Thursday, January 11, 2018

កាកបាទក្រហមខេត្តស្វាយរៀង បើកចំកិច្ចប្រជុំបូក​សរុបលទ្ធផល​ការងារ​ប្រចាំឆ្នាំ២០១៧ ​និងលើក​ទិសដៅ​សម្រាប់អនុវត្ត​បន្តឆ្នាំ២០១៨​

ស្វាយរៀង៖ នៅថ្ងៃព្រហស្បតិ៍១០រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១១ ខែមករា ឆ្នាំ២០១៨នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានបើកចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០១៨ ដោយមានការចូលរួមពីលោក ម៉ែន វិបុល អភិបាលខេត្ត ប្រធានគណៈកម្មាធិការសាខា លោក លោកស្រី សមាជិក សមាជិការ គណៈកម្មាធិការសាខាក្រុមប្រតិបត្តិសាខា ព្រមទាំង លោក លោកស្រីជាប្រធាន អនុប្រធានគណៈកម្មាធិការ អនុសាខាទាំង៨ ក្រុងស្រុក សរុបចំនួន២៤នាក់។

នាឱកាសនោះ លោក ម៉ែន វិបុល បានមានមតិលើកឡើងដោយអបអរសាទរ ចំពោះការចូលរួមរបស់គណៈអភិបាលនៃគណៈកម្មាធិការសាខា និងអនុសាខានាពេលនេះ សរបញ្ជាក់ឲ្យឃើញនូវស្មារតី និងការទទួលខុសត្រូវ ចំពោះសកម្មាភាពដែលបានអនុវត្តន៍កន្លងមក ស្របទៅនឹងយុទ្ធសាស្ត្រទស្សនៈវិស័យ និងបេសកម្ម សកម្មភាពការងារ ក្នុងវិស័យ មនុស្សធម៌ រួមចំណែកកាត់បន្ថយភាពក្រីក្រជួយដល់ជនងាយរងគ្រោះបំផុត។

មានប្រសាសន៍បូកសរុបកិច្ចប្រជុំ លោកប្រធានគណៈកម្មាធិការសាខា បានឯកភាពក្នុងការកែរលំអរអគារទីស្នាក់ការសាខា និងអនុសាខា ដោយលោកបានសំណូមពរដល់អនុសាខាទាំង៨ ក្រុង ស្រុក ត្រូវពង្រឹងបន្ថែមលើការងាររដ្ឋបាល និងហិរញ្ញវត្ថុ ការងារស្វែងរកមូលនិធិត្រូវជួយកៀងគរមន្ថែម ដោយផ្តោតសំខាន់ទៅលើការរៀបចំ និងការប្រព្រឹត្តទៅនៃការងារស្នូលរបស់សាខា និងអនុសាខាទាំងអស់បានអនុវត្តតាមវិស័យស្នូលទាំង៤ ឲ្យមានដំណើរការល្អស្របតាមអាណត្តិនៃការងារ ទោះបីមានការខ្វះចន្លោះក្នុងការចូលរួមរបស់គណៈកម្មាធិការសាខា មិនបានគ្រប់សមាសភាពក៏ដោយ ក៏យើងនៅមានសមាជិក សមាជិការសកម្មក្នុងចលនាជួយបំផុសគំនិត និងការផ្តួចផ្តើមឲ្យមានដំណើរការល្អ។ ចំពោះអនុសាខា បើទោះបីការអនុវត្តទៅមានភាពខុសគ្នា មានចំណុចខ្លាំង និងចំណុចខ្សោយ ក៏នៅតែខិតខំប្រឹងប្រែងយកអស់ស្មារតីទទួលខុសត្រូវក្នុងការដោះស្រាយគ្រោះមហន្តរាយជូនប្រជាពលរដ្ឋដែលរងគ្រោះឲ្យបានទាន់ពេលវេលា៕


No comments:

Post a Comment