្រាម រហូតទទួលបានសុខសន្តិភាព វឌ្ឍនភាព និងកិត្តិនាមល្បីរន្ទឺនៅលើឆាកអន្តរជាតិ។

បន្ថែមពីនោះ លោកស្រី ក៏បានថ្លែងអំណរគុណដល់សមាជិក-សមាជិកា ដែលកន្លងមក បានជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងបានផ្តល់យុត្តិធម៌ជូនគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ នាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី២០ នៅលើសន្លឹកឆ្នោត ដើម្បីគាំទ្រលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៦ និងនីតិកាលបន្តបន្ទាប់ទៀត៕





No comments:

Post a Comment