Tuesday, December 05, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់អនុសាសន៍៦ចំណុចដល់ក្រុមប្រឹក្សាកាយរឹទ្ធិជាតិកម្ពុជា

នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពនៅក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា ដែលធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់អនុសាសន៍៦ចំណុចដល់ក្រុមប្រឹក្សាកាយរឹទ្ធិជាតិកម្ពុជា។

អនុសាសន៍ទាំង៦ចំណុច ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់ដល់ក្រុមប្រឹក្សាកាយរឹទ្ធិជាតិកម្ពុជានាឱកាសនោះរួមមាន៖
១-ក្រុមប្រឹក្សាជាតិកម្ពុជា ថ្នាក់ជាតិ រាជធានីខេត្ត ស្រុកខណ្ឌ ត្រូវពង្រឹក និងជំរុញចលនាកាយរឹទ្ធិឱ្យមានការចូលរួមស្ម័គ្រចិត្តបន្ថែមទៀត និងអប់រំបណ្តុះបណ្តាលដើម្បីពង្រឹកសមត្ថភាពឱ្យកាន់តែល្អប្រសើរ។
២-កាយរឹទ្ធិកម្ពុជាត្រូវយកចិត្តទុកដាក់ជ្រើសរើសសមាជិកកាយរឹទ្ធិបន្ថែមទៀត ហើយត្រូវមានការចាត់តាំងមេដឹកនាំកាយរឹទ្ធិដែលមានសមត្ថភាព និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលរួមជាបេក្ខជនប្រកួតប្រជែងក្នុងចលនាកាយរឹទ្ធិពិភពលោក។
៣-បន្តការខិតខំប្រឹងប្រែង រៀបចំផែនការរយៈពេលវែង មធ្យម និងខ្លី របស់ខ្លួនក្នុងការបង្កើតមូលនិធិកាយរឹទ្ធិ ដើម្បីជួយកាយរឹទ្ធិគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស។
៤-ត្រូវបន្តរៀបចំ និងបង្កើតប្រសិទ្ធភាពគ្រប់គ្រង សកម្មភាពការងារ កាយរឹទ្ធិរាជធានី ខេត្ត ស្រុក ខណ្ឌ ដើម្បីឱ្យមានដំណើរការកាន់តែល្អប្រសើរឡើង និងត្រូវរៀបចំគោលនយោបាយ និងកម្មវិធីសម្រាប់កាយរឹទ្ធិជាពិសេសត្រូវយកចិត្តទុកដាក់ ប្រមូលផ្តុំកម្លាំងកាយរឹទ្ធិទាំងអស់ ដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ដែលមកបន្តការសិក្សានៅឧត្តមសិក្សាទាំងសាធារណៈ និងឯកជន។
៥-បង្កើតកិច្ចសហប្រតិបត្តិការល្អ ជាមួយអង្គការពិភពលោក នៃចលនាកាយរឹទ្ធិ ដើម្បីចូលរួមក្នុងការបណ្តុះបណ្តាលកាយរឹទ្ធិ និងបណ្តុះបណ្តាល មេកាយរឹទ្ធិ ដើម្បីផ្លាស់ប្តូរការបណ្តុះបណ្តាលជំនាញផ្សេង។
៦-ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីរៀបចំកម្មវិធីទិវាទកាយរឹទ្ធិ ក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំដូចជា ការបោះជំរុំ ការជួបជុំកាយរឹទ្ធិប្រចាំឆ្នាំ និងទិវាសំខាន់ៗដទៃទៀត។

នៅក្នុងមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជាថ្ងៃនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានជ្រើសតាំងជាគរុគុណកាយរឹទ្ធិជាតិម្ពុជា។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទួលយកនូវការផ្តល់គោរម្យងារ និងតួនាទីនេះដោយសេចកក្តីរីករាយបំផុត៕








No comments:

Post a Comment