Wednesday, May 18, 2016

សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយសមភាគីរុស្ស៊ី ឯកឧត្តម ឌីមីទ្រី មេដវេដេវ នាយករដ្ឋមន្រ្តីរុស្ស៊ី

សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា​ចក្រកម្ពុជា និងសម​ភាគីរុស្ស៊ី ឯកឧត្តម ឌីមីទ្រី មេដវេដេវ បានដែង​នូវការ​រីករាយ​និង​ស្វាគមន៍​យ៉ាងកក់​ក្តៅបំផុតចំពោះ​ខួប​៦០​ឆ្នាំ នៃ​ទំនាក់​ទំនងការ​ទូតរបស់​ប្រទេស​ទាំងពីរកម្ពុជា-រុស្ស៊ី ដែលបាន​និងកំពុងបោះ​ជំហានទៅមុខ​គួរជាទី​មោទន​ភាពបំផុត។ នៅក្នុងជំនួប​ពិភាក្សាទ្វេភាគីដែល​ធ្វើឡើង​នៅនិវេសន​ដ្ឋាន របស់ឯកឧត្តម​នាយករដ្ឋ​មន្រ្តីរុស្ស៊ី ដែលធ្វើឡើ​ងក្នុង​ទីក្រុង​ម៉ូស្កូ សហព័ន្ធរុស្ស៊ី ឯកឧត្តម ឌីមីទ្រី មេដវេដេវ មានប្រសាសន៍​ថ្លែងនូវ​​អំ ណរ​គុណយ៉ាងជ្រាល​ជ្រៅបំផុត ដោយបានជួប​ធ្វើការពិភាក្សា​សារជាថ្មី​ម្តងទៀត ជាមួយ​សម្តេច​តេជោ នា​យករដ្ឋមន្រ្តី បន្ទាប់ពីដំណើរទ​ស្សនកិច្ចផ្លូវការ​របស់ឯកឧត្តមទៅកាន់​ប្រទេសកម្ពុជា កាលពីខែវិច្ឆិកាឆ្នាំ​២០១៥កន្លងទៅ។
ជាការឆ្លើយត​បសម្តេច​តេជោនាយក​រដ្ឋមន្រ្តីមាន​ប្រសាសន៍ថា សម្តេចបា​នជួបពិភាក្សា ជាមួយ​ថ្នាក់ដឹកនាំរុស្ស៊ី ជាច្រើនលើក​កាល​ពីពេល​កន្លងមក ហើយថ្ងៃ​នេះប្រមុខ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ទាំងពីរ បានជួប​ពិភាក្សា​ សាជា​ថ្មីម្តង​ទៀត ដែលទាក់​ទិនទៅនិង​ការជំរុញកិ​ច្ចសហ​ប្រតិបត្តិការ​នៃប្រទេស​ទាំងពីរ។ សម្តេច​តេជោនាយ​ករដ្ឋមន្រ្តីមាន​ប្រសាសន៍បន្តថា ជាង៣៧​ឆ្នាំហើយដែល​រូបសម្តេច​មិនបាន​អញ្ជើញមក បំពេញទស្សន​កិច្ចផ្លូវការនៅ​សហព័ន្ធរុស្សី។ សម្រាប់ដំណើ​រទស្សនកិច្ច​នៅពេលនេះ សម្តេចបាន​ធ្វើការកត់​សំគាល់ថា សហព័ន្ធរុស្ស៊ី មានការអភិវឌ្ឍរីក​ចំរើនយ៉ាងឆាប់​រហ័សបំផុត។ នៅក្នុងជំនួប​ពិភាក្សាចង្អៀត និង​ការទទួលទានអាហារ​ការងារថ្ងៃត្រង់​នោះដែរ សម្តេចតេជោនា​យករដ្ឋមន្រ្តី និងឯកឧត្តមនាយករដ្ឋ​មន្រ្តីរុស្ស៊ី