Wednesday, May 18, 2016

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ចូលរួមកិច្ចប្រជុំកំពូល «ខ្សែក្រវាត់មួយ វិថីមួយ» នៅទីក្រុងហុងកុង

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅ​ព្រឹក​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ បាន និងកំពុងចូលរួមកិច្ចប្រជុំកំពូល «ខ្សែក្រវាត់មួយ វិថី​មួយ» រៀបចំឡើងដោយរដ្ឋាភិបាលទីក្រុងហុងកុង និងមានការចូលរួមពីមន្រ្តីជាន់ខ្ពស់រដ្ឋាភិ​បាល​មកពីបណ្តាប្រទេសនានា វិនិយោគិន និង ភ្នាក់ងារម្ចាស់ជំនួយសរុបជាង ២០០០នាក់។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារ​ជាមួយ​លោក​ Paul CHAN លេខាធិការទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍ទីក្រុងហុងកុង លោក Gregory SO លេខាធិការទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និង អភិវឌ្ឍន៍សេដ្ឋកិច្ចទីក្រុងហុងកុង លោក Margar et Fong នាយកប្រតិបត្តិ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្ម នៃទីក្រុងហុងកុង និង​អ្នក​ចូលរួមដទៃទៀត ដើម្បីពិភាក្សាអំពីមធ្យោបាយផ្តល់ ហិរញ្ញប្បទានដល់ការអភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធនៅកម្ពុជា។
លោក Paul Chan បានអញ្ជើញឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដឹកនាំគណៈ​ប្រតិភូ​កម្ពុជាអញ្ជើញទៅបំពេញទស្សនកិច្ច និងសិក្សាស្វែងយល់អំពីរបៀបដែលទីក្រុងហុងកុងបាន​​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុងរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។

សូមបញ្ជាក់ថា គំនិតផ្តួចផ្តើមបង្កើត «ខ្សែក្រវាត់មួយ វិថីមួយ» របស់ប្រទេសចិន ត្រូវបាន​បង្កើត​ឡើង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចនៃបណ្តាប្រទេសជាង ៦០នៅ​តំបន់​អាស៊ី អឺរ៉ុប និងអាហ្វ្រិក។ គំនិតផ្តួចផ្តើម ដែលបានលើកឡើងនេះ ជាការបង្កើនកិច្ច​សហ​ប្រតិ​បត្តិការ លើកិច្ចសម្របសម្រួលគោលនយោបាយការតភ្ជាប់ពាណិជ្ជកម្ម និងការវិនិយោគ ការ​ធ្វើ​សមាហរណកម្មហិរញ្ញវត្ថុ និង ផ្លាស់ប្តូរវប្បធម៌ទៅ វិញទៅមក៕



No comments:

Post a Comment