Monday, June 19, 2017

អភិបាលខេត្តពោធិ៍សាត់ ដោះស្រាយបញ្ចប់ទំនាស់ដីធ្លីនៅស្រុកក្រគរ បាន២៤ករណី បន្ទាប់ពីបញ្ចប់ជាង ១៤០ករណី

លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ បានលើកឡើងថា «លុយ និងទ្រព្យសម្បត្តិយើងអាចរកមកពេលណាក៏បាន គ្រាន់តែយូរហើយនិងឆាប់ ក៏ប៉ុន្តែចំ​ណងមិត្តភាព រវាងបងប្អូនកូនក្មួយ និងអ្នកភូមិ​ផងរបងជាមួយគឺមានជារៀងរហូត»។ លោក បានលើកឡើងបែបនេះនៅសាលប្រជុំសាលាស្រុកក្រគរ ក្នុងឱកាសអញ្ជើញចុះសម្របសម្រួល និងដោះស្រាយបញ្ចប់​ទំ​នាស់ដីធ្លី ទៅតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅស្រុកក្រគរ ជាលក្ខណៈគ្រួសារ ចំនួន២៤ករណីផ្សេងគ្នា ដោយបានការចូលរួមពី លោក អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្ត អាជ្ញាធរស្រុក ឃុំ និងភាគីដែលមានការពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។

ថ្លែងក្នុងកិច្ចដោះស្រាយទំនាស់ដីធ្លី ទាំង២៤ករណីខាងលើនេះ លោក ម៉ៅ ធនិន បានបញ្ជាក់ថា ចាប់តាំងពីលោកមកដឹកនាំយន្តការខេត្តបានជាង៣ឆ្នាំកន្លងមកនេះ បានដោះស្រាយ បញ្ចប់បញ្ហាទំនាស់ដីធ្លីបានជាង​១៤០​ករណីមកហើយ ជាក់ស្តែងនៅពេលថ្មីៗនេះ លោក បានបញ្ចប់ទំនាស់ដីធ្លី បាន៥ករណីផ្សេងគ្នា នៅស្រុកបាកាន ដោយ«គ្មានអ្នកចាញ់ គឺឈ្នះទាំងអស់គ្នា»។

លោក បានថ្លែងទៀតថា ដើម្បីដោះស្រាយបញ្ចប់ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃផ្សេងគ្នានេះ ប្រកបដោយប្រសិទ្ធភាពស្រប តាមគោលនយោបាយ ឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា តម្រូវឱ្យភាគីទាំងសងខាង ត្រូវមានស្មារតីសហការចូលរួមដោះស្រាយ ដោយបើកចិត្តឱ្យទូលាយ និងនិយាយដោយភាពស្មោះត្រង់ត្រឹមត្រូវ ហើយត្រូវសម្បទានគ្នាទៅវិញទៅមក ដើម្បីមានមូលដ្ឋានក្នុងការដោះស្រាយ។ សម្រាប់យន្តការដោះស្រាយដ៏មានប្រសិទ្ធ​ភាព និងជឿជាក់បំផុតបានធ្វើឱ្យភាគីទាំងសងខាងយល់​ព្រម និងពេញចិត្តទទួលព្រមទាំងបានដកពាក្យបណ្តឹងវិញ ដើម្បីបញ្ចប់ទំនាស់ដីធ្លីទាំង២៤ករណីផ្សេងគ្នានេះ ចាប់ពីពេលនេះតទៅ។

បងប្អូនប្រជាពលរដ្ឋ ដែលជាភាគីទំនាស់ និងសាក្សីនៅទីនោះ បានសម្តែងនូវក្តីសប្បាយរីករាយ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ និងចំណាយពេលវេលាដ៏មានតម្លៃពេញមួយថ្ងៃ របស់លោកអភិបាលខេត្ត ដែលបានដោះស្រាយទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងថ្លែងអំណរគុណជូនចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជានិច្ចជាកាលតែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ច៕​​​




No comments:

Post a Comment