Tuesday, May 17, 2016

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចការងារនៅសហព័ន្ធរុស្ស៊ី

តបតាមការ​អញ្ជើញ​របស់ឯ​កឧត្ដម ឌីមីទ្រី មេដវេដេវ នាយករដ្ឋ​មន្រ្ដី នៃសហ​ព័​ន្ធ​រុស្ស៊ី​ និង​តបតាម​​ការ​​អញ្ជើញ​របស់ឯកឧត្ដម វ្លាឌឺមៀរ ពូទីន ប្រធា​នា​​​ធិបតី​នៃ​សហព័ន្ធ​រុស្ស៊ីនោះ សម្ដេច​អគ្គ​មហា​សេនា​​ប​តី​តេ​​​​ជោ​ ​​ហ៊ុន សែន នាយក ​រដ្ឋមន្រ្ដី និង​មន្រ្ដី​ជាន់ខ្ពស់​ នៃរាជរដ្ឋាភិ​បាល​​កម្ពុ​ជាមួយ​ចំនួនទៀត កាលពី​​ម៉ោង​​ប្រមាណ​ជា៩ និង​៣០យប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ បាន​អញ្ជើញ​​ទៅ​​​បំពេញ​ទ​ស្ស​​​​ន​កិ​ច្ច​ការ​ងារ​ និងអញ្ជើញចូលរួមក្នុង "កិច្ចប្រជុំកំពូលរំ​លឹកខួប​អាស៊ាន-រុស្ស៊ី" នៅទីក្រុង​​ម៉ូ​ស្គូ និង​ទីក្រុង​​សូ​ឈី នៃ​សហ​ព័ន្ធរុស្ស៊ី។
ឯកឧត្ដម ស្រ៊ី ថាមរ៉ុង រដ្ឋមន្រ្ដីប្រតិភូ​អមនាយក​រដ្ឋមន្រ្ដី បានឲ្យ​ដឹ​ង​ថា គណៈប្រតិភូអម​ដំណើររួម​​មា​នៈ​​​​​​​​​ឯកឧត្ដម ប្រាក់ សុខុនទេសរដ្ឋ​មន្រ្ដី និងជា​រដ្ឋមន្រ្ដី​ក្រសួ​ងការ​ប​​រ​ទេស និង​សហប្រ​តិបត្ដិការ​​អន្ដរជាតិ​, ឯកឧត្ដម អូន ព័ន្ធ​មុនីរ័ត្ន​ ទេសរដ្ឋមន្រ្ដី និង​ជា​រដ្ឋ​មន្រ្ដី​ក្រ​សួង​សេដ្ឋ​កិច្ច និងហិរញ្ញវត្ថុ, ឯកឧត្ដម ហង់ ជួន​ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំយុវជន និងកីឡា, ឯកឧត្ដម អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌, ​ឯក​ឧត្ដ​ម ​ថោង ខុន រដ្ឋ​មន្រ្ដី​ក្រសួង​ទេសចរណ៍, ឯកឧត្ដម ប៉ាន់ សូរសក្តិ រដ្ឋមន្រ្ដីក្រសួង​ពាណិជ្ជកម្ម,​ ឯកឧត្ដម​ សា​យ សំអាល់ រដ្ឋមន្រ្ដី ​ក្រសួង​បរិស្ថាន, និងរដ្ឋមន្រ្ដី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្ដី​ រួមមានៈ ឯកឧត្ដម សុខ ចិន្ដា​សោភា, ឯកឧត្ដម ស្រ៊ី ថាមរ៉ុង, និងឯកឧត្ដមបណ្ឌិ កៅ គឹមហួន។ ឯកឧត្ដម ស្រ៊ី ថាមរ៉ុង បានឲ្យដឹងបន្ដ​ថា សម្ដេច​អគ្គមហា​សេនាបតី​តេជោនាយក​រដ្ឋមន្រ្ដី និងគណៈ​​ប្រ​តិ​​ភូ​នឹងអញ្ជើញ​ទៅដល់​នាពេល​ព្រឹក​ហើយ​នៅពេល​ថ្ងៃត្រង់​ សម្ដេច​តេជោនាយក​រដ្ឋមន្រ្ដី នឹងជួបពិភា​ក្សា​​​ទ្វេភាគី ជាមួយ​ឯកឧត្ដមឌីមីទ្រី មេដវេដេវ នាយករដ្ឋមន្រ្ដី នៃសហព័ន្ធរុស្ស៊ី បន្ទាប់មក​​គឺការ​​ពិសា​រ​​អា​ហា​​រ​ថ្ងៃត្រង់រួមគ្នា។
ក្រោយមក​ទៀត​សម្ដេច​តេជោ ហ៊ុន សែន និងឯកឧត្ដម ឌីមីទ្រី មេដវេដេវ នឹងធ្វើជា​សាក្សី​ធ្វើចុះហត្ថ​​លេ​ខា​លើ​ឯកសារ​សំខាន់ៗ​មួយចំនួន ​រួម​មានៈ
ទី១- សន្ធិសញ្ញាស្ដីពី​​បច្ចាប័ណ្ណ,
ទី​២-​អនុស្សារណៈនៃ​​ការ​​យោគ​យល់​គ្នាស្ដីពី​កិច្ចសហប្រតិបត្ដិការរ​ វាងក្រសួងយុត្ដិធម៌ និង​ការិយាល័​យ​​​អគ្គ​​​​រដ្ឋអាជ្ញា នៃ​សហ​ព័ន្ធ​រុស្ស៊ី,
