Wednesday, December 06, 2017

ប្រជាជនស្រុកគិរីវង់អបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោក ស្យុង ប៉ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីជាមួយ លោក សុខ សូកាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ក្នុងពិធីប្រគល់ទទួល សម្ភារការិយាល័យ និងការចុះពិនិត្យការដ្ឋានសាងសង់អគារសិក្សា និងស្ថានីយបូមទឹក

ខេត្តតាកែវ ៖ លោក ស្យុង ប៉ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោក សុខ សូកាន អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តតាកែវ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួលសម្ភារការិយាល័យ ជាជំនួយរបស់ស្ថានឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋប្រជាមានិតចិន នៅសាលាស្រុកគិរីវង់ និងដំណើរចុះពិនិត្យការដ្ឋានសាងសង់អគារសិក្សា១ខ្នង ២ជាន់ ស្មើនឹង១២បន្ទប់ និង ស្ថានីយបូមទឹកមួយកន្លែង ដែលជាគម្រោងជំនួយរបស់មិត្តចិន។

ក្នុងពិធីនេះដែរក៏មានការចូលរួមពី លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ព្រមទាំងមន្ត្រីរាជការ យុវជន សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាយរឹទ្ធិជាតិកម្ពុជា និងយុវជនកាកបាទក្រហម ព្រមទាំង ប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

សូមបញ្ជាក់ថា សម្រាប់សម្ភារការិយាល័យ ដែលប្រគល់ដោយ ឯកអគ្គរដ្ឋទូតចិន ក្នុងពិធីនេះរួមមាន៖ កុំព្យូទ័រយួរដៃ ១៦៨គ្រឿង, កុំព្យូទ័រលើតុ ២០គ្រឿង, ដុំ WiFi ២០គ្រឿង, និងម៉ាស៊ីន Scanner ១៥គ្រឿង។

ក្នុងឱកាសនោះ លោក ស្យុង ប៉ ឯកអគ្គរដ្ឋទូតចិន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ សមិទ្ធផល និងការអភិវឌ្ឍនានារបស់ស្រុកគិរីវង់ ក៏ដូចជាការរីកចំរើនលូតលាស់ លើគ្រប់វិស័យរបស់កម្ពុជា ទាំងមូលផងដែរ។ លោក ស្យុង ប៉ បានថ្លែងបន្តថា លោកមានក្តីនឹករលឹកដល់ លោកឧបនាយករដ្ឋមន្រ្ដី សុខ អាន នៅពេលដែលលោក បានមកដល់ស្រុកកំណើត របស់លោកឧបនាយករដ្ឋមន្ត្រីផ្ទាល់ នាពេលនេះ និងបានមានប្រសាសន៍ថា លោកឧបនាយករដ្ឋមន្រ្ដី គឺជាមិត្តចាស់របស់ប្រទេសចិន។ លោក ស្យុង ប៉ បានសង្កត់ធ្ងន់ថា ប្រទេសចិននឹងនៅជាមួយកម្ពុជាគ្រប់កាលៈទេសៈ ដើម្បីថែរក្សាស្ថេរភាពនយោបាយ សន្តិភាព និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យក្លាយជាប្រទេសរីកចំរើនខ្លាំងក្លាមួយក្នុងតំបន់។

លោក សុខ សូកាន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ បានលើកឡើងថា តាមរយៈជំនួយជាសម្ភារការិយាល័យ និងអគារសិក្សា១ខ្នង ព្រមទាំងវត្តមានរបស់លោក ស្យុង ប៉ ចុះពីនិត្យស្ថានីយបូមទឹក នៅស្រុកគិរីវង់ នាពេលនេះ គឺពិតជាឆ្លុះបញ្ចាំងឱ្យឃើញ ពីទំនាក់ទំនង យ៉ាងរឹងមាំ និងការស្រលាញ់រាប់អាន របស់មហាមិត្តចិនចំពោះប្រជាជនខេត្តតាកែវ និងស្រុកគិរីវង់។

លោកបន្តថា ទំនាក់ទំនងកម្ពុជាចិន នាពេលចុងក្រោយនេះ គឺឈានដល់កម្រិតកំពូល ក្រោមការដឹកនាំ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកប្រធានាធិបតី ស៊ី ជិនពីង។ លោក សុខ សូកាន ក៏បានរំលឹក អំពីស្នាដៃរបស់ លោកឧបនាយករដ្ឋមន្រ្ដី សុខ អាន ដែលជាឥស្សរជនគន្លឹះឆ្នើមមួយរូប ដែលបានចូលរួមដឹកនាំការងារគន្លឹះសំខាន់ៗរបស់ជាតិជាច្រើន ប្រកបដោយសុភវិនិច្ឆ័យ ជាពិសេសការងារជំរុញរឹតចំណងមិត្តភាពកម្ពុជា-ចិន។
អ្នកតំណាងរាស្ត្រវ័យក្មេងមណ្ឌលតាកែវរូបនេះ បានសង្កត់ធ្ងន់ថា រាល់ទំនាក់ទំនងកម្ពុជា-ចិន គឺបង្ហាញយ៉ាងច្បាស់អំពីសារសន្តិភាព ក្នុងបំណងល្អជួយគ្នាទៅវិញទៅមក ដើម្បីការរីកចម្រើន ការកសាងស្ពានទំនាក់ទំនងពាណិជ្ជកម្ម និងការកសាងកិច្ចសហប្រតិបត្តិការល្អ។ ឈរលើមូលដ្ឋាននេះ លោក សុខ សូកាន បានបញ្ជាក់ថា ប្រទេសចិនពិតជាយល់សុខទុក្ខរបស់កម្ពុជា និងបានចូលរួមគាំទ្រដល់រាល់ការអភិវឌ្ឍរបស់កម្ពុជា ដែលស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន។

បន្ទាប់ពីពិធីប្រគល់ទទួលសម្ភារការិយាល័យទាំងរួចមក គណៈអធិបតីក៏បានអញ្ជើញពិនិត្យអគារសិក្សា១ខ្នង ដែលកំពុងសាងសង់ មាន២ជាន់ ស្មើនឹង១២បន្ទប់ នៅវិទ្យាល័យ សុខ អាន ទន្លាប់ និងពិនិត្យស្ថានីយ៍បូមទឹកមួយកន្លែង នៅក្នុងឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ដែលជាគម្រោងជំនួយរបស់មិត្តចិនផងដែរ៕












No comments:

Post a Comment