Wednesday, January 20, 2016

ទស្សនៈ ដោយ៖ ពង្ស សុក្រឹត្យ «សមិទ្ធផលពិត ឆ្លុះបញ្ចាំងនូវ​ភាពជោគជ័យ»

តាម​ទស្សនៈរបស់​អ្នក​វិភាគ​ និង​អ្នក​តាម​ដាន​ស្ថាន​ការណ៍​នយោបាយ​ សម្រាប់​ឆ្នាំ​ថ្មី​នេះ​ បាន​កត់​សម្គាល់​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​​ កំពុង​មាន​សន្ទុះ​យ៉ាង​ខ្លាំង​ក្លា កៀគរបានការចាប់អារម្មណ៍​គាំទ្រពី​សាធារណជន​ ដាច់​ឆ្ងាយ​ពី​គណបក្ស​ប្រឆាំង​ ទាំង​ទិដ្ឋភាព​ចិត្តសាស្ត្រនយោបាយ​ និង​ប្រជា​ប្រិយភាព​ ហើយ​សង្ឃឹម​យ៉ាង​មុត​មាំ​​ថានឹង​ទទួល​បាន​ជោគជ័យ​យ៉ាង​ពិត​ប្រាកដ​នៅ​ពេល​​បោះ​ឆ្នោត​នា​អាណត្តិ​ទី​៦​​ ខាង​មុខ​នេះ​។
អ្វី​ដែល​ជាតឹក​តាង​បញ្ជាក់​ពី​ក្តី​សង្ឃឹម​នេះ​ គឺ​ផ្អែក​ទៅ​លើ​ជោគជ័យ​ជាបន្ត​បន្ទាប់​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​​ស៊ី​ជម្រៅ​​នូវ​អត្តចរិត​​របស់មន្ត្រី​​គណបក្ស ​ដោយ​ផ្អែក​​​​តាម ​អភិក្រម ឆ្លុះ​កញ្ចក់ មុជ​ទឹក ដុស​ក្អែល និង​​ព្យាបាល  និង​បម្រើ​​ប្រជាពលរដ្ឋ​​អោយ​បាន​​ដិត​ដល់​។
​សន្និបាតគណៈ​កម្មាធិការ​កណ្តាល​គណបក្ស​​ប្រជាជន​​កម្ពុជា ​រយៈពេល​ពីរ​ថ្ងៃ​កាល​ពី​សប្តាហ៍​​កន្លង​ទៅ​នេះ ​ ដែល​ជា​ក្បាល​ម៉ាស៊ីន​នយោបាយ​ស្នូល​ បាន​ដាក់​ផែន​ការ​យុទ្ធ​សាស្ដ្រ ​​ដើម្បី​​កសាង​​ប្រជាប្រិយភាព​​​របស់​គណបក្ស​ ឲ្យ​កាន់​តែ​មាន​ទំនុក​​​ចិត្ត​ពី​ប្រជាពលរដ្ឋថែម​ទៀត​​ ជាពិសេស​ការ​យក​ចិត្ត​ទុក​ដាក់​​ក្នុង​​ការ​ដំឡើង​ប្រាក់​បៀវត្សរ៍​ដល់​មន្ត្រី​រាជ​ការ​កង​កម្លាំង​ប្រដាប់​អាវុធ​ និងប្រាក់​បំណាច់​គោល​របស់​កម្មករ​​ឲ្យ​បានសម​រម្យ​ ​​ស្រប​ទៅ​តាម​ទំហំ​នៃ​ការ​រីក​ចម្រើននៃ​សេដ្ឋកិច្ច​ជាតិ។​ អង្គសន្និបាត​​ក៏បាន​លើក​នូវ​​យុទ្ធ​សាស្ត្រ​ថ្មីៗ​ជាច្រើន​ទៀត​ ​​សម្រាប់​ត្រៀម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​​នៅ​​ ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​ឆ្នាំ​២០១៨ ផង​ដែរ​។
ក្រុម​អ្នក​វិភាគ​បាន​មើល​ឃើញ​ថា ​​គណ​បក្ស​ប្រជាជន​កម្ពុជា​មាន​ភាព​វៃ​ឆ្លាត​ក្នុង​ការ​សំយោគ​​បញ្ហា ​ហើយ​​ដាក់​ចេញ​ជា​ផែន​ការ​នយោបាយ​សម្រាប់ឈាន​ទៅ​រក​ជ័យ​ជំនះ​​។​ គេ​មិន​​អាច​និយាយ​​បា​ន​ថា​ ភាព​បត់​បែន​ទាន់​​សភាពការណ៍​ ​របស់​គណបក្ស​​ពោរពេញ​ដោយ​បទពិសោធន៍​​មួយ​នេះ​ ជាការ​រត់​តាម​គោល​នយោបាយ​របស់​គណបក្ស​ណាមួយ​នោះ​ទេ​ សំខាន់​​គឺ​គណបក្ស​ប្រជាជន​​​បាន​ដាក់​ផែនការ​​តម្លើង​ប្រាក់ខែ​ ទាំង​សម្រាប់​មន្ត្រីរាជការ កងកម្លាំង​ប្រដាប់​អាវុធ ទាំង​សម្រាប់​កម្មករ​រោង​ចក្រ​ឲ្យ​បាន​​ដល់​ចំណុច​ដែល​ពួកគេ​ចង់​បាន​រហូត​ដល់​ឆ្នាំ​២០១៨។ ​ទាំងនេះគឺជា​ចំណុច​គន្លឹះ​ដែល​គណបក្ស​​កាន់​អំណាច​យល់​ថា​ឆ្នាំ​២០១៨ គឺ​ជា​ឱកាស​ល្អ​ដែល​ត្រូវ​សម្រេច​ឲ្យ​បាន​ដោយ​សារ​​តែ​​គណបក្ស​បាន​ដាក់​ចេញ​នូវ​គោល​ដៅ​ទាំង​នេះ​ ដើម្បី​ឲ្យ​ស្រប​ពេល​នឹង​ការ​បោះ​ឆ្នោត​សកល​​។ ប្រសិន​​បើ​ ​​ផែនការនេះ​សម្រេច​ជោគជ័យ​នោះ​ ​ផលវិជ្ជមាន​ពិត​ជា​លេច​ចេញ​ពី​ទឹក​ចិត្ត​​អ្នក​បោះឆ្នោត​​ក្នុង​​ការ​ផ្តល់​សក្តានុពល​ជ័យ​ជំនះ​ជាក់​ជាមិន​ខាន​។
ម្យ៉ាង​ទៀត​ លោក​ ហ៊ុន សែន​ កំពុងតែទទួលបាន​ការគាំទ្រ​ពីសំណាក់​ប្រជាពលរដ្ឋ​ទូទៅ​យ៉ាង​ខ្លាំង​ ចំពោះឥរិយាបថរបស់​លោក​ ​ក្នុង​ការ​ធ្វើទំនាក់ទំនងដោយផ្ទាល់ និងមិនរើសអើង​ចំពោះ​មនុស្ស​ទូទៅជាសាធារណៈ​តាម​រយៈ​ឧបករណ៍នយោបាយថ្មី គឺបណ្តាញផ្សព្វផ្សាយសង្គម Facebook​។ តាម​ការ​ប្រមើមើល​របស់ក្រុម​អ្នកវិភាគ​ និង​តាមដាន​ស្ថានការណ៍​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​បង្ហាញ​ថា​ ទំនោរ​នៃ​ដំណើរ​ការប្រើប្រាស់​​ឧបករណ៍នយោបាយថ្មីនេះ​ លោក ហ៊ុន សែន គឺមានឥទ្ធិពល​ និង​ភាព​វិជ្ជមាន​ខ្លាំង​​ដល់​ដំណើរ​ឆ្ពោះ​ទៅ​រក​ជោគជ័យ​ក្នុងជីវិតនយោបាយរបស់លោកជាថ្មី​ម្តងទៀត។
