Wednesday, December 06, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហៅការញុះញង់ឱ្យកងកម្លាំងប្រដាប់អាវុធប្រឆាំងរាជរដ្ឋាភិបាល គឺជាអំពើក្បត់ជាតិតជំនាន់

នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ម្សិលមិញមានការប្រកាសសង្រ្គាមពីជនក្បត់ជាតិ ដែលជាការក្បត់ជាតិតជំនាន់ ឪពុកក៏ក្បត់ជាតិ កូនក៏ក្បត់ជាតិ។ ឪពុកក្បត់សម្តេចព្រះបិតាជាតិរបស់យើង ហើយព្រះអង្គទ្រាំមិនបាន ទីចុងបំផុតជនក្បត់ជាតិនោះក៏ត្រូវស្លាប់តៃហោង។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងដូចនេះ ក្នុងឱកាសជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយកម្មករកម្មការិនី ជាង១ម៉ឺន៥ពាន់នាក់ មកពីរោងចក្រនានានៅតំបន់អូឌឹម ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តថា ទង្វើក្បត់ដែលតពីឪពុកមកដល់កូន គឺបានបង្ហាញតាមរយៈការអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធ បះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់។ លោកបន្តថា បើសិនជាកងទ័ពបះបោរមែននោះ សួរថា មានអ្វីដែលវានឹងកើតឡើង? គឺសង្រ្គាមវានឹងផ្ទុះឡើង តើអ្នកទាំងអស់គ្នាបានទទួលផលអ្វីខ្លះ? លោកនាយករដ្ឋមន្ត្រីបន្ថែមថា ការងារ ឬលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍ វាមិនចាប់កំណើតក្នុងផ្ទៃនៃសង្រ្គាមទេ វាចាប់កំណើតក្នុងផ្ទៃនៃសន្តិភាពតែប៉ុណ្ណោះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានព្រមានទៅជនក្បត់ជាតិថា អ្នកឯងស្គាល់សភាពការណ៍កម្ពុជាតិចពេកហើយ, ស្គាល់កម្លាំងប្រដាប់អាវុធនៅកម្ពុជាតិចពេកហើយ ហើយអ្នកស្គាល់ប្រជាជនកម្ពុជាតិចពេកហើយ។ ប្រជាជនកម្ពុជា បើទោះបីនៅលំបាកប៉ុន្តែប្រជាជាតិមួយនេះ ស្រឡាញ់សុខសន្តិភាព នឹងមិនលុះទៅដោយអំពើញុះញង់អកុសលរបស់អ្នកទេ។ លោក ហ៊ុន សែន បានលើកឡើងថា សូមមើលអតីតកាលរបស់យើង ជីដូនជីតា និងឪពុកម្តាយរបស់យើង បានឆ្លងកាត់រឿងរ៉ាវវេទនាច្រើនណាស់ ទម្រាំមានឱកាសដូចសព្វថ្ងៃនេះ៕









No comments:

Post a Comment