Tuesday, May 17, 2016

កម្ពុជាសម្រេចបែងចែកឆ្នេរសមុទ្រ ជា៣ប្រភេទដើម្បីសណ្តាប់ធ្នាប់និងការគ្រប់គ្រង

គណៈកម្មាធិការជាតិគ្រប់គ្រងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា នៅថ្ងៃចន្ទទី១៦ ខែឧសភា ឆ្នាំ​២០១៦កន្លងទៅនេះ បានសម្រេច​បែង​​ចែកតំបន់ឆ្នេរសមុទ្រកម្ពុជាជា៣ប្រភេទ ដើម្បីងាយ​ស្រួល​​​នៅក្នុងការរៀបចំ​សណ្តាប់​ធ្នាប់ និងការគ្រប់គ្រង។ នេះបើតាមសេចក្តីសម្រេច​នៅក្នុង​កិច្ច​​ប្រជុំ ដើម្បីគ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ឆេ្នរសមុទ្រខេត្តព្រះសីហនុ។
កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្តីការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ​២០១៦​កន្លងទៅនេះ ដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់ ដែលជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍ​តំបន់ឆ្នេរសមុទ្រកម្ពុជា និង ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ​ជាតិគ្រប់គ្រង និងអភិវឌ្ឍ​តំបន់ឆ្នេរសមុទ្រកម្ពុជា។
តាមសេចក្តីសម្រេចរបស់អង្គប្រជុំ បានបែងចែកឆ្នេរសមុទ្រកម្ពុជា ជា៣រួមមាន៖ ទី១- ឆ្នេរ​សមុទ្រ​​​​​សាធារណៈរបស់រដ្ឋ ទី២-ឆ្នេរសាធារណៈរបស់រដ្ឋ ដោយមានការចូលរួម​ពីវិស័យ​ឯកជន និងទី៣- ឆ្នេរកំសាន្តសាធារណៈរបស់រដ្ឋបែបប្រណិត។
លោក នី ផល្លី អគ្គលេខាធិការរងគណៈកម្មាធិការជាតិ គ្រប់គ្រងអភិវឌ្ឍន៍តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា បានឲ្យដឹងថា ក្រៅពីការពិភាក្សានិងកំណត់តំបន់ឆ្នេរសមុទ្រគណៈកម្មាធិការ ក៏បាន​ពិភា​ក្សា​អំពីការរៀបចំកែលម្អរតំបន់ឆ្នេរ ឲ្យស្របតាមស្តង់ដាបទដ្ឋានគតិយុត្តិ និងការវាយ​តម្លៃ​ឆ្នេររបស់កម្ពុជាយើង ដើម្បីឲ្យក្លាយទៅជាឆ្នេរស្អាតមានសូចនាករ រួមទាំងការកំណត់យន្តការ​នៃ​ការ​គ្រប់គ្រង ។ លោក នី ផល្លា ក៏បានបញ្ជាក់បន្ថែមឲ្យដឹងដែរថា កិច្ចពិភាក្សានោះក៏​បាន​កំណត់​​នូវការរៀបចំខ្លោង​ទ្វារសម្រាប់ចូលកំសាន្តនៅឆ្នេរនីមួយៗ ដោយមានដាក់ឈ្មោះ ដើម្បី​​​​ឲ្យសាធារណជន​ក៏ដូច​ជាទេសចរណ៍ស្គាល់ឈ្មោះរបស់ឆ្នេរកំសាន្តនីមួយៗ ។
ទន្ទឹមនោះ កិច្ចប្រជុំក៏បានពិភាក្សានូវការរៀបចំសំណង់តូប នៅតាមតំបន់ឆ្នេរផងដែរ។ សូម​ បញ្ជាក់​ថា កិច្ចប្រជុំនោះបានពិភាក្សាលើបញ្ហាចំនួន៥ រួមមាន៖ ១-បើករបងបាំង​ខឿន​ខណ្ឌ​​ព្រំដីតូបដែលលយចូលឆេ្នរសមុទ្រខុសពីការកំណត់ ២-បើកច្រកធើ្វខ្លោងច្រកចូលដោយ​ដាក់​​​ឈោ្មះ (ឆេ្នរឯករាជ្យ ឆេ្នរអូរឈើទាល ឆេ្នរអូតេ្រះ...) ដើម្បីឲ្យកូនខែ្មរសា្គល់ និងទេសចរណ៍ ព្រោះ​​កន្លងមកចេះតែហៅឈ្មោះក្រុមហ៊ុនបរទេស, ដើរត្រង់មិនបាន ព្រោះទើសតូប និង​មើល​មិន​​ឃើញ​សម្រស់ និងលំហសមុទ្រ ៣-សម្រាប់ខ្លោងច្រកចូល សូមអំពាវនាវ​សប្បុរសជន​ចូល​រួម ដោយអនុញាតឲ្យដាក់ឈោ្មះ តែមិនទទួលក្រុមហ៊ុនផ្សាយបារី ឬគ្រឿងស្រវឹង ៤-អភិវឌ្ឍន៍​តំបន់​បៃតង និងបម្រែបម្រួលអាកាសធាតុ និង៥/.លើកកម្ពស់ជីវភាពប្រជាជន និងបង្កើត​ការ​ងារ​​ជូនយុវជន។

ឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន​​ថ្លែងថា សម្រាប់ការសាងសង់តូបកំសាន្ត និងខ្លោងទ្វារឆ្នេរទាំងអស់ នឹងមិន​ប្រើប្រាស់​ថវិកា​របស់រដ្ឋនោះទេ គឺធ្វើឡើងតាមរយៈការអំពាវនាវសប្បុរសជន​ជួយ​សាងសង់ជំនួសវិញ៕




No comments:

Post a Comment