Tuesday, May 17, 2016

សម្ដេចក្រឡាហោម ស ខេង សុំឲ្យប្រជាពលរដ្ឋសហការជាមួយកងកម្លាំងនគរបាលជាតិផ្នែកសន្តិសុខ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យប្រជា​ពលរដ្ឋ​​គ្រប់​មជ្ឈដ្ឋាននិងអង្គការ​សមាគមជាតិអន្តរជាតិ​ចូលរួមសហការ​​ជាមួយកងកម្លាំង​នគរបាលជាតិ គ្រប់លំដាប់ថ្នាក់ ដើម្បីធ្វើឲ្យសន្តិសុខ សណ្តាប់ធ្នាប់សង្គម​ឲ្យមានភាព​ល្អ​ប្រសើរ​​ថែមទៀត។ សម្តេចក្រឡា​ហោម ស ខេង ថ្លែងអំពា​វ​នាវដូច្នេះក្នុង​ឱកាស​ប្រារព្វ​ពិធី​អបអរសាទរ ខួបអនុស្សាវ​រីយ៍លើកទី៧១ (១៦ ឧសភា១៩៤៥-១៦ ឧសភា ២០១៦) ថ្ងៃ​​កំណើត​​នគរ​បាលជាតិម្ពុជា។

ក្នុងឱកាស​ប្រារព្ធខួប​ថ្ងៃកំណើត​នគរបាលជាតិ​នាព្រឹកថ្ងៃទី១៦ ខែឧសភាឆ្នាំ​២០១៦នេះ សម្តេច​​ក្រឡា​ហោម ស ខេង បាន​ថ្លែង ថា កន្លង​មក កង​កម្លាំងនគរ​បាលជាតិ ដែលបាន​​ប្រសូត​ចេញ​ពីកូន​ចៅពលដ្ឋ​ខែ្មរ​គ្រប់ជំនាន់​បានឆ្លង​កាត់ឧបសគ្គជាច្រើន ហ៊ាន​ពលី​​ជីវិត​​គ្រប់​​បែប​យ៉ាង និងបាន​​ប្រកៀក​ស្មា​ជាមួយកងយោធ​ពលខេម​រភូមិន្ទ​ការពា​រជាតិ សាសនា ព្រះ​​មហា​ក្សត្រ​ ការពារ​រដ្ឋធម្ម​នុញ្ញ និង​រាជរដ្ឋា​ភិបាល ស្របច្បាប់​កើត​ចេញ​ពីការ​បោះឆ្នោត។


សម្តេច​ក្រឡា​ហោម បានបន្ដថា កម្លាំង​នគរបាលជាតិ ក៏បាន​បំពេញតួនា​ទី ភារកិច្ច​របស់​​ខ្លួន​រាប់​​មិន​អស់ ក្នុង​ស្មារតី​ទទួលខុសត្រូវខ្ពស់ ការពារឯករាជ្យ អាធិបតេយ្យភាពជាតិ បូរណភាព​ទឹកដី រក្សាស្ថិរភាពនយោបាយ ប្រឆាំងទប់ស្កាត់រាល់ឧបាយកលប៉ុនប៉ងធ្វើវិទ្ធង្សនា អំពើភេរ​វ​កម្ម បង្កា និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ និងការពារ​អាយុ​ជីវិត ទ្រព្យសម្បត្តិប្រជាពលរដ្ឋ រក្សាសុខសុវត្ថិភាពនៅមូលដ្ឋាន និងរបៀបរៀបរយ​សណ្តាប់​ធ្នាប់​សាធារណៈក្នុងសង្គម ក្រៅពីនេះកងកម្លាំងនគរបាលក៏បានចូលរួមលេណដ្ឋានសមរភូមិ ជា​មួយកងទ័ពនៃកងយោពលខេមរភូមិន្ទការពារខែ្សបន្ទាត់បង្គោលខណ្ឌសីមាព្រំដែនផងដែរ។


សម្តេចក្រឡាហោម ស ខេង បន្ថែមថា តាមរយៈកិច្ចខិតខំថែរក្សាការពារសន្តិសុខសណ្តាប់​ធ្នាប់​នោះ បានជំរុញឲ្យកម្ពុជា មានស្ថេរភាពនយោបាយ បន្តសម្រេចបានកំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់​៧ភាគ​រយនិងចំណូលប្រជាពលរដ្ឋជាមធ្យមម្នាក់ៗ កើនដល់​១៣២៥ដុលា្លរអាមេរិក​ក្នុង​មួយ​ឆ្នាំ។

នាយ​ឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរ​បាលជាតិបានថ្លែងបញ្ជាក់​ថាក្នុងឆ្នាំ​២០១៥កន្លងមក នគរបាលជាតិ​បានប្រមូលផ្តុំ​អនុវត្តភារកិច្ចស្នូល​របស់ខ្លូន ក្នុងការថែ​រក្សា​សន្តិ​សុខ​​សង្គម​ធ្វើឲ្យបទល្មើសប​ន្តថយចុះ៤% បន្ថែមទៀត បើ​ធៀបឆ្នាំ២០១៤ ដែ​លមានត្រឹ​ម ២៧០៨ករណី លើ២៨១៤ករ​ណីនិងបានចាត់វិ​ធានការបង្ក្រាប បណ្តាករ​ណីបទ​ល្មើស​​កើន​ឡើង​​រហូតដល់៧៩% ​ឃាត់ខ្លួន​ជនល្មើស​បានជាង​៣០០០នាក់៕





No comments:

Post a Comment