ទី៣-អនុស្សារណៈ នៃការយោ​គយល់គ្នាស្ដីពី កិច្ចសហប្រតិ​បត្ដិការលើ​វិស័​យ​ទូរ​គម​នាគមន៍ និង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន,
ទី៤-អនុស្សារណៈ នៃការយោគយល់​គ្នា​ស្ដីពី សហប្រតិ​បត្ដិការ​រវាង​គណៈ​​កម្មា​ធិ​ការ​អំឡាំ​ពិក នៃព្រះរាជា​ណាចក្រ​កម្ពុជា និង​សហព័ន្ធរុស្ស៊ី,
ទី៥-​សេចក្ដីប្រ​កា​ស​​រួ​ម​​ស្ដីពី បញ្ជីចលនា​គ​ម្រោ​ង​សម្រាប់​សហប្រតិ​បត្ដិការ​លើវិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ,
ទី៦-អនុស្សារណៈ​ នៃកា​រ​យោ​គយល់គ្នាស្ដីពីការ​បង្កើតមជ្ឈមណ្ឌល​ព័ត៌មាន ថាម​ពល​នុយ​ក្លេអ៊ែរ,
ទី៧អនុស្សារណៈ នៃ​ការយោ​គ​យ​ល់​​គ្នាស្ដីពីការ​បង្កើតក្រុមការ​ងារួម​កម្ពុជា-រុស្ស៊ី លើ​កិច្ច​សហប្រតិបត្ដិការ ក្នុងការប្រើ​ប្រាស់ថាមពល​​បរ​មា​​ណូ ក្នុងគោល​បំណង​សន្ដិភាព,​
ទី៨-កិច្ចព្រម​ព្រៀងស្ដីពី កិច្ចសហប្រតិបត្ដិ​ការរ​វាងក្រសួង​មហា​ផ្ទៃ នៃ​​ប្រទេ​ស​ទាំងពីរ។
ឯកឧត្ដម ស្រ៊ី ថាមរ៉ុង បានឲ្យដឹងទៀត ថា​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៅថ្ងៃទី១៨ ខែឧ​ស​ភា​ខាងមុខនេះ ក៏នឹង​ជួបសំណេះ​សំណាល​ជាមួយ​និស្សិត ដែល​កំពុង​សិក្សា​នៅប្រទេសរុស្ស៊ី ដើម្បី​បាន​​​​​សម្ដែងការគួរ​សមជាមួយសម្ដេច​ផងដែរ។ ចំណែក​នៅថ្ងៃទី១៨ ខែឧសភា សម្ដេចតេជោ និងជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្ដម​ វ្លាឌឺមៀរ ពូទីន ប្រធា​នា​​​ធិបតី នៃសហព័ន្ធរុស្ស៊ី បន្ទាប់មក​នឹង​​អនុញ្ញាត​ឲ្យ​ឯកឧត្ដម​ង្វៀន សួន ហ្វ៊ុក នាយករដ្ឋមន្រ្ដីនៃ​​សា​ធារណរដ្ឋសង្គ​ម​និយមវៀតណាម​ថ្មី ចូល​ជួប​សម្ដែង​​ការគួរសម និងពិភាក្សា​ការងារ ក្នុងគោលដៅ​ពង្រឹងពង្រីក ទំនាក់​ទំនង​កិច្ច​សហ​ប្រតិបត្ដិការ ក្នុងនាម​ជាមួយ​ប្រទេស​ជិតខាង និងជាមួយ​ប្រទេស​នៅក្នុងតំបន់​អាស៊ាន​ជាមួយគ្នា ដើម្បីធ្វើឲ្យមាន​ការរីក​​ចំរើ​ន​​ នៃ​ប្រទេស​ទាំងពីរ។ ចំណែក​នៅថ្ងៃទី​២០ ខែឧសភា គឺចាប់ផ្ដើម​កិច្ចប្រជុំ​កំពូល​អាស៊ាន-រុស្ស៊ី ដោយ​​មេ​ដឹកនាំ​អាស៊ាន​ទាំង​អស់ នឹងជួប​ជាមួយ​តំណាង​វេទិកាធុរកិ​ច្ច, ​បន្ទាប់មក​ចូលរួម​កិច្ចប្រជុំពេញ​​អង្គ​អា​ស៊ា​ន-រុស្ស៊ី, និងចុងក្រោយកិច្ច​ប្រជុំពិភាក្សាកា​រងារបណ្ដើរ ពិសារអាហារ​ថ្ងៃត្រង់​បណ្ដើរ។

សូមជម្រាប​ថា សម្ដេចអគ្គមហាសេនា​ប​តី​តេ​​​ជោ​ ​​ហ៊ុន សែន នាយករដ្ឋមន្រ្ដី និង​មន្រ្ដី​ជាន់ខ្ពស់នៃរាជ​រដ្ឋា​​ភិ​បាល​​កម្ពុ​ជា នឹងធ្វើ​ដំណើរមក​កាន់ប្រទេស​កម្ពុជាវិញ នៅ​ថ្ងៃទី​២១ ខែឧសភា ហើយគ្រោង​នឹ​ង​មកដល់​​ប្រទេស​កម្ពុជាវិញ​នៅព្រឹកថ្ងៃទី​២២ ខែ​ឧសភា​ ឆ្នាំ២០១៦៕






No comments:

Post a Comment