Thursday, January 11, 2018

នាយឧត្តមសេនីយ៍ គន់ គីម ប្រាប់អតីតយុទ្ធជនឲ្យចូលរួមអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព តាមរយៈការធ្វើភ្នាក់ងារប៉ុស្ដិ៍រដ្ឋបាលឃុំ

នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការអតីតយុទ្ធជនកម្ពុជា បានប្រាប់ទៅ​អតីតយុទ្ធជនទាំងអស់ សូមចូល​រួមក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព តាមរយៈនៃការស្ម័គ្រចិត្ត ធ្វើជាភ្នាក់ងារឲ្យ​ប៉ុស្តិរដ្ឋ​បាល​​​​ឃុំ ដើម្បីផ្តល់ព័ត៌មាន អំពីល្បែងស៊ីសង ការចរាចរគ្រឿងញៀន និងបទល្មើសផ្សេងៗ ក្នុងសហគមន៍​ដើម្បីឲ្យសមត្ថកិច្ច​បង្ក្រាបឲ្យមានប្រសិទ្ធភាព និងធានាថាភូមិ​ឃុំ​ មានសន្តិសុខ សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា​គ្រួសាររស់នៅ​មានសុភមង្គល​។

ការ​ថ្លែងបែបនេះ របស់នាយឧត្តមសេនីយ៍ គន់ គីម ត្រូវបានធ្វើឡើង ក្នុងឱកាស​ជួបសំណេះ​សំណាល ជាមួយ​អតីតយុទ្ធជន​ដែលកំពុងរស់នៅក្នុងសហគមន៍ សំសាន្ត ស្ថិតនៅភូមិរហាលទិល ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ជាមួយនឹងការផ្តាំផ្ញើសួរសុខទុក្ខពីលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន នោះ​នាយឧត្តមសេនីយ៍ គន់ គីម បានអំពាវនាវឲ្យអតីតយុទ្ធជនទាំងអស់ ត្រូវចេះរួបរួមសាមគ្គីគ្នា ចេះគោរព​ស្រឡាញ់ ជួយគ្នាទៅវិញទៅមក​ដូចបងប្អូនរួមផ្ទៃតែមួយ។ ​ក្នុងការរស់នៅ​ត្រូវរួមគ្នា ជួយសំអាត ភូមិស្ថាន ផ្ទះសម្បែងឲ្យមានអនាម័យ បរិស្ថានល្អ និងខិតខំដាំដំណាំរួមផ្សំ ដំណាំហូបផ្លែ​នានា​ដើម្បីលើកកម្ពស់ជីវភាព​។

ទន្ទឹមនោះ​ត្រូវជឿជាក់​ស្មោះស្ម័គ្រ​គាំទ្រការដឹកនាំ​របស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និង​ជា​ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ហើយប្តេជ្ញា ការពារឲ្យបានគង់វង្ស មរតកសន្តិភាព ដែល​បាន​មកពី​ការលះបង់ដ៏ធំធេងរបស់បងប្អូន​ក្រោមនយោបាយឈ្នះ ឈ្នះ របស់លោកនាយករដ្ឋមន្រ្ដី ។

សូមបញ្ជាក់ថា សហគមន៍​សំសាន្ត​នេះ ត្រូវបានរាជរដ្ឋាភិបាល​បង្កើតឡើង ក្នុងអំឡុងខែ​ធ្នូ ឆ្នាំ​២០១១ ដោយរៀបចំឲ្យមានហេដ្ឋារចនាសម្ព័ន្ធ និងសង់លំនៅដ្ឋាន ប្រភេទផ្ទះថ្ម​៦០​ខ្នង និងប្រភេទផ្ទះឈើ​១៤០​ខ្នង ប្រគល់ជូនអតីតយុទ្ធជនក្រីក្រ​២០០​គ្រួសារ បានរស់នៅ​រួមជាមួយ​ការផ្តល់ដីកសិកម្ម សម្រាប់បង្កបង្កើនផល ដោះស្រាយជីវភាព​ផងដែរ ​៕





No comments:

Post a Comment