បានធ្វើការពិភាក្សា​គ្នាយ៉ាងយ​កចិត្ត​ទុកដាក់ ក្នុងការ​ជំរុញ​ពាណិជ្ជកម្ម នៃប្រទេសទាំងពីរ ឲ្យកាន់​តែមាន​ទំហំ​ធំ ​ទ្វេឡើងថែមទៀត បើទោះបីទំហំពាណិជ្ជកម្ម​នៃប្រទេសទាំងពីរ​នៅមាន​តិចតួចនៅ​ឡើយក៏ពិត​មែន។ មេដឹកនាំនៃទាំងពីរ​ក៏បានធ្វើការ​ពិនិត្យពិភាក្សារា​ល់ទិដ្ឋភាពទាំ​ងអស់ ដែលប្រទេសទាំ​ងពីរមាន ពិសេសការ​សម្លឹងមើល​ទៅអនាគត​សម្រាប់ប្រទេសទាំង​ពីរ។
សម្តេចតេជោ​នាយក​រដ្ឋមន្រ្តីមាន​ប្រសាសន៍ចាត់​ទុក​ ដំណើរទស្សនកិច្ចរបស់​ឯកឧត្តមនាយក​រដ្ឋមន្រ្តីរុស្ស៊ី ទៅកាន់ប្រទេសក​ម្ពុជាកាល​ពីខែវិច្ឆិកា ឆ្នាំ២០១៥ គឺជា​ដំណើរទស្សន​កិច្ចជាប្រវត្តិសាស្រ្ត​លើកទី១ ដែលមិនធ្លាប់មាន​មេដឹកនាំរុស្ស៊ី អញ្ជើញទៅបំពេញ​ទស្សនកិច្ច ក្នុងប្រទេស​កម្ពុជា និងជា​ដំណើរ​ទស្សន​កិច្ចមួយដែលធ្វើ​ឡើងមុនការ​ ប្រារព្វខួបលើកទី៦០ឆ្នាំ នៃទំនាក់​ទំនងការទូត​របស់ប្រទេស​ទាំងពីរ។ ពាក់ព័ន្ធទៅនិង​កិច្ចព្រមព្រៀង​ក្នុងការគាំពារ​អ្នកវិនិយោគ នៃប្រទេស​ទាំងពីរ ឯកឧត្តម​នាយករដ្ឋ​មន្រ្តីរុស្ស៊ី​ ស្នើដល់​សម្តេច​តេជោ​​នាយករដ្ឋមន្រ្តី ត្រូវពិនិត្យមើល​លើទិដ្ឋភាព​​រួម​ទាំងអស់ ក្នុងនោះ​រួមទាំងកិច្ចព្រម​ព្រៀង​ដែលប្រទេស​ទាំងពីរមាន ក្នុងចន្លោះ​ពីឆ្នាំ១៩៥៦ រហូតមក​ដល់ឆ្នាំ ១៩៩១ ធ្វើយ៉ាងណា​ឲ្យឯកសារ​ទាំងអស់នោះបាន​ឆ្លើយតបទៅនឹ​ងបច្ចុប្បន្នភាព សម្រាប់ប្រ​ទេសទាំ​ងពីរ។ ឯកឧត្តម​នាយករដ្ឋ​មន្រ្តីរុស្ស៊ី ក៏បានគូសបញ្ជាក់​ពីការប្តេជ្ញាចិត្ត ក្នុងការជំរុញ​ទំហំពាណិជ្ជកម្ម នៃប្រទេសទាំង​ពីរ តាមរយៈការ​ជំរុញឲ្យ​មានការផ្លាស់​ប្តូរមុខ​ទំនិញ​ពីគ្នាទៅវិញ​ទៅមក រួមទាំង​ការគិតគូ​រជំរុញ​អ្នកវិនិយោគ រុស្ស៊ីមក​បណ្តាក់​ទុន​នៅកម្ពុជាលើការ​កសាង​ហេដ្ឋារ​ចនាសម្ព័ន្ធ ក្នុងនោះរួម​ទាំងផ្លូវ​ដែកផ​ងដែរ។   ក្នុងជំនួប​​ពិភាក្សា​ទ្វេភាគីនោះ​ដែរ សម្តេច​តេជោនា​យក​រដ្ឋមន្រ្តី មានប្រ​សាសន៍​ទៅកាន់​សមភាគី នាយករដ្ឋមន្រ្តីរុស្ស៊ី ខិតខំជំរុញ​ទំហំ​ពាណិជ្ជកម្ម​នៃប្រទេសទាំងពីរ​តាមរយៈ
