Wednesday, January 20, 2016

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាន​បើកកិច្ចប្រជុំ​ការងារ​បច្ចេកទេស​សម្រាប់កម្ម​វិធីកែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុសា​ធារណៈ

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា នៅព្រឹកថ្ងៃ​ទី​១៨​ ខែមករា ឆ្នាំ ២០១៦កន្លងទៅនេះ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានរៀបចំកិច្ច-ប្រ​ជុំ​ ក្រុមការងារបច្ចេក​ទេសសម្រាប់កម្មវិធី​កែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ (Public Financial Management Technical Working Group “PFMTWG”) ក្រោម​អធិបតីភាពឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងា​រ​កែ​ទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក និងមន្ត្រី ពីគ្រប់ក្រសួង /ស្ថាប័ន ដែលជាសមាជិកគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រម ទាំងតំណាងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធទាំងអស់ ។

កិច្ចប្រ​ជុំក្រុមការ​ងារបច្ចេកទេស “PFMTWG” គឺជាយន្ត​ការសម្របសម្រួល​មួយក្នុង ចំណោម​យន្តការ សម្រប​សម្រួលថ្នាក់ជាតិ​ទាំង១៩ របស់​រាជរដ្ឋាភិ​បាលដែលបាន​បង្កើតឡើងសម្រាប់តាមដាននិងពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍នានា លើការងារត្រួតពិនិត្យ កម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីឈានទៅធ្វើការផ្សព្វផ្សាយជាផ្លូវការ និងជាសាធារណៈនូវរបាយការណ៍សកម្មភាពកែ ទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់គ្រប់ក្រសួង-ស្ថាប័នដែលបានអនុវត្តន៍កម្លងមក ។

យោងតាមសេចក្តីប្រកាសព័ត៌មាននោះក៏​បានឱ្យដឹងដែរថា ប្រធានបទ៤ត្រូវបានលើក​យកមក​ពិ​ភា​​ក្សា៖ ១-ត្រួតពិនិត្យរបាយ​​ការណ៍វឌ្ឍនភាពប្រចាំត្រីមាសទី៣ ឆ្នាំ២០១៥ ២-ការវាយ​តម្លៃលើប្រព័ន្ធគ្រប់​គ្រង ហិរញ្ញវត្ថុ​សាធារណៈកម្ពុជា ដោយប្រើក្របខ័ណ្ឌរង្វាស់​សមិទ្ធកម្មរបស់​កម្មវិធីគណនេយ្យភាពហិរញ្ញវត្ថុ និងការចំណាយសាធារណៈ (PEFA) ៣- ការរៀបចំផែនការសកម្មភាពរួមដំណាក់កាលទី៣សម្រាប់ កម្មវិធីកែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ និង៤- របៀបវារៈពិធីប្រកាសដាក់ឱ្យអនុវត្តដំណាក់កាលទី ៣ និងកិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃវឌ្ឍនភាពប្រចាំឆ្នាំ ២០១៥ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ។

នៅក្នុងកិច្ចប្រជុំនោះផងដែរ តំណាងដៃគូ​អភិវឌ្ឍន៍ក៏បានវាយតម្លៃថា កម្មវិធីមានវ​ឌ្ឍនភាពគួរជាទីមោទនៈ និងបានថ្លែងសាទរដល់​កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការរៀបចំកិច្ចប្រជុំ​ពិគ្រោះយោបល់ និងត្រៀម​រៀបចំកិច្ចប្រ​ជុំប្រចាំ​ឆ្នាំនាពេល​ខាងមុខ និង​បានផ្តល់អនុសាសន៍​កែលម្អមួយ​ចំនួនលើ​កិច្ចការងារ​កែទម្រង់​កន្លងមក ក្នុងនោះ​រួមមាន ការងារ​ត្រៀមរៀបចំ​ដាក់ឱ្យអនុវ​ត្តប្រព័ន្ធព័ត៌មាន​វិទ្យាសម្រាប់កា​រគ្រប់​គ្រងហិរញ្ញវត្ថុ ក៏ដូចជា​កិច្ចដំណើរ​ការនៃការកែទម្រង់ប្រព័ន្ធថវិកាផងដែរ។
                                                                           
នៅចុងបញ្ចប់នៃកិច្ចប្រជុំនោះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ក៏បានផ្តល់អនុសាសន៍ និងណែនាំជាវិធានការណ៍ សម្រាប់អនុវត្តបន្ត​ បន្ទាប់ពីបានប្រមូលនូវធាតុ​ចូលសំខាន់ៗបន្ថែម និងអនុម័តរួមគ្នាលើគោលការណ៍ និង ខ្លឹមសារអនុវត្តបន្ត។


No comments:

Post a Comment