Thursday, July 23, 2015

បណ្ឌិត សុខ ទូច បដិសេដផែនទីរបស់ ឯកឧត្តម សម រង្ស៊ី ថាមិនអាចយកជាបានការ

បណ្ឌិត សុខ ទូច ប្រធានក្រុម​ស្រាវជ្រាវ ​នៃរាជបណ្ឌិត្យ​សភាកម្ពុជា ​បានលើកឡើងនៅក្នុងសន្និសីទសារ​ព័ត៌មាន​ស្តីពី​ ដំណើរការប្រមូលឯក​សារពាក់ព័ន្ធ​បញ្ហាព្រំដែនកម្ពុជា​-វៀតណាម នៅរាជបណ្ឌិត្យសភា នៅថ្ងៃទី​២២ ខែកក្កដា​ ឆ្នាំ២០១៥ ថា «​ ខ្ញុំសូមបដិសេធទាំងស្រុង ទៅលើឯកសារទាំងឡាយណា ដែលចេញពីអាយផេត ចេញពី DVD យើងមិនយកទេ យើងទទួលយក ដើម្បីអីដើម្បីសិក្សា​ឲ្យគ្រប់ព័ត៌មាន ​ប៉ុន្តែនៅពេលយក​ទៅអនុវត្ត នៅលើផែនដី និងយកជាឯកសារគោល យើងដាច់ខាត ​យើងនឹងមិនយកឯកសារ ​ចេញពីអាយផេត និងឌីវីឌី ដាច់ខាត»
ការថ្លែងរបស់បណ្ឌិត សុខ ទូច ក៏ជាការបញ្ជាក់ប្រាប់​សាធារណៈជនថា រាជបណ្ឌិតសភាកម្ពុជា មិនអាចយកផែនទី DVD ទិញពីប្រទេសបារាំងតម្លៃ ១៦៨ដុល្លារ របស់ ឯកឧត្តម សម រង្ស៊ី មក​ធ្វើជាគោល​ដើម្បីស្រាវជ្រាវ​ឲ្យដឹងពីការពិត នៃផែនទីខ្មែរនោះ​ទេ ប៉ុន្តែការយកនេះ គ្រាន់តែអាចយកធ្វើជាព័ត៌មានតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា រហូតមក​ដល់ពេលនេះ រាជបណ្ឌិត្យសភា​ដែលដឹកនាំដោយ​ បណ្ឌិត សុខ ទូច កំពុងតែធ្វើការ​ស្រាវជ្រាវ​ពីផែនទីពិត ​និងចំណុចព្រំដែនពិត​របស់កម្ពុជា​ ជាមួយប្រទេសជិត​ខាង បានទទួលឯកសារ ​ផែនទីពីខាងរាជរដ្ឋាភិបាលកម្ពុជា​លោក ស៊ាន ​ ប៉េងសែ អតីតប្រធានគណៈកម្មាធិការរៀប​ចំកិច្ចការ​ព្រំដែនកម្ពុជា​ និងឯកសារជាច្រើនទៀត ប៉ុន្តែមិនទាន់បានទទួលឯកសារផែនទីពីខាង ឯកឧត្តម សម រង្ស៊ី ទិញពីបារាំង​ និងផែនទីពីអង្គការសហប្រជាជាតិ និងប្រទេស​មហាអំណាច​ទាំងបី ដែលសម្តេចតេជោ​ ហ៊ុន សែន បានខ្ចីតែប៉ុណ្ណោះ។
បណ្ឌិត សុខ ទូច​ បានបន្ថែមថា ​ចំពោះបញ្ហា​ដែលតំណាងរាស្ត្រ​គណបក្សប្រឆាំង ​បានដាក់សំណើ តាមប្រធាន​រដ្ឋសភាជាតិ គឺ​សម្តេចអគ្គមហាពញា​ចក្រី ហេង​ សំរិន ស្នើទៅរាជរដ្ឋាភិបាល ឲ្យផ្អាកការ​បោះ​បង្គោល​ព្រំដែនជាមួយ​វៀតណាម រហូតឆ្នាំ២០១៧​-២០១៨នោះ គឺរាជបណ្ឌិត្យសភាមិន​គាំទ្រទេ ដោយបណ្ឌិត​ សុខ ទូច បញ្ជាក់ថា​ តើគណបក្សប្រឆាំងស្នើនេះ ដើម្បីទុកបញ្ហា​បោះបង្គោលព្រំដែន សម្រាប់​ធ្វើការឃោសនា​រកប្រជាប្រិយភាព នៅពេលបោះឆ្នោតខាងមុខមែនទេបើមែនសូមកុំ​ធ្វើយ៉ាងនេះអី! បក្សប្រឆាំងគួរតែយក​បញ្ហាព្រំដែននេះ មកធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល ដើម្បីជាប្រយោជន៍ជាតិ​ទាំងមូល​ និងដើម្បីឲ្យប្រជាពលរដ្ឋទូទៅ​មើលឃើញ ​ពីចេតនា​ចូលរួមរបស់​បក្សប្រឆាំងមួយនេះ​ក្នុងកិច្ការព្រំដែនពិតប្រាកដ៕

No comments:

Post a Comment