Monday, December 11, 2017

កងទ័ពការពារទឹកដីនៅតាមទល់ដែន៖ ទណ្ឌិត សម រង្ស៊ី និងបក្ខពួក កុំព្យាយាមបំផ្លាញកម្ពុជា លោក ហ៊ុន សែន ស្ថិតក្នុងបេះដូងកងទ័ពគ្រប់រូប

(ព្រះវិហារ)៖ កងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមទល់ដែនខ្មែរ-ថៃ បានសម្តែងការខឹងសម្បាជាខ្លាំងចំពោះទង្វើញុះញង់របស់លោក សម រង្ស៊ី អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលបានអំពាវនាវឲ្យកងទ័ពងើបបះបោរប្រឆាំងការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ក្រុមកងទ័ពបានផ្តាំទៅលោក សម រង្ស៊ី ព្រមទាំងបក្ខពួករបស់លោក ដែលកំពុងសម្ងំនៅក្រៅប្រទេសថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន មេបញ្ជាការផ្កាយមាស៥ផុតលេខ គឺស្ថិតនៅក្នុងបេះដូងរបស់ពួកគេជានិច្ច។

ប្រតិកម្មរបស់កងទ័ពដែលកំពុងការពារទឹកដីនេះ បានធ្វើឡើងក្នុងកិច្ចសំណេះសំណាលមួយជាមួយនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ ជា តារា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧។ នាឱកាសនោះ នាយឧត្តមសេនីយ៍ គន់ គីម និងនាយឧត្តមសេនីយ៍ ជា តារា បានធ្វើដំណើរជាបន្តបន្ទាប់ជួបសំណេះសំណាលជាមួយកងទ័ព ដើម្បីបានជ្រាបពីសុខទុក្ខ និងបញ្ហារបស់កងទ័ពនៅតាមទល់ដែន។

ក្នុងកិច្ចសំណេះសំណាលនោះ នាយឧត្តមសេនីយ៍ គន់ គីម និងនាយឧត្តមសេនីយ៍ ជា តារា បានលើកបង្ហាញពីស្ថានការណ៍នយោបាយនាពេលបច្ចុប្បន្ន ព្រមទាំងបានលើកបង្ហាញពីចេតនារបស់លោក សម រង្ស៊ី និងបក្ខពួក ដែលកំពុងអុជអាលកងទ័ពឲ្យងើបប្រឆាំងរាជរដ្ឋាភិបាល។

ជាមួយសម្តីធ្ងន់ៗ និងហៅលោក សម រង្ស៊ី ថាជាជនក្បត់ជាតិពេញៗមាត់ នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងទៅកាន់កងទ័ពរាប់ពាន់នាក់ថា ទណ្ឌិត សម រង្ស៊ី រួមជាមួយបក្ខពួករបស់គេ កំពុងតែធ្វើយុទ្ធនាការបំផ្លាញជាតិមាតុភូមិរបស់យើង ដោយបានអំពាវនាវឲ្យបងប្អូនកងទ័ពងើបបះបោរប្រឆាំងការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នេះជាទង្វើដ៏ពិសពុលរបស់ក្រុមជនក្បត់ជាតិ ដែលជាមរតកបន្សល់ពីឪរបស់គេ លោក សម សារី ។ ឪគេបានប្រឹងប្រែងបំផ្លាញសង្គមរាស្ត្រនិយមដ៏ល្បាញល្បីរបស់សម្តេច នរោត្តម សីហនុ ឥឡូវកូនក៏បានព្យាយាមបំផ្លាញសង្គមកម្ពុជារបស់យើងទៀតហើយ។

នាយឧត្តមសេនីយ៍ គន់ គីម និងនាយឧត្តមសេនីយ៍ ជា តារា បានអំពាវនាវដល់កងទ័ពរួមគ្នាការពារជាតិមាតុភូមិ និងវឌ្ឍនភាពរបស់កម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។

ក្រោយបានស្តាប់ការរៀបរាប់ពីស្ថានការណ៍នយោបាយនាពេលបច្ចុប្បន្ន និងពីពុតត្បុតដ៏ពិសពុលរបស់លោក សម រង្ស៊ី និងបក្ខពួកហើយនោះ ក្រុមកងទ័ព ដែលបានតស៊ូដ៏អង់អាចក្នុងការការពារទឹកដីអំឡុងពេលផ្ទុះអាវុធជាមួយកងទ័ពថៃនាអំឡុងឆ្នាំ២០០៨ បានផ្ទុះការប្រតិកម្ម និងខឹងសម្បាជាខ្លាំងជាមួយលោក សម រង្ស៊ី និងបក្ខពួក។

ក្រុមកងទ័ពនៅទល់ដែន ក៏បានលើកបង្ហាញពីការយកចិត្តទុកដាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះសុខទុក្ខរបស់ពួកគេផងដែរ។ បើតាមកងទ័ពព្រោះតែការយកចិត្តទុកដាក់របស់លោកបានធ្វើឲ្យជីវភាពរបស់ពួកគេកាន់តែប្រសើរ ហើយប្រាក់បៀវត្សរ៍ទៀតសោត ក៏ត្រូវបានដំឡើងជារៀងរាល់ឆ្នាំ ដែលជាកត្តាជួយឲ្យការរស់នៅរបស់ពួកគេបានកាន់តែប្រសើរ។

បងប្អូនកងទ័ព បានបញ្ជាក់ប្រាប់លោក សម រង្ស៊ី និងបក្ខពួកថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្ថិតជាប់ក្នុងបេះដូងរបស់ពួកគេជានិច្ច ហើយបានប្រកាសការពាររបបដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយឥតងាករេ៕








No comments:

Post a Comment