Tuesday, July 10, 2018

អភិបាលខេត្តប៉ៃលិន អញ្ជើញសំណេះសំណាលជាមួយ នាយក នាយករង និងលោកគ្រូអ្នកគ្រូនៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្ត

ប៉ៃលិន៖ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយ លោក អ៊ុន ប៊ុនលី នាយករដ្ឋបាលខេត្ត និងលោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយ នាយក នាយករង និងលោកគ្រូអ្នកគ្រូ នៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្ត ប្រមាណជិត ២០០នាក់ ដើម្បីពង្រឹងវិន័យ និងប្រសិទ្ធ​ភាពការងារបន្ថែមទៀតក្នុងការផ្ទេរចំណេះដឹងដល់សិស្សានុសិស្ស ដែលជាទំពាំងស្នងឬស្សីប្រទេសជាតិ។
លោកអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍នៅក្នុងជំនួបសំណេះ​សំណាលនាឱកាសនោះថា លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានបង្ហាញពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ចំពោះលោកគ្រូ អ្នកគ្រូ ព្រមទាំងមន្ត្រី និងបុគ្គលិកអប់រំទាំងអស់ដែលបានយកចិត្តទុកដាក់ខិតខំបំពេញការងារប្រកបដោយជោគជ័យក្នុងការជំរុញកំណែទម្រង់ប្រព័ន្ធអប់រំដើម្បីអោយកាន់តែមានគុណភាពប្រសើរឡើង។
នៅក្នុងជំនួបនោះដែរ លោកអភិបាលខេត្ត ក៏បានមាន ប្រសាសន៍អំពីតម្លៃ នៃនយោបាយ ឈ្នះ-ឈ្នះដែលបានបញ្ចប់សង្គ្រាមផ្ទៃក្នុងទាំងស្រុងនៅប្រទេសកម្ពុជា ហើយគោលនយោបាយឈ្នះ-ឈ្នះ នេះហើយដែលបានបញ្ចប់សង្រ្គាម និងបានធ្វើការបង្រួបង្រួមជាតិឡើងវិញដោយជោគជ័យ ដែលផ្តោតលើចំណុចសំខាន់ៗចំនួន៣ដូចជា៖
១)ធានាការពារអាយុជីវិតប្រជាពលរដ្ឋក្នុងពេលធ្វើសមាហរណកម្ម
២)រក្សាអាជីពនិងមុខរបរជូនប្រជាពលរដ្ឋអោយនៅដដែល និង
៣)រក្សានូវកម្មសិទ្ធិ រួមទាំងទ្រព្យសម្បត្តិទាំងឡាយរបស់បងប្អូនប្រជាពលរដ្ឋដោយគ្មានការរឹបអូស ហើយមា​ន​សិទ្ធិសេរីភាពឈរជើងរស់នៅនិងប្រកបការងារជាធម្មតានៅទីតាំងនោះ។
លោក ផាន់ ចាន់ធុល បានមានប្រសាសន៍បញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី សែន បានដឹកនាំប្រទេសជាតិ ឆ្លងកាត់ដំណាក់កាលលំបាកៗជាច្រើន ជាពិសេសដំណាក់កាលគ្រប់គ្រងរដ្ឋាភិបាលខ្វះសាច់ប្រាក់ តែឥឡូវនេះគឺមន្ត្រីរាជការរបស់យើង ទទួលបានប្រាក់បៀរវត្សតាមធនាគារហើយ ហើយភាគច្រើនគឺបើកនៅសប្ដាហ៍ទី៣ នៃខែនីមួយៗបានទៀងទាត់ ដោយនៅឆ្នាំ២០១៨ នេះ ប្រាក់ខែគ្រូបង្រៀនគឺមិនតិចជាង ១លានរៀលនោះទេ ហើយនៅមានតម្លើងប្រាក់ខែជាបន្តបន្ទាប់ទៀតជារៀងរាល់ឆ្នាំ។
នៅក្នុងឱកាសនោះដែរ លោក អ៊ី ឈាន ក៏បានមានប្រសាសន៍បានអំពាវនាវដល់ លោកគ្រូ អ្នកគ្រូ និងមន្ត្រីអប់រំ ដែលជាសមាជិក សមាជិកា របស់គណបក្សប្រជាជនកម្ពុជាទាំងអស់ គឺត្រូវចូលរួមទាំងអស់គ្នាក្នុងចំណុច ៤សំខាន់ រួមមាន៖
១)ខិតខំរក្សានូវសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ឲ្យខាងតែបាន
២)បន្តចូលរួមក្នុងដំណើរការកំណែទម្រង់លើវិស័យអប់រំទាំងអស់គ្នាដើម្បីធ្វើឲ្យវិស័យនេះកាន់តែរីកចម្រើនថែមទៀត
៣)បន្តលើកកម្ពស់សមត្ថភាពគ្រូបង្រៀន ទន្ទឹមនឹងការលើកកម្ពស់ជីវភាពគ្រូបង្រៀនតាមរយៈកំណែទ្រង់ហិរញ្ញវត្ថុ គឺការតំឡើងប្រាក់បៀវត្តន៍ជូនដល់មន្ត្រីរាជការ
៤)ចំពោះលោកគ្រូ អ្នកគ្រូ និងមន្ត្រីអប់រំទាំងអស់ដែលជាសមាជិក សមាជិកាគណបក្ស គឺត្រូវរួមគ្នាគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាអោយបានគ្រប់ៗគ្នាដើម្បីធានាដល់ការងាររបស់ខ្លួន និងដើម្បីធានាសន្តិភាព និងការអភវិឌ្ឍ។

បើតាមរបាយការណ៍របស់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាបានឱ្យដឹងថា ក្នុងឆ្នាំសិក្សា ២០១៧-២០១៨ ខេត្តប៉ៃលិន មានសាលារៀនចំនួន ៨៣សាលា ក្នុងនោះ មត្តេយ្យសិក្សាចំនួន ២៥សាលា បឋមសិក្សាចំនួន ៤៩សាលា អនុវិទ្យាល័យចំនួន ៧សាលា និងវិទ្យាល័យចំនួន ២សាលា ដោយមានសិស្សានុសិស្សសរុបចំនួន ១៥៥១៩នាក់ ស្រី ៧៥៩៤នាក់ និងបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ ចំនួន ៧៥៣នាក់ ស្រី៣៣៩នាក់៕









No comments:

Post a Comment