Thursday, December 03, 2015

សម្តេចតេជោ ៖ យើងពិការតែរាងកាយ តែមិនពិការផ្លូវចិត្តទេ

ប្រមុខរាជ​រដ្ឋាភិបាលកម្ពុជា ​សម្តេចតេជោ ​ហ៊ុន សែន ​នៅថ្ងៃទី ០៣ ​ខែធ្នូ ឆ្នាំ២០១៥នេះ ​បានផ្ញើរសារដ៏ក្តុកក្តួល​ដល់បងប្អូន​ជនពិការទាំងអស់ ​ក្នុងឱកាសទិវា​ ជនពិការកម្ពុជា​លើកទី១៧ ​និងទិវាជនពិការ​អន្តរជាតិលើក​ទី៣៣ថា «បងប្អូនជនពិការ​ ជាទីគោរព​ស្រឡាញ់ ​ខ្ញុំបានចេញ ​សារាចរណែនាំ​មួយហើយ ​លើការរៀបចំ​ទិវាជនពិការ​ ថ្ងៃទី០៣ ​ខែធ្នូ ២០១៥នេះ ​តែថ្ងៃនេះខ្ញុំចង់​និយាយទៅកាន់បងប្អូន​ ក្នុងឋានៈ​ជាជនពិការ​ដូចគ្នាថា ​យើងពិការ​តែរាងកាយ ​តែយើងមិនពិការ​ផ្លូវចិត្តទេ» ​នៅក្នុងគណនី ​Facebook ផ្លូវការរបស់​សម្តេចតេជោ ​Samdech Hun Sen, Cambodian Prime Minister បាន​បង្ហោះផ្សាយ​ជាសាធារណៈ​នៅថ្ងៃនេះថា ​«សូមបងប្អូន​ ដែលមិនពិការ​មេត្តា កុំរើសអើងជាមួយពួកយើង រហូតប្រមាថយើងថា អាខ្វាក់ អាកំបុត អាគ អាថ្លង់។ល។

សម្តេចតេជោ​ បានបន្ថែមថា​ បទពិសោធន៍​ដែលសម្តេច​ ជាជនពិការ​ម្នាក់អាចដឹកនាំ​ចលនាតស៊ូ រំដោះ​ជាតិបាន​ រកសន្តិភាព​ និងការអភិវឌ្ឍ​បានរហូតកាន់​តំណែងកំពូល​ជាង៣០ឆ្នាំបាន​ នោះគឺផ្តើមចេញ​ពីការខិតខំតស៊ូ​ដោយខ្លួនឯង​ និងមានការ​គាំទ្រពីប្រជាជន។​ មិនមាន​ ជោគជ័យណាមួយ​ រត់មករកយើង​ដោយខ្លួនឯងទេ​ គឺមានតែយើង​ទេដែលត្រូវរត់ទៅរក​ ជោគជ័យនោះ។ ​សម្តេចក៏បាន​អំពាវនាវទៅ​កាន់ស្ថាបន័រដ្ឋ​ និងផ្នែកឯកជន​ជួយបង្កលក្ខណៈ​ ឲ្យបងប្អូនជន​ពិការទទួលបាន​នូវការបណ្តុះបណ្តាល​ និងទទួលបាន​នូវការងារ​ធ្វើសមរម្យ។​

សូមស្ថាប័ន​ពាក់ព័ន្ធនានា​ ជួយរៀបចំកន្លែង​សំរាប់ធ្វើដំណើរ​របស់ជនពិការ​នៅតាមអាគារ​ នៃស្ថាបន័រដ្ឋ​ និងក្រុមហ៊ុនឯកជន​ ព្រមទាំងតាម​ទីកន្លែងផ្សេង​ទៀតដូចជាព្រ​លានយន្តហោះ​ កំពង់ផែ។ល។​ សូមស្ថានីយ​ទូរទស្សន៍ជួយ​ រៀបចំឲ្យមាន​អ្នកប្រើភាសា​សញ្ញាដើម្បីជួយ​ ឲ្យអ្នកគ ​ថ្លង់អាចទទួល​បាននូវព័ត៌មាន។​ សម្តេចតេជោ​ ហ៊ុន សែន​ បានថ្លែងអំណរគុណ​ ដល់សប្បុរសជនទាំងអស់​ ដែលបានជួយ​ ដល់ជនពិការ​ ហើយសម្តេច​មិនភ្លេចអរគុណ​ ចំពោះភរិយា​សម្តេច ដែល​បានទទួលយក​សម្តេចជាជនពិការ​ជាស្វាមីតាំងពីគ្រាក្រ​ និងពេល​ វេលាដ៏លំបាក​បំផុត៕



No comments:

Post a Comment