Thursday, July 23, 2015

បទអត្ថាធិប្បាយ ដោយ រត្ន័ សណ្ដាប់៖ អង្គការ NGO កំពុងជំរុញតុលាការឲ្យ​អនុវត្ដ​​ «និទណ្ឌភាព» ទៅលើជនល្មើស​


ថ្ងៃទី​២១ ខែកក្កដា​ ឆ្នាំ​២០១៥នេះ​ គឺបន្ទាប់​ពី​សាលាដំបូង​រាជធានីភ្នំពេញ​​​ បានកាត់​ទោស​មន្រ្ដី និង​សកម្មជន​គណបក្សសង្រ្គោះ​ជាតិ​ ចំនួន១១រូប ​​ឲ្យ​ជាប់​ពន្ធនាគារ​ពី​៧ឆ្នាំទៅ២០ឆ្នាំ ​​ពីបទ​ដឹកនាំធ្វើ​​កុប្បកម្ម និង​ចូលរួមអំពើកុប្បកម្មនៅ​ក្បែរទីលានប្រជាធិបតេយ្យ​កាលពី​ថ្ងៃទី​១៥ ខែ
កក្កដា កាលពី​​ឆ្នាំកន្លង​ទៅ បណ្ដាល​ឲ្យកងកម្លំាង​សន្ដិសុខប្រមាណ៤០នាក់ ​រងរបួសធ្ងន់​និង​ស្រាល​​។​
ទំាងជនជាប់ទោស​ និងពួក​អង្គការ NGO មួយ​ចំនួន​ ក្នុងនោះ​មាន​អង្គការ​លីកាដូ ​អង្គការ​​​លើកលែងទោស​អន្ដរជាតិ ​(Amnesty International) និ​ងអង្គការឃ្លំាមើលសិទ្ធិមនុស្ស (Human Rights Watch) បាន​ស្រែក​ក្ដែងៗ ថា ការកាត់​ទោសនេះ​គឺ​ជារឿង «នយោបាយ​ អយុត្ដិធម៌​ លម្អៀង​​​» និងចោទ​តុលាការថា​ «មិនឯករាជ្យ» ជាដើម។
អ្វី​ដែលយើង​ចង់និយាយ​ពេលនេះ គឺ​ចង់សំដៅ​ទៅលើ​ក្រុម​អង្គការ NGO ដែល​ជានិច្ច​កាល​​តែង​ជំរុញ​ឲ្យ​រដ្ឋាភិបាលក្ដី តុលាការក្ដី​ ត្រូវ​អនុវត្ដ​គោលការណ៍ «នីតិរដ្ឋ» ប៉ុន្ដែហេតុអ្វី​ពេល​នេះ​​ ក្រុម​​អង្គការ​ទំាងនេះ​ នំាគ្នាបង្ខំ​ឲ្យតុលាការ​ដើរតាមគោលការណ៍ «និទ្ទណ្ឌភាព» ទៅវិញ​។​ ក្នុង​ករណី​នេះ យើងតែង​តែនិយាយ​ជារឿយៗ​ថា​ ក្រុមអង្គការ NGO មួយចំនួន​នៅ​កម្ពុជា គឺ​ចង់​«បង្កើតរដ្ឋក្នុងរដ្ឋ» គឺ អ្វី​ដែលរដ្ឋាភិបាល​ធ្វើតែងតែខុស​ អ្វី​ដែល​តុលាការ​កាត់​ទោស​អ្នកប្រព្រឹត្ដ​បទល្មើស​ ហើយ​ខ្លួន​មិនពេញ​ចិត្ដ​ គឺ​​សុទ្ធ​តែលម្អៀង​ ជារឿងនយោបាយ​ និង​មិនត្រឹមត្រូវ​ទំាង​អស់។​
នរណា​ក៏​ដឹង​ដែរថា​ ក្រុមអង្គការ NGO ទំាងនេះ​ ខិតខំ​ដើររកលុយ សុំ​ជំនួយ​ពីបរទេស​ គឺ ក្នុងគោលបំណង​អប់រំ​ប្រជាពលរដ្ឋ អប់រំ​អាជ្ញាធរសមត្ថកិច្ច​ឲ្យគោរព​ច្បាប់​ ឲ្យយល់នូវអ្វី​ដែល​ធ្វើ​ទៅ​ខុសច្បាប់​ ​និងអ្វីដែលធ្វើ​ត្រូវ​ត្រូវច្បាប់​ ដែល​ជាក្រមសីលធម៌ និងក្រម​នីតិរដ្ឋ ចុះហេតុអ្វី​ពេលនេះ​ ពួកអង្គការ​ ​NGO ទំាងនេះ​ បែរជា​មកថ្កោលទោស​សេចក្ដីសម្រេចរបស់​តុលាការ​ទៅវិញ​។​
