Tuesday, July 10, 2018

ទស្សនះពលរដ្ឋ៖ ទោះជាមាន់មិនរងាវ ក៏ព្រះអាទិត្យនៅតែរះ!

សម្រែករបស់ក្រុមអ្នកនយោបាយរត់ចោលស្រុក ដែលកំពុងផ្ញើខ្លួននៅលើទឹកដីនៃចៅហ្វាយនាយបរទេស របស់ខ្លួននៅអំឡុងពេលការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឈានជិតមកដល់ បានឡើងខ្ពស់ហាក់ដូចជា​សត្វមាន់កំពុងតែស្លរឈាមរៀបនឹងស្លាប់ ដោយពួកគេខិតខំបំភ្លៃផងបំផ្លើសផង បំភ័ន្តនិងបំប៉ោងផង​លើស្ថានភាព​ពិតប្រាកដរបស់កម្ពុជា ដោយច្រៀងចម្រៀងដដែលៗដែលគេលែងជឿទៅ ហើយនោះថា​លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាស្លាប់និងស្ថានភាពនយោបាយនៅកម្ពុជាកាន់តែតឹងតែង និងអាក្រក់ទៅៗ។ តឹងតែង និងអាក្រក់ទៅគឺសម្រាប់តែក្រុមជនក្បត់ជាតិ និងអ្នកនយោបាយរត់ចោល​ស្រុកតែប៉ុន្មាន​ដំបរស្វាតែប៉ុណ្ណោះដែលបាននិងកំពុងផុងខ្លួន និងវណ្ឌកនឹងយុទ្ធសាស្ត្របែបលីលារបស់ចៅហ្វាយបរទេស និងមេចលនាឧទ្ទាមខុសច្បាប់ សម រង្ស៊ី ដើម្បីរំខានអុកឡុក និងក្រឡុកការបោះឆ្នោតនៅកម្ពុជា។ សម្រាប់ប្រជាជនខ្មែរកម្ពុជា ពេលគ្មានក្រុមខ្មោចបក្សសង្គ្រោះជាតិ គឺពោរពេញទៅដោយសេចក្តីសុខ សន្តិភាព ស្ថិរភាព និងភាពស្ងប់ស្ងាត់ និងប្រកបដោយសេចក្តីរីករាយបំផុត។
តាមពិតមានតែក្រុមអ្នកនយោបាយរត់ចោលស្រុក ក្រុមបំពុលសង្គមតាមហ្វេសប៊ុក​មួយចំនួនរួមនឹង​ប្រព័ន្ធ​ផ្សព្វផ្សាយបរទេស ដែលនៅក្រៅប្រទេសកម្ពុជាប៉ុណ្ណោះ ដែលជាអ្នកបំពុលសង្គមកម្ពុជា និងស្រែកបំផ្លៃ​ការពិតអំពីកម្ពុជា ដើម្បីបម្រើនយោបាយចៅហ្វាយនាយខ្លួន និងដើម្បីផលប្រយោជន៍ក្រុមខ្លួនមួយក្តាប់តូច។ ពួកគេជឿថា ប្រជាជនខ្មែរនឹងជឿលើការញុះញង់របស់ពួកគេ ជឿលើការប្រឌិតព័ត៌មានរបស់ពួកគេ បានជាខិតខំប្រឹងប្រែងនៅក្នុងការស្រែក និងបំពុលនៅលើប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ប៉ុន្តែពួកគេភ្លេចគិតថា ការភូតកុហករបស់គេជាច្រើនអាណត្តិមកនេះ ការយកឈាម និងសាកសព​ពលរដ្ឋខ្មែរស្លូតត្រង់ ដើម្បីធ្វើជាស្ពានចម្លងឆ្ពោះទៅរកការគ្រប់គ្រងអំណាចរបស់ពួកគេ គឺបានសាបគ្មានតម្លៃ និងគ្មានការចាប់អារម្មណ៍អស់ទៅហើយ។ ប៉ុន្តែដើម្បីការសងសឹក និងការបំផ្លាញនូវអ្វី ដែលខ្លួនមិនទទួលបាន ពួកគេសុខចិត្តធ្វើអ្វីៗទាំងអស់ដោយមិនអើពើនឹងច្បាប់ និងមិនញញើតក្នុងការសម្លាប់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស សេរីភាពនៅកម្ពុជាឡើយ។
ក្រុមអ្នកនយោបាយរត់ចោលស្រុក និងក្រុមបំពុលសង្គមតាមហ្វេសប៊ុក មួយចំនួននៅក្រៅស្រុកបាន​ព្យាយាម​ខិតខំញុះញង់ពលរដ្ឋ ឱ្យងើបប្រឆាំងនឹងរដ្ឋអំណាច បះបោរយកជីវិតទៅប្តូរ និងការពារទង្វើខុសច្បាប់របស់ខ្លួន ខណៈពួកខ្លួនកំពុងរស់នៅក្រៅប្រទេសបម្រើឱ្យរបៀបវារៈនយោបាយចៅហ្វាយនាយបរទេសខ្លួន និងចង់បំផ្លាញសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជារកបានដោយពិបាកនេះ។ ពួកគេរុញប្រជាពលរដ្ឋឱ្យលះបង់ជីវិតសម្រាប់ពួកគេ លះបង់សេចក្តីសុខដែលខ្លួនមាន ដើម្បីបម្រើនយោបាយ​ឱ្យពួកគេ។ ប៉ុន្តែពលរដ្ឋខ្មែរមិនបានចាញ់បោកការញុះញង់របស់ក្រុមនេះទៀតឡើយ។ ដូច្នេះហើយបានជា នៅពេលមានកាអំពាវនាវញុះញង់ពលរដ្ឋធ្វើអ្វីខុសច្បាប់ ពលរដ្ឋមិនចាប់អារម្មណ៍ និងមិនលង់តាម​ការ​បោកប្រាស់នេះទៀតទេ ហើយពលរដ្ឋក៏មិនជឿពួកគេទៀតដែរ។ ទោះបីជាពួកគេខំស្រែក ខំបំប៉ោង និងខំបំភ្លៃយ៉ាងណាក៏ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នឹងប្រព្រឹត្តទៅជាធម្មតា ដោយមិនខ្វល់នឹងសម្រែកញុះញង់ និងគ្មានតម្លៃរបស់ក្រុមអ្នកនយោបាយប្រឆាំងក្រៅច្បាប់ និងក្រុមបំពុល​សង្គមឡើយ ពោលគឺទោះបីជាមាន់មិនរងាវ ក៏ថ្ងៃនៅតែរះដែរ!!

ដោយ៖ ពល ពានរិន្ទ
រាជធានីភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៨



No comments:

Post a Comment