Monday, September 25, 2017

លោក ហ៊ុន ម៉ាណែត​ ជម្រាបជូន​ពីស្ថានភាពស្រុកខ្មែរ​ ជូនពលរដ្ឋខ្មែរ​ដែលកំពុង​រស់នៅ​ប្រទេសអាល្លឺម៉ង់​

អាល្លឺម៉ង់៖ ក្នុងពិធីពិសារអាហារសាមគ្គីមហាគ្រួសារខ្មែរ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ប្រជាពលរដ្ឋខ្មែរជាង ២០០នាក់ នៅប្រទេសអាល្លឺម៉ង់ កាលពីល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ លោក ហ៊ុន ម៉ាណែត បានថ្លែងថា លោកមកទីនេះ ដើម្បីជម្រាបជូនពីស្ថានភាពស្រុកខ្មែរ ដើម្បីឲ្យបងប្អូនទាំងអស់បានស្វែងយល់មិនមែនឱ្យបងប្អូនទៅស្អប់នរណាទេ ឬក៏លាបពណ៌ឲ្យនរណាបែកបាក់គ្នានោះទេ។

លោកបានបន្តថា ការផ្តល់ព័ត៌មានទាក់ទងនឹងអ្វីដែលបងប្អូនប្រជាពលរដ្ឋចង់ដឹងពីស្រុកទេស ជាសិទ្ធិរបស់ខ្មែរទាំងអស់គ្នា មិនមែនជាសិទ្ធិផ្តាច់មុខរបស់បក្សនេះ បក្សនោះទេ ប្រជាពលរដ្ឋមានសិទ្ធិស្តាប់នរណាក៏បាន ដើម្បីគាត់យកជាមូលដ្ឋានក្នុងការពិចារណា ហើយក៏មិនបង្ខំឲ្យប្រជាពលរដ្ឋខ្មែរ ត្រូវតែជឿទៅលើអ្វីដែលលោកជម្រាបជូននោះទេ។

លោក ហ៊ុន ម៉ាណែត បានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបង្ហាញនូវស្មារតីសាមគ្គីគ្នាក្នុងនាមជាខ្មែរតែមួយ។

នាឱកាសនោះដែរ ប្រជាពលរដ្ឋខ្មែរដែលមកចូលរួមស្វាគមន៍ លោក ហ៊ុន ម៉ាណែត នៅទីនោះ បានសម្តែងនូវការសប្បាយរីករាយយ៉ាងខ្លាំងដោយបានជួបលោក ហ៊ុន ម៉ាណែត និងបានស្តាប់នូវរឿងរ៉ាវជាច្រើនពាក់ព័ន្ធនឹងការរីកចម្រើននៅប្រទេសកម្ពុជា៕




No comments:

Post a Comment