Monday, September 25, 2017

បញ្ហាអគ្គិសនីនៅតែជាបញ្ហាអាទិភាពក្នុងចំណោមអាទិភាពទាំងបួន

នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា បញ្ហាអគ្គិសនីនៅតែជាបញ្ហាអាទិភាពក្នុងចំណោមអាទិភាពទាំងបួនដែលពីមុនគឺ «ទឹក ផ្លូវ ភ្លើង មនុស្ស» ហើយពេលនេះគឺ «មនុស្ស ទឹក ផ្លូវ ភ្លើង»។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទទ្វារទឹកទំនប់វារីអគ្គិសនីសេសានក្រោម២ (Hydro Power Lower Se San 2) ដែលស្ថិតនៅក្នុងឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ត្រឹមឆ្នាំ២០២២ខាងមុខ គ្រប់ភូមិទាំងអស់ទាំង ១៤១៦៨ភូមិទូទាំងប្រទេសនឹងមានអគ្គិសនីប្រើប្រាស់។ អ្នកភូមិទាំងអស់ដែលមានអគ្គិសនីប្រើប្រាស់ហើយមានចំនួន ១១១៩៤ ភូមិស្មើនឹង ៩៧%។ យើងត្រូវខិតខំធ្វើឱ្យគ្រប់ផ្ទះក្នុងភូមិប្រជាពលរដ្ឋទាំងអស់មានអគ្គិសនីទៅដល់និងផ្គត់ផ្គង់ក្នុងតម្លៃសមរម្យ ហើយបច្ចុប្បន្ននេះ មាន៣ ២៨០០០០ខ្នងផ្ទះហើយដែលមានអគ្គិសនីប្រើប្រាស់។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាក់ថា ទំនប់វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង គឺជាទំនប់ដែលធំជាងគេក្នុងប្រទេសកម្ពុជាដែលមានក្រុមហ៊ុន៣ដែលរួមគ្នាវិនិយោគដូចជា ក្រុមហ៊ុន Hydrolan cang International Energy មានភាគហ៊ុន ៥១% ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ាគិត ម៉េង មានភាគហ៊ុន ៣៩% និងក្រុមហ៊ុន EVN មកពីប្រទេសវៀតណាម មានភាគហ៊ុន ១០% លើទឹកប្រាក់ចំនួន ៧៨១.៥២ លានដុល្លារអាមេរិក។ គម្រោងវិនិយោគនេះក៏បានឆ្លងកាត់ការអនុម័តពីរដ្ឋសភាជាតិផងដែរ ដែលបានធានាដល់ទុនវិនិយោគរបស់ក្រុមហ៊ុន។ ទន្ទឹមនឹងការផលិតអគ្គីសនីនៅទីនេះ គឺទាមទារការតបណ្តាញពីស្ទឹងត្រែងទៅក្រចេះ ពីក្រចេះទៅកំពង់ចាម និងពីកំពង់ចាមទៅភ្នំពេញ គឺត្រូវតភ្ជាប់បណ្តាញមេទាំងអស់ដែលនឹងធ្វើឱ្យតម្លៃអគ្គីសនីធ្លាក់ចុះថោកជាបន្តបន្ទាប់។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបន្ថែមថា ចំពោះបងប្អូនក្រីក្រដែលប្រើភ្លើងក្រោម១០គីឡូវ៉ាត់ម៉ោងគឺបង់តែ ៤៨០៛ ប្រសិនបើប្រើចាប់ពី ១១គវម-៥០គវម គឺបង់តែ៦១០៛ រដ្ឋនឹងជួយបង់ជំនួសនូវតម្លៃលើសពីនេះ។ ចំពោះខេត្តរនៈគិរី គឺបង់តែ៦៧០៛ ព្រោះខេត្តនេះគឺមានវារីអគ្គីសនីប្រើរួចហើយ។ វារីអគ្គិសនីសេសានក្រោម២ គឺមានកម្លាំងថាមពល ៤០០ មេហ្គាវ៉ាត់ ដែលនឹងដាក់ឱ្យដំណើរការជាលើកដំបូងនៅដើមឆ្នាំ២០១៨ ដែលមានកម្លាំងផលិតបាន ១.៩១២ លានគីឡូវ៉ាត់ម៉ោង។ ចំពោះតម្លៃដែលលក់ឱ្យអគ្គិសនីកម្ពុជាគឺ ៦,៩៥ សេនអាមេរិក ក្នុង១ គីឡូវ៉ាត់ម៉ោងក្នុងរយៈពេល ៤០ ឆ្នាំ (BOT) បន្ទាប់មកនឹងត្រូវប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជាគ្រប់គ្រងទាំងស្រុង។ ក្រោយពីចប់៤០ឆ្នាំ គឺរដ្ឋយកមកគ្រប់គ្រងទាំងស្រុង ឬជួលបន្តអោយក្រុមហ៊ុន៕









No comments:

Post a Comment