Tuesday, December 05, 2017

លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ៖ ការចាត់វិធានការរបស់ស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ស្របទៅតាមច្បាប់របស់កម្ពុជា

លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជម្រាបជូន ក្រុមឯកអគ្គរដ្ឋទូតប្រចាំកម្ពុជាមាននិវេសដ្ឋាននៅទីក្រុងបាងកក ថា ការចាត់វិធានការរបស់ស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ គឺស្របទៅតាមច្បាប់របស់កម្ពុជា។

ឆ្លើយតបនឹងការព្រួយបារម្ភ ពីសភាពការណ៍នយោបាយនៅកម្ពុជា របស់ ក្រុមឯកអគ្គរដ្ឋទូតប្រចាំកម្ពុជាមាន និវេសដ្ឋាននៅទីក្រុងបាងកក លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា ចំពោះករណីលោក កឹម សុខា និងការសំរេចរបស់តុលាការកំពូលរំលាយអតីតគណបក្សសង្គ្រោះជាតិ គឺមានភស្តុតាងជាក់ស្តែង ហើយការចាត់វិធានការនានារបស់ស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ស្របទៅតាមច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននានារបស់កម្ពុជា។ លោកទេសរដ្ឋមន្ត្រីបន្តថា វិធានការរបស់រាជរដ្ឋាភិបាលគឺដើម្បី រក្សាអោយបាននូវផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ប្រទេសជាតិ គឺឯករាជ្យ អធិបតេយ្យភាព ប្រឆាំងការ ជ្រៀតជ្រែករបស់បរទេសចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា និងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមមធ្យោបាយមិនមែនប្រជាធិបតេយ្យ និងការធ្វើបដិវត្តពណ៌។

គួរបញ្ជាក់ថា ក្រុមឯកអគ្គរដ្ឋទូតប្រចាំកម្ពុជាមាននិវេសដ្ឋាននៅទីក្រុងបាងកក គឺរួមមាន៖ ឯកអគ្គរដ្ឋទូតកាណាដា លោកស្រី Donica Pottie, ឯកអគ្គរដ្ឋទូតហ្វាំងឡង់ លោកស្រី Sattu Suikkari Kleven, ឯកអគ្គរដ្ឋទូតស្វីស លោក Ivo Sieber, ឯកអគ្គរដ្ឋទូតដាណឺម៉ាក លោក Uffe Wolff និង ភារៈធារីស្តី ទីស្ថានទូតនូវែលហ្សឺឡង់។ ការជម្រាបជូនក្រុមឯកអគ្គរដ្ឋទូតខាងលើ ធ្វើឡើងនៅក្នុងជំនួបរវាង លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន និងក្រុមឯកអគ្គរដ្ឋទូតប្រចាំកម្ពុជាមាននិវេសដ្ឋាននៅទីក្រុងបាងកក នាថ្ងៃទី២៩ វិច្ឆិកា កន្លងទៅ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ៕



No comments:

Post a Comment