Thursday, January 11, 2018

កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានបញ្ចប់ដោយជោគជ័យ

កិច្ចប្រជុំកំពូលលើកទី២ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានបិទបញ្ចប់ហើយ នៅវេលាម៉ោង១៨៖៤០នាទីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិនធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលមួយនេះ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ លោក មិន ស្វេ អនុប្រធានាធិបតីមីយ៉ាន់ម៉ា លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីថៃ និង លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២ ធ្វើឡើងក្រោមមូលបទ «ទន្លេរបស់យើងដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព»។ ថ្នាក់ដឹកនាំប្រទេសទាំង៦ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានពិភាក្សាលើបញ្ហាសំខាន់ៗ ដើម្បីអភិវឌ្ឍអនុតំបន់ទន្លេមេគង្គ ផ្តោតជាសំខាន់ទៅលើការតាំងចិត្ត ក្នុងការរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពនៃអនុតំបន់ទន្លេមេគង្គ។

កិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី២នេះ ក៏បានពិភាក្សាផ្តោតសំខាន់ដល់កិច្ចសហប្រតិបត្តិការ អភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសអនុតំបន់ ការធ្វើឲ្យប្រសើរឡើងសុខមាលភាពប្រជាជន ការបង្រួញគំលាតអភិវឌ្ឍក្នុងចំណោមប្រទេស ដើម្បីគាំទ្រដល់ការកសាងសហគមន៍អាស៊ាន និងការជំរុញកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ដើម្បីរួមចំណែកបន្ថែមទៀត ដល់ការអនុវត្តរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៕





No comments:

Post a Comment