Thursday, July 23, 2015

វិភាគ៖ បុរសខ្លាំងតេជោ ហ៊ុន សែន ចេញយុទ្ធសាស្រ្ត ប្រឆាំងបដិវត្តន៍ពណ៌រក្សាភាពសុខសាន្ត

ប្រភពពីគេហទំព័រ Fresh News
បន្ទាប់ពីការឡើងកាន់តំណែងជាប្រធាន គណបក្សប្រជាជនកម្ពុជា ដោយការបោះឆ្នោតគាំទ្រពីសមាជិក អចិន្រ្តៃយ៍បក្ស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបើកការជួបជុំដ៏កម្រមួយ ជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងនគរបាលផងដែរ នៅមហោស្រពនៃទីបញ្ជាការដ្ឋានកងអង្គរក្ស នាក្រុងតាខ្មៅ ខេត្តកណ្តាល ជិត ៥.០០០នាក់ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥នេះ។
ជំនួបរបស់ប្រមុខដឹកនាំកម្ពុជា ឧត្តមសេនីយផុតលេខផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន ជាមួយមន្រ្តីជាន់ខ្ពស់ នៃកងកម្លាំងប្រដាប់អាវុធ ដែលសុទ្ធសឹងជាមេដឹកនាំកងទ័ពអាវុធហត្ថនគរបាល ក្តោបក្តាប់លើកម្លាំងប្រដាប់ អាវុធប្រមាណ ១៨ម៉ឺននាក់ នៅកម្ពុជានេះ ត្រូវបានប្រព្រឹត្តយ៉ាងស្ងប់ស្ងាត់បំផុត ដោយមិនបានទម្លាយឲ្យបណ្តាញសារព័ត៌មានជាតិ និង អន្តរជាតិបានដឹងនោះឡើយ ហើយថែមទាំងមិនអនុញ្ញាតឲ្យអ្នកយកព័ត៌មានចូលថែមទៀត។ ជំនួបដ៏កម្រ និងស្ងប់ស្ងាត់រវាងនាយករដ្ឋមន្រ្តីកម្ពុជា ដែលជាអតីតយុទ្ធជនរំដោះជាតិចេញពីភ្លើងសង្រ្គាម ជាមួយកងកម្លាំងប្រដាប់អាវុធកម្ពុជា សុទ្ធតែជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នេះ បានក្លាយជាព្រឹត្តិការណ៍នាំឲ្យមានការ ចាប់អារម្មណ៍ និង ទន្ទឹងចង់ដឹងពីលទ្ធផលយ៉ាងខ្លាំង។
កិច្ចប្រជុំពិភាក្សារវាងនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានអ្នកកាសែតជនជាតិឥណ្ឌូនេស៊ី ហារី មេត្តា ប្រសិទ្ធនាមថា ជាបុរសខ្លាំងរបស់កម្ពុជា ជាមួយកម្លាំងប្រដាប់អាវុធ ជាអ្នករក្សានូវសុខសន្តិភាព ភាព សុខដុមរមនាសម្រាប់ជាតិ និងប្រជាជនកម្ពុជា មិនមែនកើតឡើងដោយចៃដន្យនោះទេ។ កិច្ចប្រជុំនេះ បានកើតឡើងនៅចំពេលបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងវៀតណាម កំពុងមានសភាពស្រួចស្រាវ បន្ទាប់ពីវៀតណាម បានធ្វើសកម្មភាពមួយចំនួននៅតាមខ្សែបន្ទាត់ព្រំដែន ដោយរំលោភកិច្ចព្រមព្រៀងកិច្ចការព្រំដែនថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៥ ដូចជាការជីកស្រះទឹកក្នុងភូមិឡំ ឃុំប៉កញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ការសាងសង់ប៉ុស្តិ៍យោធា នៅស្រុកកោះធំ ខេត្តកណ្តាល ការសាងសង់ផ្លូវតាមបន្ទាត់ព្រំដែន ក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងជាដើម...។ កិច្ចពិភាក្សានេះក៏បានធ្វើឡើងស្របពេលបញ្ហាភេរវកម្ម កើតមានខ្លាំងពេញពិភពលោក។


