Thursday, January 11, 2018

នាយករដ្ឋមន្ដ្រីចិន អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋរួចបន្តទៅកាន់វិមានសន្តិភាព

ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេលមួយថ្ងៃនៅកម្ពុជា នៅវេលាម៉ោងជាង៩៖១០ព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង បានអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ បន្ទាប់មកអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នៅមណ្ឌបព្រះបរមរតនកោដ្ឋ ដែលនៅក្បែរវិមានឯករាជ្យនោះ។

បើតាមការគ្រោងទុក ក្រោយពីបញ្ចប់ការដាក់កម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរត​នកោដ្ឋហើយនោះ លោកនាយករដ្ឋមន្ត្រីចិន នឹងបន្តដំណើរទៅកាន់វិមានសន្តិភាពដើម្បីជួបសំ​ណេះសំណាលទ្វេភាគីជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ បន្ទាប់ពីជំនួបសំណេះ​សំណា​លទ្វេភាគី និងកិច្ចប្រជុំចង្អៀតរួចហើយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក លី ខឺឈាង នឹងអញ្ជើញធ្វើជាអធិបតីចុះហត្ថលេខាលើឯកសារសំខាន់មួយចំនួន និងពិធីប្រកាសជាផ្លូវការអំពីគម្រោង «ដំណើរនៃក្ដីស្រលាញ់ពីបេះដូង» នៅកម្ពុជា ដែលគម្រោងនេះផ្តល់ជាជំនួ​យឥតសំ​ណងសម្រាប់គម្រោងសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និងមន្ទីរពេ​ទ្យខេត្តត្បូងឃ្មុំនិងគម្រោងប្លង់ស្ថាបត្យកម្មអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។

បន្ទាប់ពីបញ្ចប់ជំនួបទ្វេភាគីជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក លី ខឺឈាង នឹងបន្តដំ​ណើរចូលថ្វាយបង្គំគាល់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។ ក្រោយជួបសវនាការជាមួយព្រះមហាក្សត្រខ្មែរ នៅរសៀលថ្ងៃដដែល លោក លី ខឺឈាង នឹងអញ្ជើញចូលរួមលាងសាយភោជន៍ពេលថ្ងៃត្រង់ដែលរៀបចំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅវិមានសន្តិភាព។ ក្រោយពីពិធីលាងសាយភោជន៍ លោក លី ខឺឈាង នឹងត្រូវឡើងយន្តហោះចាកចេញពីកម្ពុជានៅវេលាម៉ោងប្រមាណ២រសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ដដែលនោះ៕






No comments:

Post a Comment