Tuesday, December 05, 2017

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ការរីកចម្រើនសេដ្ឋកិច្ចជាតិ ជាមូលដ្ឋានគាំទ្រចលនាកាយរឹទ្ធិជាតិកម្ពុជា សម្រាប់អនាគតភ្លឺស្វាងនៃយុវជនជំនាន់ក្រោយ

នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ការសម្រេចបាននូវការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យ ជាពិសេសការរីកចម្រើននៃសេដ្ឋកិច្ចជាតិ គឺជាមូលដ្ឋានដ៏រឹងមាំគាំទ្រដល់ចលនាកាយរឹទ្ធិជាតិកម្ពុជា និងការគិតគូរពង្រឹង និងពង្រីកសកម្មភាពអប់រំបណ្តុះបណ្តាល ដើម្បីអនាគតភ្លឺស្វាង របស់យុវជនជំនាន់ក្រោយកម្ពុជា។ លោកបានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពនៅក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា ដែលធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃរំដោះ ៧ មករា ១៩៧៩ ក្រោមកិច្ចខិតខំប្រឹងប្រែង និងការលះបង់ដ៏ធំធេងបំផុតរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា រួមទាំងមានការចូលរួមពីសំណាក់ប្រជាជនគ្រប់រូប ប្រទេសជាតិត្រូវបានស្តារ និងកសាងឡើងវិញគ្រប់វិស័យ ដោយជម្នះបានរាល់ការលំបាកគ្រប់បែបយ៉ាង ព្រមទាំងបានធ្វើឱ្យប្រជាជនកម្ពុជា រួចផុតពីគ្រោះអត់ឃ្លាន និងទទួលបាននូវសិទ្ធិរស់រានមានជីវិត មានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិប្រកបមុខរបរចិញ្ចឹមជីវិត និងជ្រើសរើសកន្លែងរស់នៅតាមបំណងប្រាថ្នារៀងៗខ្លួន។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមថា លើសពីនេះ ស្ថិតក្នុងបរិយាកាសសុខសន្តិភាព ឯកភាពទឹកដី ឯកភាពជាតិ និងស្ថិរភាពនយោបាយដែលកើតចេញពីនយោបាយឈ្នះ-ឈ្នះ និងការប្រកាន់ខ្ជាប់នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការគោរពសិទ្ធិមនុស្សនៅក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់កម្ពុជា ប្រទេសកម្ពុជាសម្រេចបាននូវការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានទសវត្សន៍ចុងក្រោយនេះ ជាពិសេសការសម្រេចបាននូវគោចរមួយដ៏សំខាន់ នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនប្រែក្លាយខ្លួនជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥កន្លងទៅ និងការសម្រេចបាននូវការអភិវឌ្ឍសំខាន់ៗដទៃទៀត។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា សមិទ្ធិផលនេះគឺជាសក្ខីភាពនៃការឈានឡើងរបស់កម្ពុជា ដោយបានចាប់ផ្តើមពីបាតដៃទទេនៅក្នុងដំណើរឆ្លងកាត់ដ៏វែងឆ្ងាយបត់បែន និងការលំបាកច្រើនរាប់មិនអស់ ហើយទទួលបាននូវការសាទរ និងការទទួលស្គាល់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដោយស្មើមុខនិងស្មើសិទ្ធិ ជាពិសេសបានផ្តល់នូវក្តីសង្ឃឹម និងការជឿជាក់ចំពោះជោគវាសនាអនាគតរបស់ប្រជាជនគ្រប់រូប និងប្រទេសជាតិទាំងមូល ក្នុងដំណើរឆ្ពោះទៅសម្រេចបាន នូវគោចរថ្មីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានសមធម៌សង្គមព្រមទាំងការថែរក្សាបរិស្ថានកាន់តែប្រសើរឡើង៕






No comments:

Post a Comment