សកម្មភាពតាមបន្ទាត់ព្រំដែន បង្កឡើងដោយអាជ្ញាធរ និង ប្រជាពលរដ្ឋវៀតណាម ផ្ទុយពីស្មារតី នៃកិច្ចព្រមព្រៀង ការងារព្រំដែនឆ្នាំ១៩៩៥ វាក៏មិនមែនជាសកម្មភាព ដែលកើតឡើងដោយចៃដន្យនោះដែរ។ បញ្ហាព្រំដែននេះ ត្រូវ បានគេមើលឃើញថា វាជាចេតនាមួយរបស់វៀតណាម សងសឹកទៅនឹងកំហឹងចាស់ ព្រោះខ្លួនបានអន់ចិត្ត ចំពោះកម្ពុជា មិនព្រមចេញសេចក្តីថ្លែងការណ៍ទៅលើជម្លោះដែនសមុទ្រចិនខាងត្បូងជាមួយខ្លួន និងប្រទេសសមាជិក អាស៊ានដទៃទៀត ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ការមិនចេញសេចក្តីថ្លែងការណ៍របស់កម្ពុជា បានធ្វើឲ្យប្រទេសសមាជិកអាស៊ាន មានជម្លោះដែនសមុទ្រជាមួយចិន ផ្ទុះការខឹងសម្បា ហើយចោទកម្ពុជា ហាក់មានភាពលំអៀងទៅរកមិត្តចិន ដែលមានប្រវត្តិចំណងសាមគ្គីភាព ដ៏ស្អិតល្មួតតាំងពីយូរលង់ណាស់មកហើយនោះ។ ព្រោះតែជម្លោះដែនសមុទ្រជាមួយប្រទេសចិន វៀតណាម បានឈោងចាប់ដៃអាម៉េរិក ទោះអាម៉េរិក ជាសត្រូវចាស់របស់ខ្លួន ក្នុងសង្រ្គាមវៀតណាមខាងត្បូងនាអំឡុងចុងទសវត្សរ៍ឆ្នាំ៦០ក្តី។ អាម៉េរិក ដោយសារតែចង់សាង ឥទ្ធិពលរបស់ខ្លួន នៅក្នុងឥណ្ឌូចិន ក៏បានបំភ្លេចរាល់អរិភាពក្នុងអតីតកាល ហើយក៏បិទភ្នែកមើលរំលងបញ្ហាសិទ្ធិមនុស្ស និងការប្រនិប័តន៍លទ្ធិប្រជាធិបតេយ្យរបស់វៀតណាម និងបានក្តោបដៃវៀតណាមយ៉ាងណែនផងដែរ។
អាម៉េរិក និងវៀតណាម បានបង្ហាញពីការបោះជំហានទៅរកចំណងទំនាក់ទំនង ដៃគូយុទ្ធសាស្រ្តកាន់តែរឹងមាំថែមទៀត តាមរយៈការអញ្ជើញប្រធានបក្សកុម្មុយនីស្តវៀតណាម Nguyen Phu Trong ទៅទស្សនកិច្ចនៅសេតវិមាន ពីសំណាក់ប្រធានាធិបតីអាម៉េរិក បារ៉ាក់ អូបាម៉ា កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៥កន្លងទៅនេះ។ ការបង្ហាញស្នាមញញឹមដាក់គ្នារវាងអាម៉េរិក និងវៀតណាម បានកំញើញភាពជាមហាអំណាចក្នុងតំបន់របស់ចិន ជាខ្លាំង។ ការវិវឌ្ឍន៍ថ្មី នៃចំណងទំនាក់ទំនងរវាងវៀតណាម និងប្រទេសមហាអំណាចពិភពលោកអាម៉េរិកនេះ នាំឲ្យគេមើលឃើញថា អាម៉េរិក និងវៀតណាម អាចនឹងរួមគ្នាបង្កបញ្ហាស្មុគស្មាញណាមួយមកកម្ពុជា ដែលជាសម្ព័ន្ធមិត្ត របស់ចិន ដូចជាការបង្កសកម្មភាពនៅតាមព្រំដែនរបស់កម្ពុជា ជាតឹកតាងស្រាប់។
