Tuesday, December 05, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញចូលរួមបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា

នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា ដែលធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ដែលមហាសន្និបាតនេះ រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានសេចក្តីរីករាយយ៉ាងខ្លាំង ដែលបានចូលរួមបិទមហាសន្និបាតកាយរឹទ្ធិជាតិកម្ពុជានាពេលនេះ ហើយបានកោតសរសើរចំពោះអង្គមហាសន្និបាត ក្រុមការឹទ្ធិកម្ពុជា និងមន្ត្រីក្រសួងអប់រំ ដែលបានចូលរួមក្នុងចលនាកាយរឹទ្ធិកម្ពុជាកន្លងមក ជាពិសេសលោកបានរំលឹកនូវការខិតខំប្រឹងប្រែង របស់លោកឧបនាយករដ្ឋមន្រ្តី សុខ អាន ដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការជំរុញចលនាកាយរឹទ្ធិកម្ពុជា។
សូមបញ្ជាក់ថា កាយរឹទ្ធិជាតិកម្ពុជា ត្រូវបានបង្កើតដំបូងមានឈ្មោះថាអង្គការខេមរកាយរឹទ្ធិកម្ពុជា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៣៤ ក្រោមការដឹកនាំរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីរ៉េត ជាមួយថ្នាក់ដឹកនាំផ្សេងទៀត។ ជំនាន់ដំបូង នៃខេមរកាយរឹទ្ធិកម្ពុជាបានពង្រីក និងផ្សព្វផ្សាយទៅដល់៧-៨ខេត្ត ក្រុង និងមានសមាជិកច្រើនជាង ១០០០នាក់។
កាយរឹទ្ធិជាតិកម្ពុជាត្រូវបានបាត់បង់ទៅវិញទាំងស្រុងនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ក្រោមការផ្តួចផ្តើម និងជំរុញពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាយរឹទ្ធិជាតិកម្ពុជាត្រូវបានបង្កើតឡើងជាថ្មីនៅឆ្នាំ២០០០ និងបានរៀបចំរចនាសម្ព័ន្ធជាបន្តបន្ទាប់ពីថ្នាក់ជាតិដល់មូលដ្ឋាន។
កាយរឹទ្ធិជាតិកម្ពុជាត្រូវបានបែងចែកជា៣ថ្នាក់រួមមាន៖ កាយរឹទ្ធិប្អូន (អាយុ៩-១១ឆ្នាំ), កាយរឹទ្ធិ (អាយុ ១២ -១៧ឆ្នាំ) និងកាយរឹទ្ធិរៀមច្បង (អាយុ ១៨-២៥ឆ្នាំ)។ មកដល់ពេលបច្ចុប្បន្នកាយរឹទ្ធិជាតិកម្ពុជា មានសមាជិកសរុប ១៣១,៧០៥នាក់ ក្នុងនោះកាយរឹទ្ធិប្អូនមានចំនួន ៤៧០៣នាក់ កាយរឹទ្ធិមានចំនួន ៩៣,៩៥៤នាក់ និងកាយរឹទ្ធិរៀមច្បងមានចំនួន ២០,៥៥០នាក់។ កាយរឹទ្ធិជាតិកម្ពុជាត្រូវបានទទួលស្គាល់ជាសមាជិកពេញសិទ្ធិនៃអង្គការពិភពលោកចលនាកាយរឹទ្ធិនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០០៨ និងត្រូវបានប្រកាសជាឱឡារឹកនៅក្នុងអង្គមហាសន្និបាតលើកទី៣៨ នាថ្ងៃទី១៤-១៨ ខែកក្កដា ឆ្នាំ២០០៨ នៅកូរ៉េខាងត្បូង៕






No comments:

Post a Comment