Monday, September 25, 2017

ម៉ាឡេស៊ី​បានដកខ្លួន​ចេញពីសេចក្តី​ថ្លែងការណ៍អាស៊ាន​ ស្តីពីរដ្ឋ ​Rakhine​ របស់ភូមា​

កាលពីថ្ងៃអាទិត្យប្រទេសម៉ាឡេស៊ីបាននិយាយថា ម៉ាឡេស៊ីចង់ដកខ្លួនចេញពីសេចក្តីថ្លែងការណ៍ដែលចេញដោយអាស៊ានស្តីពីស្ថានភាពនៅរដ្ឋ Rakhine របស់ភូមា។

សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យនៅខាងក្រៅសង្វៀនមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក បានបង្ហាញពីការព្រួយបារម្ភរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីការវិវត្តន៍ថ្មីៗនៅរដ្ឋ Rakhine ភាគខាងជើងមីយ៉ាន់ម៉ា។

ខ្លួនក៏បានថ្កោលទោសចំពោះការវាយប្រហារនៅថ្ងៃទី ២៥ ខែសីហា ប្រឆាំងនឹងកងកម្លាំងសន្តិសុខភូមា ក៏ដូចជាអំពើហិង្សាទាំងអស់ដែលបណ្តាលឱ្យបាត់បង់ជីវិតជនស៊ីវិល ការបំផ្លិចបំផ្លាញផ្ទះសម្បែង និងការផ្លាស់ទីលំនៅរបស់ប្រជាជនជាច្រើន។

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោក Anifah Aman បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយកាលពីថ្ងៃអាទិត្យថា ប្រទេសរបស់លោកមានអារម្មណ៍ថា សេចក្តីថ្លែងការណ៍របស់អាស៊ានមិនបាន «ឆ្លុះបញ្ចាំងសភាពការណ៍ពិតនោះទេ» ។

សេចក្តីថ្លែងការណ៍នេះក៏បានលុបចោលនូវពាក្យជនជាតិរ៉ូហ៊ីងយ៉ា ដែលមានផលប៉ះពាល់មួយនៅក្នុងសហគមន៍។

លោកបានបន្ថែមថា ខណៈដែលប្រទេសម៉ាឡេស៊ីថ្កោលទោសការវាយប្រហារនៅថ្ងៃទី ២៥ ខែសីហានោះ ប្រតិបត្តិការបោសសំអាតដោយអាជ្ញាធរភូមាវាមិនសមាមាត្រទៅនឹងស្ថានការណ៍នោះទេ ហើយទង្វើនោះបាននាំឱ្យមានជនស៊ីវិលស្លូតត្រង់ជាច្រើនបាត់បង់ជីវិត និងធ្វើឱ្យជនរ៉ូហ៊ីងយ៉ាជាង ៤០០,០០០ នាក់បានភៀសខ្លួន។

លោក Anifah បាននិយាយថា ប្រទេសម៉ាឡេស៊ីបានបង្ហាញអំពីការព្រួយបារម្ភរបស់ខ្លួនអំពីសេចក្តីថ្លែងការណ៍អាស៊ាន ក៏ប៉ុន្តែការព្រួយបារម្ភរបស់ពួកគេមិនត្រូវបានឆ្លុះបញ្ចាំងនៅក្នុងសេចក្តីថ្លែងការណ៍នោះទេ។ ហេតុដូច្នេះសេចក្តីថ្លែងការណ៍ដែលចេញដោយប្រធាននោះមិនផ្អែកលើមតិរួមនោះទេ។

លោកបានបន្ថែមថា ប្រទេសម៉ាឡេស៊ីបានទាមទារឱ្យប្រទេសភូមាឱ្យ «បំពេញនូវការប្តេជ្ញាចិត្តរបស់ខ្លួនដើម្បីអនុវត្តន៍ជាបន្ទាន់» នូវអនុសាសន៍ដែលបានធ្វើឡើងនៅក្នុងរបាយការណ៍ចុងក្រោយរបស់គណៈកម្មការប្រឹក្សាយោបល់ស្តីពីរដ្ឋ Rakhine។

សេចក្តីថ្លែងការណ៍អាស៊ានក៏បានអំពាវនាវឱ្យភាគីទាំងអស់ជៀសវាងទង្វើណាមួយដែលអាចនាំទៅសភាពកាន់តែធ្ងន់ធ្ងរនៅហ្នឹងកន្លែងនៅក្នុងរដ្ឋ Rakhine។

សេចក្តីថ្លែងការណ៍នោះក៏បាននិយាយផងដែរថា រដ្ឋមន្ត្រីការបរទេសអាស៊ានស្វាគមន៍ការប្តេជ្ញាចិត្តពីសំណាក់អាជ្ញាធរភូមា ដើម្បីធ្វើឱ្យប្រាកដថា មានសុវតិ្ថភាពសម្រាប់ជនស៊ីវិល ដោយប្រកាន់យកនូវវិធានការផ្សេងៗដើម្បីបញ្ចប់អំពើហិង្សានៅរដ្ឋ Rakhine ការស្តារឡើងវិញស្ថានភាពសេដ្ឋកិច្ចសង្គម និងដោះស្រាយបញ្ហាជនភៀសខ្លួនតាមនីតិវិធីដោយមានការផ្ទៀងផ្ទាត់៕

ប្រភព: Channel News Asia ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧

No comments:

Post a Comment