Tuesday, December 05, 2017

រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ អញ្ជើញបើកសិក្ខាសាលាថ្នាក់តំបន់​លើកទី៥ ​ស្តីអំពី​ “វិទ្យុគមនាគមន៍​សម្រាប់ប្រទេស​ក្នុងតំបន់អាស៊ី​ និងប៉ាស៊ីហ្វិក​ ២០១៧”

លោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពី “វិទ្យុគមនាគមន៍សម្រាប់ប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ២០១៧” ដែលរៀបចំដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) និងមានកិច្ចសហការណ៍ជាមួយសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ដែលប្រព្រឹត្តទៅចាប់ពី ថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។

ក្នុងសិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពីលោក François RANCY នាយកការិយាល័យទទួលបន្ទុកផ្នែកវិទ្យុគមនាគមន៍ (BR) នៃសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) និងអ្នកជំនាញមកពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និយ័តករទូរគមនាគមន៍កម្ពុជា ប្រតិភូតំណាងរដ្ឋជាសមាជិក ITU មកពី២២ប្រទេស ប្រតិបត្តិករទូរគមនាគមន៍ និងភាគីពាក់ព័ន្ធដទៃទៀត។

សិក្ខាសាលាថ្នាក់តំបន់នេះ គឺជាវេទិកាអន្តរជាតិមួយ ដែលយើងនឹងធ្វើការពិភាក្សាផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធន៍ ទៅលើការវិវត្តន៍បច្ចេកវិទ្យាការប្រើប្រាស់វិសាលភាពវិទ្យុគមនាគមន៍ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ការរៀបចំសម្រាប់ការវិវត្តន៍ និងការប្រើប្រាស់បច្ចេកវិទ្យា 5G នៅពេលអនាគត ដោយទាញយកប្រយោជន៍ពីបច្ចេកវិទ្យានេះប្រកបដោយសុខដុមនីយកម្ម ដែលធានាបាននូវតម្លៃសមរម្យអាចលៃលកបាន សម្រាប់ប្រជាជនតំបន់អាស៊ី និងប៉ាស៊ីហ្វិកដែលជារដ្ឋសមាជិករបស់ ITU។

គួរបញ្ជាក់ផងដែរថា សិក្ខាសាលាថ្នាក់តំបន់នេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ចំនួន៤លើកមកហើយ ដោយលើកទី១ នៅឆ្នាំ២០១៣ នៅប្រទេសហ្វីជី លើកទី២ នៅប្រទេសវៀតណាម លើកទី៣ នៅហ្វីលីពីន លើកទី៤ នៅប្រទេសសាម៉ៅ និងជាកិត្តិយសសម្រាប់ នៅលើកទី៥នេះ យើងបានធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាថ្នាក់តំបន់នេះ ដោយមានអ្នកចូលរួមសរុប១៣៥នាក់ មកពីប្រទេសចំនួន២០។

ដោយសារកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការស្វែងរក និងថែរក្សាសន្តិភាព និងទទួលបានការជឿជាក់ពីមជ្ឈដ្ឋានអន្តរជាតិ រហូតអនុញ្ញាតឱ្យកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទូរគមនាគមន៍អាស៊ាន លើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅថ្មីៗ នៅខេត្តសៀមរាប ហើយបន្តធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាថ្នាក់តំបន់លើកទី៥ ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញបន្តទៀត៕





No comments:

Post a Comment