Wednesday, January 20, 2016

ក្រុមការ​ងារចំពោះកិច្ចបញ្ចប់​ការពិនិត្យ ផ្តល់យោបល់​លើសេចក្តីព្រាងច្បាប់ ស្តីពីសហជីព ដើម្បីបម្រើផល​ប្រជយោជន៍កម្មករ សហជីព និងនិយោជក

ក្រុមការងារចំពោះកិច្ច នៃគណបក្ស ដែលមានអាសនៈក្នុងរដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ជាប្រធាន និង ឯកឧត្តម សុន ឆ័យ អនុប្រធាន បានបញ្ចប់ការប្រជុំពិនិត្យ សិក្សា ផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីសហជីព នៅព្រឹកថ្ងៃ ទី១៩ ខែមករា ឆ្នាំ២០១៦ បន្ទាប់ពីបានជួបប្រជុំគ្នាចំនួនបីលើក ក្នុងការពិនិត្យលើសំណើ សំណូមពរ ទំាងឡាយ ពីភាគី ពាក់ព័ន្ធ ក្នុងការកែលម្អរ សេចក្តីព្រាងច្បាប់ស្តីពីសហជីព ។

ក្រោយជំនួបពិភាក្សាជា លើកទី៣ នាព្រឹកថ្ងៃទី១៩ ខែមករា នៅវិមានរដ្ឋសភា ឯកឧត្តម សុខ ឥសាន និង សុន ឆ័យ បានជម្រាបពីលទ្ធផល នៃកិច្ចប្រជុំថា ក្រុមការងារចំពោះកិច្ច បានសម្រេចលទ្ធផលជាវិជ្ជមានតាមសំណើដែលទទួលបានពីអ្នកពាក់ព័ន្ធ ក្នុងនោះមានមកពីខាងសហជីព និងខាងនិយោជក ជាដើម។

ឯកឧត្តមទំាងពីរបានគួសបញ្ជាក់ថា កិច្ចពិភាក្សានាពេលកន្លងមក បានឈរលើគោលការណ៍ច្បាប់ ដែលមានជាធរមាន ដូចជាច្បាប់ធម្មនុញ្ញ ច្បាប់ការងារ និងអនុសញ្ញាអន្តរជាតិខាងការងារលេខ៨៧ និងលេខ៩៨ ជាដើម។ យើងបានជជែកគ្នា ដើម្បីធ្វើឲ្យសេចក្តីព្រាងច្បាប់កាន់តែល្អ មានគតិយុតគ្រប់គ្រាន់ក្នុងការធានាផលប្រយោជន៍កម្មករ កម្មការិនី សហជីព និងនិយោជក

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីសហជីព ដែលរដ្ឋសភាបានទទួលពីរាជរដ្ឋាភិបាល មានចំនួន១៧ជំពូក និងចែកចេញជា១០០មាត្រា។ កន្លងមក ក្រុមការងារចំពោះកិច្ចបានទទួលសំណើចំនួន២១ចំនុច ពីខាងសហជីព និង៧ចំនុច ពីខាងនិយោជក ក្នុងការកែលម្អរលើសេចក្តីព្រាងច្បាប់នេះ។ គណៈកម្មការចំពោះកិច្ច បានជួបគ្នាចំនួន៣លើក ដើម្បីពិភាក្សា ផ្តល់យោបល់ លើសំណើរ សំណូមពរ ទំាងអស់នោះ ។ ជំនួបលើកទី១ ធ្វើឡើងនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ ដោយសម្រេចបាន២ចំណុច។ ចំណែកឯជំនួបលើកទី២ ប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ ដោយសម្រេចបាន៧ចំណុច ហើយចំនុចនៅសល់ត្រូវបាន សម្រេចនៅក្នុងជំនួបលើកទី៣ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ។


ឯកឧត្តម សុខ ឥសាន និង សុន ឆ័យ បានបញ្ជាក់ដូចគ្នាថា ការជួបជជែកគ្នាលើសំណើនានា បានបញ្ចប់មែន តែដើម្បីឲ្យមានការចូលរួមពី គ្រប់ភាគីពាក់ព័ន្ធផ្សេងៗទៀត ក្រុមការងារចំពោះកិច្ច គ្រោងនឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាសាធារណៈ លើសេចក្តីព្រាងច្បាប់នេះ នាពេលខាងមុខ បន្ថែមទៀត៕



No comments:

Post a Comment