Monday, December 11, 2017

មន្ត្រីនាំពាក្យបក្សកាន់អំណាច៖ វិបត្តិនយោបាយអតីតបក្សប្រឆាំង និងបក្សពួកកើតពីទង្វើល្មើសច្បាប់ពួកគេ

មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជាបានចាត់ទុកវិបត្តិនយោបាយរបស់អតីតបក្សប្រឆាំងថា កើតឡើងដោយពួកគេមិនអាចយកឈ្នះលើបក្សកាន់អំណាចតាមបែបប្រជាធិបតេយ្យបាន ហើយងាកមកប្រកួតប្រជែងបែបទុច្ចរិតឃុបឃិតជាមួយបរទេស តាមគំរូបដិវត្តន៍ពណ៌ ទើបរដ្ឋាភិបាល មានវិធានផ្លូវច្បាប់លើទង្វើល្មើសច្បាប់របស់បក្សប្រឆាំង។

លោក សុខ ឥសាន មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជានាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧នេះ បានគូសបញ្ជាក់ថា វិបត្តិនយោបាយដែលកើតមានឡើងលើអតីតគណបក្សសង្គ្រោះជាតិ និងបក្សពួកខ្លួន គឺ បានកើតឡើង ដោយសារពួកគេព្យាយាមប្រើមធ្យោបាយប្រកួតប្រជែងតាមបែបទុច្ចរិតដែលរំលងគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដោយលក់ក្បាលឲ្យជនបរទេសប្រកបដោយសតិអារម្មណ៍ពោរពេញនូវមនោគមវិជ្ជា ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមរូបភាពនៃបដិវត្តន៍ពណ៌ ដែលបង្កឲ្យមានហានិភ័យគ្រោះថ្នាក់ដល់សន្តិភាព និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

លោក សុខ ឥសាន បន្តថា អ្នកណាក៏ដឹងដែរថា ក្រោយឆ្នាំ១៩៩៨ ព្រះរាជាណាចក្រកម្ពុជា បានរកឃើញនូវសន្តិភាពពេញលេញក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេច តេជោ ហ៊ុន សែន ធ្វើឲ្យមានឱកាសក្នុងការកសាង និងអភិវឌ្ឈប្រទេសបានរីកចំរើនរុងរឿង និងកែប្រែជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឲ្យប្រសើរឡើងជាបន្តបន្ទាប់ ស្របតាមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា។ ហេតុផលនេះហើយដែលអតីតបក្សសង្គ្រោះជាតិ មិនអាចប្រកួតប្រជែងឈ្នះគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចតាមរយៈការបោះឆ្នោតបាន ទើបមានគំនិតប្រកួតប្រជែងតាមបែបទុច្ចរិត ពោលគឺចង់បង្កើតឲ្យមានបដិវត្តន៍ពណ៌នៅកម្ពុជា។

មន្ត្រីនាំពាក្យបក្សកាន់អំណាចបញ្ជាក់ថា ភស្ដុតាងដែលបញ្ជាក់ថាក្រុមអតីបក្សប្រឆាំងមានគំនិតផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងចង់ផ្តួលរំលំសម្តេចតេជោ ហ៊ុន សែន តាមបែបទុច្ចរិតនោះ បានស្ដែងចេញមកតាមរយៈលោក កឹម សុខា ដែលបាននិយាយយ៉ាងច្បាស់ក្រឡែតថា ខ្លួនបានទទួលផែនការ និងអនុវត្តផែនការរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកឲ្យផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដោយយកគំរូតាមបដិវត្តន៍ពណ៌នៅប្រទេសយូហ្គោស្លាវី និងប្រទេសស៊ែបបី។
មន្ត្រីនាំពាក្យដដែលរូបនេះអះអាងថា ក្រោមហេតុផលនេះ ទើបរដ្ឋាភិបាលកម្ពុជា សម្រេចបានចាត់វិធានការណ៍ភ្លាមៗផ្លូវច្បាប់ចំពោះជន និងក្រុមជនល្មើសច្បាប់ ស្របតាមអំពើប្រព្រឹត្តរបស់ខ្លួន។ ប៉ុន្តែទោះជាមានភស្ដុតាងច្បាស់យ៉ាងណាក្ដី ក៏ពួកក្រុមជនល្មើសច្បាប់ទាំងនោះ មិនព្រមទទួលស្គាល់ការពិត ហើយចេះតែនាំគ្នានិយាយបង្វែងដានថា កម្ពុជាមានវិបត្តិនយោបាយ។

តាមការពិតវិបត្តិនោះ កើតលើតែអ្នកនយោបាយដែលបានប្រព្រឹត្តល្មើសច្បាប់ ហើយមានវិបត្តិខ្លួនឯងសោះ៕


No comments:

Post a Comment