Monday, June 19, 2017

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ក្រាបថ្វាយព្រះពរសម្តេចព្រះមហាក្សត្រីក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម

នៅថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ២០១៧ នៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរនៅក្នុងឱកាសដ៏មហាមង្គលាភិរម្យប្រពៃថ្លៃថ្លា នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨១ព្រះវស្សាយាងចូល ៨២ ព្រះវស្សារបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។

កូន ចៅ ចៅទួត ប្រជារាស្រ្តទូទាំងប្រទេស សូមព្រះបរមរាជានុញ្ញាត អភិវន្ទលំឱនកាយ វាចាចិត្តក្រាបបង្គំសម្តែងថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្ដី សិរីវឌ្ឍនា វិបុលសុខ និងមហាប្រសើរគ្រប់យ៉ាងចំពោះសម្តេចព្រះ មហាក្សត្រីព្រះវររាជមាតា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គទ្រង់ប្រកបដោយព្រះកាយពលរឹងមាំខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះ​វស្សា និងចាកផុតពីព្រះរោគាព្យាធិនានាជាអង្វែងត រៀងទៅ។

កូន ចៅ ចៅទួត និងប្រជារាស្រ្តទូទាំងប្រទេស សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាព្រះមហា​ស្វេតច្ឆត្រ ព្រះបារមីនៃ អតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ព្រះបារមីព្រះករុណា ព្រះបរមរតនកោដ្ឋ ជាពិសេស ទេវតាឆ្នាំថ្មីព្រះនាម កិមិរាទេវី សូមជួយបីបាច់ថែរក្សា សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ៕




No comments:

Post a Comment