ក្រុម​​អង្គការ​ NGO​ ទំាងនេះ​ មិន​បាន​គិត​អំពី​អ្នក​រងគ្រោះ​ ​ ដែល​ក្រុមដឹកនំា​ធ្វើបាតុកម្ម​ឈាន​ដល់កុបកម្ម​​ បង្កនូវ​អំពើ​ហិង្សា​ ប្រើ​អាវុធ មាន​ដំបង​ឈើ ដំបងដែក​ជាដើម​ វាយ​ប្រហារមក​​លើ​ក្រុម​សមត្ថកិច្ច​ បង្ក​​ឲ្យមាន​​គ្រោះថ្នាក់​ រហូត​បញ្ជូន​ទៅ​សង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ​ ខាតបង់​ថវិកានិង​ពេលវេលា​ ដែលភាគ​ច្រើន​ត្រូវរកថវិកាទៅ​​ចិញ្ចឹ​ម​ក្រុមគ្រួសារ​ នេះគឺប៉ះពាល់ដល់​​ក្រម​សីលធម៌​ គឺបាន​​បង្ហាញ​នូវបេះដូងខ្មៅ​កង្វក់​របស់ក្រុមអង្គការ ​NGO ដែលខ្វះ​សីលធម៌​​ គិតតែ​ប្រយោជន៍​ខ្លួន​ឯង​ ទោះ​អ្នកដទៃស្លាប់​ គឺពួក​គេ​មិនខ្វល់។
រីឯក្រមនីតិរដ្ឋ​វិញ គឺបានរំលោភ​លើអព្យាក្រឹតភាព​ ដែលជារង្វង់​ព្រំដែនសមត្ថកិច្ច​​របស់តុលាការ​នៃប្រទេស​អធិបតេយ្យ​ ក្រុម​ទាំង​នេះ​បង្ខំឲ្យតុលាការកាត់ក្ដី​​ តាមបំណង​របស់ពួក​គេ​។ តើក្រុម ​NGO ទាំង​នេះ​ ​មាន​យល់​ទេ​ ពីទំហំនៃ​​អំពី​ហិង្សា​ ដែល​ក្លាយ​ទៅ​ជា​ការបង្ក​ឲ្យ​មាន​របួស​ស្នាម​ដល់កង​សន្ដិសុខ​ ដល់អាជ្ញាធរ​ដែន​ដី ​ដែលជា​អ្នកទទួល​ខុស​ត្រូវ​ការពារ​សណ្ដាប់​ធ្នាប់​សង្គម​​ ហើយ​បង្ខំ​ឲ្យតុលាការ​សម្រេច​កាត់​សេច​ក្តី​​​ក្រុមកុបកម្មឲ្យ​រួចខ្លួន​ តើបាន​ន័យយ៉ាង​ដូច​ម្ដេច?
តើក្រុម NGO ទាំង​នេះ​ ​មាន​ដែល​ក្រទ្បេកមើល​ប្រទេសនានា​ នៅ​លើពិភពលោក ​មាន​ដែល​ថ្កោលទោស​ប្រទេស ដូចជា ​ អេស្បាញ សហរដ្ឋ​អា​មេ​រិក​ ពេល​តុលាការ​កាត់ទោស​ពួកបាតុករ​ ដែលតដៃ​ជាមួយ​​ប៉ូលីស​ គឺ​ត្រូវ​ជាប់គុក​ជាច្រើន​ឆ្នាំ​ និង​ពិន័យជាប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់។​ បើ​នៅប្រ​ទេស​អេ​ហ្ស៊ីបវិញ គឺ​ត្រូវ​កាត់​ទោស​ប្រហា​រ​ជីវិត​ទាំង​ក្រោល​។
ជាសរុប​យើងយល់ថា ពួកក្រុមអង្គការ NGO ទាំង​នេះ គឺ​ច្បាស់​ជា​មិនហ៊ាន​​​ស្រែក​ទ្បាំប៉ា​ជា​មួយ​នឹង​​រដ្ឋា​ភិ​បាល​ប្រទេស​ទំាងនោះ​ទ្បើយ​ តើហេតុ​អ្វី?​  ពួកគេ​ច្បាស់​ជា​ខ្លាចខ្នោះ ខ្លាច​គុកជា​ពុំ​ខាន​​។​​ ទន្ទឹម​នឹង​នេះ​​ តើ​កម្ពុជា​គួរ​​ស្នើបញ្ជួន​ក្រុមអង្គការ NGO ទាំង​នេះ​ទៅ​ធ្វើ​ការ​នៅ​សហរដ្ឋ​អាមេរិក ឬទៅ​អេហ្ស៊ីប ឬទៅ​អេស្បាញ ថៃ ឬប្រ​ទេស​ម៉ា​ទ្បេស៊ី ។ល។ ដែរ​ឬទេ ដើម្បីឲ្យពួកនេះ​បានភ្លក់រស់​ជាតិ​អំណាច​នីតិរដ្ឋ​ របស់ប្រទេស​អធិបតេយ្យមួយ។៕

No comments:

Post a Comment