ដូច្នេះជំនួបរបស់អតីតយុទ្ធជនតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីអន្លង់ទុក្ខ អន្លង់វាលពិឃាត សម្តេចតេជោ ហ៊ុន សែន ជាមួយកងកម្លាំងប្រដាប់អាវុធ ប្រធានបទរិះរកយន្តការទប់ទល់នឹងមហិច្ឆតាវាតទីអំណាចរបស់ ពួកប្រទេសមហាអំណាចដុតបំផ្លាញប្រទេសកម្ពុជា ជាប្រធានបទ ដែលនឹងលើកមកពិភាក្សាជាសំខាន់មួយ។ គេនៅចាំបានថា ព្រោះតែមហិច្ឆតាវាតទីរបស់ប្រទេសមហាអំណាចអាម៉េរិក រស្ស៊ី និងចិននេះហើយ ទើបកម្ពុជា ត្រូវ រងនូវការខ្ទេចខ្ទាំធ្លាក់ទៅរកក្តីវិនាសអន្តរាយក្នុងទសវត្សរ៍ឆ្នាំ៧០។ នៅក្នុងជំនួបដ៏កម្រនាព្រឹកមិញដដែលនេះ ក៏ជាការចាប់ផ្តើមនៅចំពេលដែលតំណាងរាស្រ្ត និង សកម្មជនមកពីគណ បក្សសង្រ្គោះជាតិ បញ្ចេញនូវយុទ្ធនាការយ៉ាងផុសផុលពាក់ព័ន្ធសំណុំរឿងព្រំដែនជាមួយប្រទេសវៀតណាម។
គណបក្សសង្រ្គោះជាតិ នៅក្រោយពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥ ឆ្នាំ២០១៣ ត្រូវបានគេមើលឃើញថា ធ្លាប់បានរៀបចំគម្រោងវាយផ្តួលរំលំរាជរដ្ឋាភិបាលកើតចេញពីការបោះឆ្នោតរួចម្តងមក ហើយ តាមរយៈរូបមន្ត «បដិវត្តន៍ពណ៌» បង្កើតឡើងដោយអាម៉េរិកក្នុងឆ្នាំ១៩៨៣ ដោយប្រើកម្លាំងមហាជនជាច្រើនធ្វើ ការតវ៉ាតាមរូបភាពទាមទារយុត្តិធម៌លើលទ្ធផលបោះឆ្នោត។ ក្រៅពីរូបភាពតវ៉ាប្រឆាំងលទ្ធផលឆ្នោត គណបក្សសង្រ្គោះជាតិ ដែលដឹកនាំផ្ទាល់ដោយលោក សម រង្ស៊ី ជាប្រធាន និង លោក កឹម សុខា ជាអនុប្រធាន នៅបានប្រើប្រាស់រូបភាពកម្មករតវ៉ាទាមទារប្រាក់ខែគោល ១៦០ដុល្លារ ទៅ ប្រយុទ្ធប្រឆាំងជាមួយរាជរដ្ឋាភិបាលថែមទៀត រហូតដល់មានការផ្ទុះហិង្សាស្លាប់ និង រងរបួសទាំងកម្មករ និងកង កម្លាំងប្រដាប់អាវុធជាច្រើនាក់នៅដើមខែមករា ឆ្នាំ២០១៤។ តែមហិច្ឆតាគណបក្សសង្រ្គោះជាតិ មិនត្រូវបានសម្រេចនោះឡើយ។ ដោយសារតែការគ្រប់គ្រង និង មើលឃើញយ៉ាងច្បាស់នូវស្ថានការណ៍ពិសពុលរបស់គណបក្សសង្រ្គោះជាតិ កងកម្លាំងសមត្ថកិច្ច ដែលត្រូវការពាររាជរដ្ឋាភិ បាលស្របច្បាប់ ស្របរដ្ឋធម្មនុញ្ញ បានចេញទប់ស្កាត់ប្រកបដោយប្រសិទ្ធិភាពខ្ពស់។
គណបក្សសង្រ្គោះជាតិ តាមរយៈកិច្ចព្រមព្រៀងនយោបាយ ២២ កក្កដា ឆ្នាំ២០១៤ ឈានទៅបង្កើតវប្បធម៌សន្ទនា ជាមួយគណបក្សប្រជាជនកម្ពុជាយ៉ាងណាក្តី សារជាតិ និងមហិច្ឆតា ចង់ក្តោមក្តាប់អំណាច ដោយប្រើប្រាស់ រូបមន្ត «បដិវត្តន៍ពណ៌» ទម្លាក់រាជរដ្ឋាភិបាលស្របច្បាប់ហាក់ មិនបានរសាត់ឆ្ងាយពីចិត្តកាយវិញ្ញាណ របស់មេដឹកនាំបក្សមួយនេះឡើយ។ ការផ្តើមយុទ្ធនាការជាថ្មី ដោយចាប់យកបញ្ហាព្រំដែនជាមួយប្រទេសវៀតណាម ជាចំណាប់ខ្មាំង ត្រូវបានគេមើលឃើញថា ជាយន្តការថ្មី ដែលគណបក្សប្រឆាំងមួយនេះ អាចនឹងប្រើ ដើម្បីធ្វើបដិវត្តផ្តួលរំលំរាជរដ្ឋាភិបាល។ ជាក់ ស្តែងកាលពីអាទិត្យ ទី១៩ ខែកក្កដា តំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ លោក រៀល ខេមរិន្ទ លោក នុត រំដូល លោក អ៊ុំ សំអាន រួមនឹងសកម្មជនរបស់ខ្លួនជាច្រើននាក់ទៀត បានដឹកនាំប្រជាពលរដ្ឋប្រមាណ ២ពាន់នាក់ ចុះទៅកាន់បង្គោលព្រំដែនលេខ ២០២ និង ២០៣ ស្ថិតក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
កាយវិការបំផុសបញ្ហាជាតិនិយមក្នុងរឿងព្រំដែនរបស់គណបក្សសង្រ្គោះជាតិនេះ ត្រូវបានគេមើលឃើញថា អាចប្រើរូបភាពជាតិនិយមថ្មីនេះ បំផុសស្មារតីប្រជាពលរដ្ឋប្រយុទ្ធប្រឆាំង និង ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា របស់បុរសខ្លាំងតេជោ សែន។ «បដិវត្តន៍ពណ៌» ដែលបានកើតមានឡើងនៅតាមបណ្តាប្រទេសមជ្ឈឹមបូព៌ា ដូចជាទុយនេស៊ី លីប៊ី ស៊ីរី យ៉េមែន... គឺផ្តើមជំហានមិនខុសពីសកម្មភាពរបស់គណបក្សសង្រ្គោះជាតិ ដែលបានសាកល្បងជាលើកច្រើនច្រើនសារនេះ ឡើយ។
យោងទៅតាមស្ថានការណ៍ និងសកម្មភាពថ្មីនេះ យើងអាចមើលឃើញថា ការបើកកិច្ចប្រជុំពិភាក្សារបស់នាយក រដ្ឋមន្រ្តីកម្ពុជា ដែលចាប់ផ្តើមទទួលខុសត្រូវលើជោគវាសនាប្រទេស និង ប្រជាជនកម្ពុជាតាំងពីវ័យជាង ២០ឆ្នាំ គឺជាការជួបជុំពិភាក្សាមួយកើតឡើងក្រោមការគិតគូរយ៉ាងល្អិតល្អន់ ដើម្បីឆ្លើយតបទៅនឹងការប៉ុនប៉ងនាំគ្រោះ ចង្រៃសម្រាប់ជាតិ ពីក្រុមអ្នកស្រែកឃ្លានអំណាច (សម្តេចតេជោ តែងតែមានប្រសាសន៍ថា សម្តេចធ្វើអ្វីមួយ មិន មែនជារឿងចៃដន្យទេ)។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានមើលធ្លុះយ៉ាងជ្រៅទៅ ក្នុងស្ថានភាពនយោបាយ ទាំងក្នុងប្រទេសតំបន់ និង អន្តរជាតិ បានមើលឃើញយ៉ាងច្បាស់ពីការវិវឌ្ឍន៍ស្ថាន ការណ៍នយោបាយនាពេល បច្ចុប្បន្ននេះ។ នាយករដ្ឋមន្រ្តី ដែលបានឡើងដឹកនាំនាវាកម្ពុជាដ៏កម្សត់អស់រយៈពេលជាង ៣០ឆ្នាំ ដែលបានបើកកិច្ចចរចាជាច្រើន ដើម្បីបង្រួបបង្រួមគ្រប់ភាគី នាំមកនូវសន្តិភាពជូនជាតិ និងប្រជាជនកម្ពុជា ព្រោះមិនចង់មើលឃើញការបែក បាក់ជាតិជាថ្មី ក្រោមរូបភាព «បដិវត្តន៍ពណ៌» ត្រូវបានគេមើលឃើញថា ព្យាយាមសម្របសម្រួល និងធ្វើតាមការទាមទារស្ទើរគ្រប់លក្ខខណ្ឌជាមួយគណបក្សសង្រ្គោះជាតិ ចាប់តាំងពីក្រោយកិច្ចព្រមព្រៀងនយោបាយ ២២ កក្កដា ២០១៤។