ទី១-ត្រូវអនុវត្តនូ​វកិច្ចព្រម​ព្រៀង ដែ​លមាន​សម្រាប់ប្រ​ទេសទាំងពីរ លើវិស័យ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម និងការ​វិនិយោគ​សម្រាប់ប្រទេសទាំង​ពីររហូត​ដល់ឆ្នាំ​២០២០
ទី២-ស្នើដល់​ភាគីរុស្ស៊ី​ផ្តល់ដល់​កម្ពុជា ក្នុងការនាំ​ចេញពីកម្ពុជា​ដោយមិនចាំ​បាច់ក្នុងការ​បង់ព័ន្ធ និង​គ្មាន​កូតា 
ទី៣-ស្នើដល់​ភាគីរុស្ស៊ី​ជួយទិញ​កសិផល និងផលិត​ផល​កសិកម្ម​ពីកម្ពុជា
និងទី៤-ស្នើបង្កើតឲ្យមាន​នូវក្រុម​ប្រឹក្សា​ធុរកិច្ចកម្ពុជា រុស្ស៊ី។
ឯកឧត្តម​នាយក​រដ្ឋមន្រ្តីរុស្ស៊ី បានឯកភាព​ចំពោះសំណើរ​របស់​ភាគី​កម្ពុជា តាម​រយៈកិច្ច​ពិភាក្សា​គ្នានោះដែរ ឯកឧត្តម​បានសន្យាថា និងជួយដល់គ្រូ​បង្វឹក​ដល់ក្រុម​កីឡា​របស់កម្ពុជា​ក្នុងការ ធ្វើជាម្ចាស់​ផ្ទះកីឡាស៊ីហ្កេ​មនៅឆ្នាំ​២០២៣​ខាងមុខ។
ក្នុងជំនួបពិភាក្សាគ្នា​នោះដែរ​ប្រមុខរដ្ឋាភិបាល​នៃប្រ​ទេសទាំងពី​រកម្ពុជា-រុស្ស៊ី ក៏បានពិភាក្សា​គ្នាយ៉ាង​យកចិត្ត​ទុកដាក់ទៅ​លើបញ្ហា​ទ្វេភាគី បញ្ហា​តំបន់ និងអន្តរ​ជាតិដែល​មានការ​យកចិត្តទុក​ដាក់​ដូចគ្នា។ បន្ទាប់ពីបាន​បញ្ចប់កិច្ច​ពិភាក្សាប្រកបដោ​យលទ្ធផល​ដ៏ត្រចះត្រ​ចង់រួចមក សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី និងឯកឧត្តម​នាយក​រដ្ឋមន្រ្តីរុស្សី បានអញ្ជើញ​ធ្វើជាសាក្សី​ ក្នុងពិធី​ចុះហត្ថលេខា​លើឯកសារ​កិច្ចព្រមព្រៀង និងអនុស្សារណៈ​សំខាន់ៗ​ចំនួន៨ ក្នុងនោះរួមមាន
ទី១- សន្ធិ​សញ្ញាស្តីពី​បត្យាប័ន​រវាង​ព្រះរាជាណាច​ក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី។
ទី២-អនុស្សារណៈនៃការយោគយល់​គ្នាស្តីពីកិច្ច​ស​ហប្រតិ​បត្តិការ​រវាង​ក្រសួង​យុត្តិធម៌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងការិយាល័យអគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្សី។