ទន្ទឹម​គ្នា​នឹង​ស្ថាន​ភាព​របស់​គណបក្ស​ប្រឆាំង​ កំពុង​តែ​មាន​ភាព​ច្របូក​ច្របល់​ បែក​ខ្ញែក​កម្លាំង​​ប្រៀប​ដូច​ជាពស់​ដាច់​ក្បាល​ ដាច់​កន្ទុយ​ ក្រុម​អ្នក​តាម​​ដានស្ថាន​ការណ៍​​នយោបាយ​បាន​​​វាយ​តម្លៃ​ទៀត​ថា​ គណបក្ស​មួយ​ដែល​មាន​មេបក្ស គ្មាន​ទស្សនៈវិស័យ​នយោបាយ​ដឹក​នាំ​ច្បាស់​លាស់​​​ គ្មាន​ចរិត​ទទួល​ខុសត្រូវ​ចំពោះ​មុខ​បញ្ហា​ដែល​កើត​មាន​ឡើង​​ គឺ​មិន​យូរ​ឡើយ​គណបក្ស​នោះ​នឹង​ត្រូវ​រលាយ​។​ ម្យ៉ាង​ទៀត​ មក​ដល់​ពេល​នេះ​ផ្ទៃ​ក្នុង​របស់​គណបក្ស​ប្រឆាំង​​កំពុង​តែ​មាន​ការ​ប្រកួត​ប្រជែង​អំណាច​ រវាង​មេបក្ស​ដែល​​មិន​ហ៊ាន​ចូល​ស្រុក​ និង​មេបក្ស​នៅក្នុង​ស្រុក​ ហើយ​មេបក្ស​ដែល​នៅក្នុង​ស្រុក​ កំពុង​ប្រើ​យុទ្ធសាស្ត្រ​ «ច្រេះស៊ីដែក» ក្នុង​គោល​បំណង​​ក្តោប​យក​គណបក្ស​សង្គ្រោះជាតិ​ទាំង​មូល​ជា​របស់​​ផ្តាច់​មុខ​តែម្តង​។​​​​​
បើ​ក្រឡេក​មើល​ប្រវត្តិ​របស់​លោក​ កឹម សុខា​ កាល​ពី​អតី​តកាល ចាប់​តាំង​ពី​មាន​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣​មក​​ ប្រជាពលរដ្ឋ​ និង​អ្នក​នយោបាយ​ ​អាចដឹង​​យ៉ាង​ច្បាស់​ថា​ លោក​ កឹម​ សុខា​ ពិត​ជា មនុស្ស​​​ម្នាក់​​ដែល​​គ្មាន​​ឈ្មោះ​បោះ​សម្លេង​នៅ​ក្នុង​ឆាក​នយោបាយ​នៅ​កម្ពុជា​នោះ​ឡើយ​។​ ផ្ទុយ​ទៅ​វិញ​ នៅ​ពេល​ដែល​​វត្ត​មាន​របស់​លោក​ កឹម សុខា​ ជាសកម្មជន​នៅក្នុង​បក្ស​​នយោបាយ​ណា​មួយ​ហើយ​ គឺ​បក្ស​​នយោបាយ​នោះ​នឹងបែក​បាក់ រលំ​​រលាយ ​ជាក់​ជាមិន​ខាន។​
ក្នុង​ដំណាក់កាល​ដែល​មេបក្ស​ប្រឆាំង​កំពុង​គេច​ខ្លួន​ពី​សំណាញ់​ច្បាប់ ដូច​ពេល​នេះ​​ ក្រុម​អ្នក​វិភាគ​បាន​លើក​ឡើង​ថា​ លោក​ កឹម សុខា​ កំពុង​តែ​ធ្វើ​ការ​ស្ទាប​ស្ទង់ ​ក្នុង​ការ​ឡើង​កាន់​កាប់អំណាច​ជា​មេបក្ស​​ផ្តាច់​មុខ​ផង​​ និង​ចង់​បាន​តួនាទី​ជាប្រធាន​ក្រុម​តំណាង​រាស្ត្រ​ភាគតិច​នៅក្នុង​រដ្ឋ​សភា​ផង​ ព្រោះ​ត្រូវ​ទទួល​បាន​ឋានៈ​ស្មើ​នាយក​រដ្ឋ​មន្ត្រី​ ពិសេស​ជាង​នេះ​ទៀត​ លោក​ក៏​នៅ​តែ​ចង់​បាន​តំណែង​ជាអនុប្រធាន​ទី​១​នៃ​រដ្ឋ​សភា​ដដែល​ ដូច្នេះ​ហើយ​ ទើប​គេ​ឃើញ​លោក កឹម សុខា​ កំពុង​ថ្នម​សភាព​ការណ៍​​របៀប​យក​ចិត្ត​មេដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា​ ដោយ​មិន​ហ៊ាន​ចេញ​មុខ​ប្រតិកម្ម​ ឬរិះគន់​ដូច​ពេល​មុនៗឡើយ​ ឬ​ប្រហែល​ជាអាច​ មាន​ការ​ណែនាំ​ពី​អ្នក​នយោបាយ​ណា​ម្នាក់​ ឲ្យ​ផ្អាក​ការ​រិះគន់​ បក្ស​កាន់​អំណាច​មួយ​រយះ​សិន​​ក៏ថា​​បាន​ ព្រោះ​នេះ​ជា​យុទ្ធសាស្ត្រ​របស់​អ្នក​នយោបាយ​។​
ក្រុម​អ្នក​វិភាគ​ក៏​បាន​លួច​ខ្សឹប​​ផង​ដែរ​ថា​ លោក​ កឹម សុខា​ អាច​ជាកូន​ជឹង​របស់​លោក​ ហ៊ុន សែន​ ដែល​បាន​បញ្ជូន​ឲ្យ​បង្កប់​ខ្លួន​ក្នុង​គណបក្ស​សង្គ្រោះជាតិ​ ដើម្បី​ឈាន​ទៅ​កាន់​កាប់​គណបក្ស​ប្រឆាំង​ និង​ធ្វើ​ឲ្យ​ផ្ទៃ​ក្នុង​គណបក្ស​នេះ​​​ជ្រួល​ច្របល់​ ដើម្បី​បំបែក​សម្លេង​ពី​​គណបក្ស​សង្គ្រោះ​ជាតិ​ ដូច្នេះ​ហើយ​ទើប​គេ​ឃើញ​សកម្មជន​របស់​បក្ស​មួយ​នេះ​ ចាកចេញ​ជា​ហូរហែរ​​ទៅ​គណបក្ស​ថ្មីៗ​ដែល​ទើប​ប​ង្កើត​​។​
គេនៅចាំ​បាន​ថា​ គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក​ កឹម សុខា​ មក​ដល់​ពេល​នេះ​គឺ​នៅ​​មិន​ទាន់​រំលាយ​នៅឡើយ​ទេ​ ហើយ​បក្ស​មួយ​នេះ​កើត​ឡើង​បាន​ ក៏​ធ្លាប់​មាន​ការ​ជួយ​ជ្រោម​ជ្រែង​​ទាំង​ថវិកា​ និង​ទីតាំង​ធ្វើ​សមាជ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ផង​ដែរ​។​

 បើគ្រប់​សមរភូមិ​​ត្រូវ​បាន​វាយ​បំបាក់​​​ទាំង​លើ​សាធារណៈមតិ​ជាតិ​ និង​លើ​ឆាក​អន្តរជាតិ​ បាត់​បង់​​នូវ​ការ​គាំ​ទ្រ​ ទាំង​ស្មារតី​ និង​ថវិកាបែប​នេះ​ទៅហើយ​ តើ​​ជោគវាសនា​របស់​គណបក្ស​សង្គ្រោះជាតិ​ នឹង​ត្រូវ​បញ្ចប់​នៅ​អាណត្តិ​ក្រោយ​នេះ​ឬយ៉ាង​ណា​? ​តើ​ជំរុំ​ព្រះអាទិត្យ ពិត​ជា​កំពុង​​​បាត់​បង់​នូវ​ពន្លឺ​បន្តិច​ម្តង​ៗ​​ ប្រៀ​ប​ដូចសុរិយា​អស្តង្គតដូច​លោក​គ្រូ​ហោរាសាស្ត្រថៃ​បាន​​ទោះ​ទាយ​​កាល​ពី​ដើម​ឆ្នាំ​២០១៥​មែន​ឬទេ?​

No comments:

Post a Comment