បន្ថែមពីលើនេះ ព្រោះតែមិនចង់ឲ្យមហិច្ឆតានយោបាយបំផ្លាញជាតិ ដ៏ឃោរឃៅរបស់គណបក្សប្រឆាំងក្រោមរូបភាពព្រំដែន នៅដើមខែកក្កដា ឆ្នាំ២០១៥នេះ នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានធ្វើលិខិតរហូតដល់ទៅ ៤ច្បាប់ ផ្ញើទៅ កន់លោក បាន គីមួន អគ្គលេខាធិការអង្គការសហប្រជាជាតិលោក ហ្រ្វង់ ស្វ័រហូឡង់ ប្រធានាធិបតីបារាំង លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាម៉េរិក និងលោក ដេវីត ខេមរ៉ុន នាយករដ្ឋមន្រ្តីអង់គ្លេស ដើម្បីស្នើសុំខ្ចីផែនទី យកផ្ទៀងផ្ទាត់ជាមួយផែនទីរាជរដ្ឋាភិបាល ប្រើប្រាស់បោះបង្គោលព្រំដែន ដែលត្រូវបានគណបក្សប្រឆាំងចោទថា ជាផែនទីក្លែងក្លាយ និងមិនត្រឹមត្រូវនោះ។ នាយករដ្ឋមន្រ្តីកម្ពុជា បានដឹងយ៉ាងច្បាស់ថា មានតែជម្រើសនេះតែមួយគត់ ដែលអាចពន្លត់ និងបន្សាបនូវកម្សួលនាំឲ្យមានការបែកបាក់ជាតិនៅកម្ពុជា។ ជារួមមកជំនួបជាមួយមេដឹកនាំកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេស របស់សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃនេះ ជាសារបញ្ជាក់យ៉ាងជាក់ច្បាស់ថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ បានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការទប់ទល់មនោគមន៍វិជ្ជាបំបែកបំបាក់ពីខាងក្រៅ ក៏ដូចជាមហិច្ឆតា ដ៏ពិសពុលរបស់បក្សប្រឆាំង ដើម្បីការពារដែនអធិបតេយ្យ និងការប៉ុនប៉ងបំផ្លាញសន្តិសុខ សន្តិភាព ស្ថេរភាពរបស់ជាតិកម្ពុជា ក៏ដូចជាភាពសុខដុម របស់ប្រជាពលរដ្ឋកម្ពុជាផងដែរ។
ជំនួបនេះ ក៏ជាសារដាស់ស្មារតីពលរដ្ឋកម្ពុជា ជាពិសេសយុវជនជំនាន់ក្រោយ ត្រូវតែចូលរួមថែរក្សាសន្តិភាព ដែលកម្ពុជាកំពុងមាន មិនត្រូវទោទន់តាមការញុះញង់បង្កភាពហ្វឹកហ្វរក្នុងសង្គមជាតិ ឈានទៅរកក្តីវិនាសអន្តរាយនោះ ឡើយ។ ក្រុមយុវជន អាចយកប្រទេសក្នុងតំបន់មជ្ឈឹមបូព៌ាធ្វើជាគំរូ ក្រោយការប៉ះបោរផ្តួលរំលំមេដឹកនាំរបស់ខ្លួន ជាបន្តបន្ទាប់ រហូតមកទល់ពេលនេះ ក្រុមប្រទេសទាំងនោះមិនទាន់អាចពន្លត់ភ្លើងសង្រ្គាម ស្វែងរកសេចក្តីសុខ ឡើងវិញនៅឡើយនោះទេ។ ជាពិសេសអាម៉េរិកជាប្រទេសគាំទ្រ និងនៅពីក្រោយការប៉ះបោរទាំងនោះ ក៏មិនបាន ជួយស្វែងរកភាពសុខដុម ឡើងវិញផងដែរ បន្ទាប់ពីបានវាយកម្ទេចហើយ។ ជាពិសេសកិច្ចប្រជុំជាមួយកងកម្លាំងប្រដាប់អាវុធរបស់ឧត្តមសេនីយ៍ ផុតលេខផ្កាយមាស៥ តេជោ សែន គឹជាសារ បង្ហាញថា «ទប់ស្កាត់ឲ្យខានតែបាននូវបដិវត្តន៍ពណ៌»។ ហើយក៏ជាសារនយោបាយផ្តាំទៅដៃគូវប្បធម៌សន្ទនា លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ និង លោក កឹម សុខា ជាអនុប្រធាន បញ្ឈប់ការប៉ុនប៉ងផ្តួលរំលំ រដ្ឋាភិបាលកម្ពុជា ជាមួយ «បដិវត្តន៍ពណ៌»

No comments:

Post a Comment