ទី៣-អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ច​សហប្រតិបត្តិ​ការលើវិស័យ​ទូរគមនា​គមន៍ និង​បច្ចេកវិទ្យាព័ត៌មាន រវាងក្រសួង​ប្រៃសណី​និងទូរគ​មនាគមន៍ នៃព្រះ​រាជាណា​ចក្រកម្ពុជា​ជាមួយ និងក្រសួងទូរគមនាគមន៍ និងប្រព័ន្ធ​ផ្សព្វផ្សាយ នៃសហព័ន្ធរុស្ស៊ី។
ទី៤-អនុស្សារណៈ​ស្តីពីកិច្ច​សហប្រតិបត្តិ​ការ រវាងគណៈ​កម្មាធិការ​ជាតិអូឡាំ​ពិកកម្ពុជា និងគណៈ​កម្មាធិការអូ​ឡាំពិក​រុស្ស៊ី។
ទី៥-សេចក្តីប្រកាស​រួម​ស្តី​ពី​បញ្ជីសំណើរ​គម្រោងសម្រាប់​កិច្ចសហប្រតិ​បត្តិការ​កម្ពុជា-រុស្ស៊ី លើវិស័យពាណិ​ជ្ជកម្ម សេដ្ឋកិច្ច និងវិនិ​យោគដល់​ឆ្នាំ២០២០។
ទី៦-អនុស្សារណៈ​នៃការយោគ​យល់គ្នា រវាងក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍ​ដោយ​ចិរភាព នៃព្រះរាជា​ណាចក្រកម្ពុជា និងសាជីវកម្ម​ថាមពល​បរមា​ណូ រដ្ឋ ROSATOM (សហព័ន្ធរុស្ស៊ី) ស្តីពីការ​បង្កើតមជ្ឈម​ណ្ឌលព័ត៌មាន​ថាមពលនុយ​ក្លេអ៊ែរ៊។
ទី៧-អនុស្សារណៈ​នៃការយោគ​យល់គ្នា រវាងក្រុម​ប្រឹក្សា​​ជាតិ​​អភិវឌ្ឍ​ដោយចិរភាព នៃព្រះរាជា​ណាចក្រកម្ពុជា និងសាជីវកម្ម​ថាមពល​បរមាណូ រដ្ឋ ROSATOM (សហព័ន្ធរុស្ស៊ី) ស្តីពីការបង្កើតក្រុ​មការងារ​រួមកម្ពុជា-រុស្ស៊ី លើកិច្ចសហប្រតិបត្តិការ​ក្នុងការ​ប្រើប្រាស់​ថាម​ពល​បរមាណូ ក្នុងគោល​បំណង​សន្តិភាព
និងទី៨-កិច្ចព្រមព្រៀងស្តី​ពីកិច្ច​សហប្រតិបត្តិការ រវាង​ក្រសួងមហា​ផ្ទៃនៃព្រះរា​ជាណាចក្រកម្ពុជា និងក្រសួង​មហាផ្ទៃ​នៃសហព័ន្ធរុស្ស៊ី។

សូមបញ្ជាក់ផង​ដែរថា ក្នុងដំណើរ​ទស្សនកិ​ច្ចជាប្រវត្តិសាស្រ្តរបស់ ឯកឧត្តមនាយក​រដ្ឋមន្រ្តីរុស្ស៊ី ឌីម៉េទ្រីមេវេដេវ ទៅមកកាន់​ប្រទេសកម្ពុជា កាលពីខែវិ​ច្ឆិកា ឆ្នាំ២០១៥កន្លងទៅ ប្រមុខរដ្ឋាភិបាល​នៃប្រទេស​ទាំងពីរបានឯ​កភាពគ្នា ចុះហត្ថលេខា​លើ ឯកសារ កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់គ្នាលើឯកសារសំ​ខាន់ៗ ចំនួន១០ ដើម្បីពង្រឹង កិច្ច​សហប្រតិបត្តិការ នៃប្រទេសទាំងពីរ​ឲ្យកាន់តែរឹងមាំ​ទ្វេឡើងថែមទៀត៕


No comments:

Post a Comment