Monday, September 25, 2017

បុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៧នេះ មានភ្ញៀវទេសចរណ៍មកកំសាន្តនៅរមណីដ្ឋាននានាក្នុងខេត្តកំពង់ឆ្នាំងជាង១៥ម៉ឺននាក់

កំពង់ឆ្នាំង ៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ លោកសេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានអោយដឹងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញធ្វេីអោយ ចំនួនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងគ្រប់ទីកន្លែង ដោយឡែកខេត្តកំពង់ឆ្នាំង មានចំនួនច្រើនរហូតដល់ទៅជាង១៥ម៉ឺននាក់ នាឳកាសបុណ្យភ្ជំបិណ្ឌឆ្នាំ២០១៧នេះ បេីប្រៀបធៀបទៅនិងរយៈពេលដូចគ្នាកេីនជាងឆ្នាំ២០១៦ចំនួនជាង៨ម៉ឺននាក់។

លោក សេង សាលី បានអោយដឹងទៀតថា តំបន់ទេសចរណ៍នៅក្នុងខេត្ត ដែលមានភ្ញៀវទេសចរណ៍មកលេងច្រើនជាងគេមានដូចជា ទំនប់ស្ទាក់ទឹកស្ទឹងគង្គា ទឹកធ្លាក់អន្លង់ស្វាយ ទឹកធ្លាក់ថ្មគ្រែ ទឹកធ្លាក់ស្រែអំពិល ស្ថិតក្នុងស្រុកទឹកផុស ទំនប់២០ឧសភា ស្ថិតក្នុងស្រុករលាប្អៀរ ទំនប់ស្ទាក់ទឹកអាចាំង តំបន់ខ្សាច់ស ស្ថិតក្នុងស្រុកបរិបូណ៌ និង មាត់ទន្លេផ្សារក្រោម ក្រុងកំពង់ឆ្នាំង ។

លោកប្រធានមន្ទីរបានអោយដឹងថា ចំនួនភ្ញៀវទេស ចរណ៍ជាតិ និង អន្តរជាតិនាឳកាសបុណ្យភ្ជំបិណ្ឌឆ្នាំនេះ មានចំនួនកើនឡើងស្ទើរគ្រប់គោលដៅទេសចរណ៍ ដោយផ្តើមចេញកត្តា សន្តិភាព សន្តិសុខ និង សុវត្ថិភាពជាកក្តាចម្បង ។ បន្ថែមលើសពីនេះលំហូរនៃចំនួនភ្ញៀវទេសចរណ៍ស្ទើរគ្រប់ទីកន្លែងនេះ ក៏អាចបញ្ជាក់បានថាជីវភាពរបស់ប្រជាជនកម្ពុជាធូរធារ ទេីបមានឱកាសក្នុងការដេីរកំសាន្តពេលបុណ្យប្រពៃណីជាតិ និងពេលសំរាកពីការងារនៅចុងសប្តាហ៍៕





No comments:

Post a Comment