Tuesday, May 17, 2016

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់ថវិកា មួយលានដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផា

កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួលជួបសវនាការ និងផ្តល់ថវិកា $,000,000.00 (មួយលានដុល្លារអាមេរិក) ជូនមូលនិធិគន្ធបុប្ផា ដឹកនាំដោយ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តមវេជ្ជបណ្ឌិត បេអាត រិចនឺ (Beat Richner) ប្រធានមូលនិធិ ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា ក្រោយពីបានប្រារព្ធទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា បានការគាំទ្រថវិកាពីសទ្ធាជ្រះថ្លារបស់សប្បុរសជនជាតិ-អន្តរជាតិ ហើយបានបែងចែកផ្តល់ថវិកា មួយលានដុល្លារជូនមូលនិធិគន្ធបុប្ផានៅពេលនេះ។
ក្នុងឱកាសនោះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងក្តីសោមនស្សរីករាយ និងកោតសរសើរ ចំពោះ ឯកឧត្តមវេជ្ជបណ្ឌិត បេអាត រិចនឺ ក្រុមគ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ ដែលបានខិតខំប្រឹងប្រែងព្យាបាលជំងឺជូនស្ត្រីមានផ្ទៃពោះឆ្លងទន្លេ និងកុមារ  កម្ពុជារាប់ពាន់ រាប់ម៉ឺននាក់ ឱ្យរួចផុតពីសេចក្តីស្លាប់ និងពិការភាព។

លោក បេអាត រិចនឺ បានថ្លែងអំណរគុណដល់សណ្តានចិត្តរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនៅតែបន្តជួយឧបត្ថម្ភគាំទ្រថវិកា មួយលានដុល្លារ បាន ប្រាំឆ្នាំជាបន្តបន្ទាប់តាំងពីឆ្នាំ ២០១២រៀងមក ដើម្បីលើកទឹកចិត្តដល់បុគ្គលិកទាំងអស់បន្តនូវការបំពេញភារកិច្ចរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានគាំទ្រកាន់តែច្រើនពីសំណាក់ជាតិ និងអន្តរជាតិ ជាពិសេសចំពោះប្រជាជនកម្ពុជាឱ្យមានទំនុកចិត្តក្នុងការនាំកូនៗរបស់ខ្លួនមកព្យាបាល។ ទន្ទឹមនិងនោះដែរ លោក បេអាត រិចនឺ ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង ដែលតែងតែមានកិច្ចសហប្រតិបត្តិការល្អជាមួយមន្ទីរពេទ្យគន្ធបុប្ផាផងដែរ៕





No comments:

Post a Comment