Wednesday, December 06, 2017

អ្នកនាំពាក្យក្រសួងមហាផ្ទៃ ចំអកឱ្យទណ្ឌិត សម រង្ស៊ី ថាខ្វះការយល់ដឹងជ្រៅពី CPP

នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧នេះ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចំអកឱ្យទណ្ឌិត សម រង្ស៊ី ដែលកំពុងពួនសម្ងំនៅក្រៅប្រទេសថា ពុំមានការយល់ជ្រៅពីគណបក្សប្រជាជនកម្ពុជាទាល់តែសោះ ហើយលោកចាត់ទុកថា អ្វីដែលទណ្ឌិត សម រង្ស៊ី លើកឡើងថា មេដឹកនាំ CPP បែកបាក់គ្នានោះ គឺជារឿងគួរឱ្យអស់សំណើច និងគ្រាន់តែយុទ្ធសាស្រ្តកំប៉ិកកំប៉ុក ដើម្បីលួងចិត្តសកម្មជនរបស់ខ្លួនដែលកំពុងវឹកវរ ក្រោយរំលាយអតីតគណបក្សសង្រ្គោះជាតិតែប៉ុណ្ណោះ។

ការចំអកពីល្បិចរបស់ ទណ្ឌិត សម រង្ស៊ី ពីសំណាក់ លោក ខៀវ សុភ័គ បានធ្វើឡើងបន្ទាប់ពី ទណ្ឌិត សម រង្ស៊ី បានថ្លែងអួតប្រាប់សមាជិករបស់ខ្លួន នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ថា ក្បាលម៉ាស៊ីនគណបក្សប្រជាជនកម្ពុជា កំពុងបែកបាក់ ទើបមានការរំលាយអតីតគណបក្សសង្រ្គោះជាតិ ហើយបំផុសថា នៅមុនពេលរំលាយគឺ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទាក់ទងជាមួយលោក កឹម សុខា។

លោក ខៀវ សុភ័គ បានថ្លែងថា លោក សម រង្ស៊ី ពេលនេះកំពុងទាល់ច្រក ហើយនិយាយអ្វីដោយរវើរវាយ។ លោកថ្លែងបន្តថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដ៏រឹងមាំ ហើយសាមគ្គីភាពរវាងមេដឹកនាំកំពូលៗនេះ បានចាក់ឫសយ៉ាងជ្រៅរាប់សិបឆ្នាំមកហើយ។
លោកបានបន្តថា «បើគ្មានសាមគ្គីភាពខ្លាំងនៅក្នុងផ្ទៃក្នុងបក្សទេ មិនអាចដឹកនាំប្រទេសបានទេ ជាពិសេសមិនអាចរំលាយអតីតគណបក្សសង្រ្គោះជាតិបានថែមទៀត។ សាមគ្គីភាពផ្ទៃក្នុងនេះ ក៏បានរំលាយទាំងចលនាខ្មែរក្រហមថែមទៀតផង»។

លោក ខៀវ សុភ័គ បានបញ្ជាក់ទៀតថា អ្វីដែលទណ្ឌិត សម រង្ស៊ី និងក្រុមអ្នកប្រឆាំងងប់ងុល មិនបានដឹងនោះ គឺលោកឧបនាយករដ្ឋមន្ត្រី ស ខេង តែម្តង ដែលជាអ្នកប្តឹងឱ្យតុលាការកំពូលរំលាយអតីតគណបក្សសង្រ្គោះជាតិ ហើយឃាត់ខ្លួនទាំងលោក កឹម សុខា ផងដែរ។ លោក ខៀវ សុភ័គ បន្ថែមទៀតថា លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានចាត់តាំងឱ្យប្រមែប្រមូលភស្តុតាង និងឯកសារសកម្មភាពនានា ដែលពាក់ព័ន្ធនឹងអំពើក្បត់ជាតិ របស់អតីតគណបក្សសង្រ្គោះជាតិ តាំងពីបង្កើតបាតុកម្ម នៅឆ្នាំ២០១៣ ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាមកម្ល៉េះ។

គួរបញ្ជាក់ថា គិតរហូតដល់ពេលនេះ មានរយៈពេលជាង១ខែហើយ ដែលអតីតគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយដោយតុលាការកំពូល បន្ទាប់ពីរកឃើញថា គណបក្សនេះ ពាក់ព័ន្ធនឹងអំពើក្បត់ជាតិ ដោយឃុបឃិតជាមួយបរទេស ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់។ ការរំលាយនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួន លោក កឹម សុខា ក្រោយបែកធ្លាយវីដេអូមួយ ដែលបង្ហាញថា អតីតមេដឹកនាំបក្សប្រឆាំង បានធ្វើអ្វីៗតាមការបង្គាប់បញ្ជារបស់បរទេស ដោយយកគំរូតាមចលនា បដិវត្តពណ៌នៅប្រទេសស៊ែបប៊ី និងយូហ្គោស្លាវី ដើម្បីមកអនុវត្តនៅកម្ពុជា៕



No comments:

Post a Comment