Tuesday, December 05, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឧទ្ទិសសមិទ្ធិផលនៃចលនាកាយរឹទ្ធិជូនចំពោះលោកឧបនាយករដ្ឋមន្រ្តី សុខ អាន

នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា សូមឧទ្ទិសសមិទ្ធិផលដ៏ត្រចះត្រចង់នេះ ជូនចំពោះលោកឧបនាយករដ្ឋមន្រ្តី សុខ អាន និងមេដឹកនាំកាយរឹទ្ធិទាំងអស់ ដែលបានលះបង់ និងធ្វើពលីកម្មគ្រប់បែបយ៉ាង ដល់ចលនាកាយរឹទ្ធិកម្ពុជានាពេលកន្លងមក។ លោកនាយករដ្ឋមន្ត្រីបានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព នៅក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា ដែលធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរំលឹកឡើងវិញអំពីកិច្ចខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្តរបស់លោកឧបនាយករដ្ឋមន្រ្តី សុខ អាន ដែលបានរួមចំណែកចាប់តាំងពីមហាសន្និបាតលើកទី១ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០០៦ នៃការបង្កើតចលនាកាយរឹទ្ធិកម្ពុជាឡើងវិញ និងបានជំរុញការអភិវឌ្ឍចលនាកាយរឹទ្ធិកម្ពុជារហូតបានទទួលស្គាល់ជាសមាជិកពេញសិទ្ធិរបស់អង្គការពិភពលោកនៃចលនាកាយរឹទ្ធិនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០០៨ និងបានធ្វើឱ្យចលនាកាយរឹទ្ធិជាតិកម្ពុជា ត្រូវបានទទួលស្គាល់កាន់តែទូលំទូលាយ ទាំងនៅលើឆាកជាតិ និងអន្តរជាតិ។

ក្នុងឱកាសនោះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្តែងនូវការកោតសរសើរ ចំពោះស្មារតីប្រកបដោយការទទួលខុសត្រូវ របស់លោក លោកស្រី ថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា និងកាយរឹទ្ធិកម្ពុជា ក្នុងការអនុវត្តបានយ៉ាងល្អ ទៅតាមតួនាទីនិងភារកិច្ចរបស់ខ្លួន ព្រមទាំងខិតខំប្រឹងប្រែងជំរុញលើកទឹកចិត្ត និងទាក់ទាញឱ្យមានកិច្ចសហការ និងការចូលរួមពីសំណាក់មាតាបិតាគ្រប់រូប ប្រជាជនក្នុងសហគមន៍ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដើម្បីលើកកម្ពស់ និងកសាងយុវវ័យកម្ពុជាក្នុងកម្មវិធី និងវិធីសាស្រ្តកាយរឹទ្ធិជាតិកម្ពុជា៕




No comments:

Post a Comment