Thursday, July 23, 2015

សមាគមយុវជនកំណែទម្រង់រដ្ឋ៖ បទល្មើសព្រហ្មទណ្ឌមិនអាច ដោះដូរជាមួយហេតុផល នយោបាយបានឡើយ

នៅថ្ងៃទី២៣​ ខែកក្កដា ឆ្នាំ​២០១៥នេះ ​សមាគមយុវជនកំណែទម្រង់រដ្ឋ ​ដែលចុះហត្ថលេខាដោយលោក ប៉ុល សីហា បានចេញសេចក្តីថ្លែងការណ៏ ​ដោយបញ្ជាក់ថា៖ បទល្មើសព្រហ្មទណ្ឌមិនអាចដោះ​ដូរជាមួយហេតុផល​នយោបាយបានឡើយ។​ ក្នុងសេចក្តីថ្លែងការណ៍បានលើកឡើងថា ​ក្រោយពីសាលា​ដំបូងរាជធានីភ្នំពេញ សម្រេចសេចក្តីផ្តន្ទាទោសលោក មាជ សុវណ្ណារ៉ា ​និងបក្ខពួក១០នាក់ទៀត​ឲ្យជាប់ពន្ធនាគារក្នុង​បទល្មើសព្រហ្មទណ្ឌ  សមាគមយុវជនកំណែ​ទម្រង់រដ្ឋបាន​សង្កេតឃើញថា ​មានអង្គការ​ និងគណបក្សនយោបាយមួយចំនួន ​បានបញ្ចេញទស្សនៈ​ថ្កោលទោស ​និងរិះគន់តុលាការថា ​បានអនុវត្ត​ខុសនីតិវិធី និងរំលោភ​កិច្ចព្រមព្រៀង​នយោបាយថ្ងៃទី២២ ខែកក្កដា​ ឆ្នាំ២០១៤ រវាងគណបក្សសង្គ្រោះជាតិ ​និងគណបក្សប្រជាជន​កម្ពុជាទៅវិញ​។
សមាគមយុវជន​កំណែទម្រង់​រដ្ឋបញ្ជាក់ថា​ មាត្រា៥១ថ្មី​ នៃរដ្ឋធម្មនុញ្ញ​ បានចែងយ៉ាងច្បាស់​ពីការបែងចែកអំណាចរដ្ឋជា​បីដាច់ដោយឡែក​ពីគ្នាគឺអំណាចនីតិប្បញ្ញត្តិ ​នីតិប្រតិបត្តិ​ និងតុលាការ។ ​មាត្រា១២៨ថ្មីនៃរដ្ឋធម្មនុញ្ញ​ក៏បានចែងថា ​អំណាចតុលាការជា​អំណាចឯករាជ្យ។ ​ ដោយកម្ពុជាជារដ្ឋ៝ឯករាជ្យ​ អធិបតេយ្យ ​ដូច្នេះតុលាការគឺជា​ស្ថាប័នអនុវត្តច្បាប់ ​ហើយរាល់ការ​សម្រេចសេចក្តី ​គឺផ្អែកលើច្បាប់ជាធរមាន​ និងតាមអំណាចឆន្ទានុសិទ្ធិរបស់ចៅក្រម។​ ក្នុងន័យថា​ បើទោះបីជាចរន្តនយោបាយ​មានការបត់បែនពិតមែន​ តែបទល្មើស​ព្រហ្មទណ្ឌមិនអាចដោះ​ដូរជាមួយហេតុផលនយោ​បាយបានឡើយ។​
យ៉ាងណាមិញ ​ការសម្រេចសេចក្តី​ក្នុងសំណុំរឿង​ព្រហ្មទណ្ឌ​របស់លោក ​មាជ ​សុវណ្ណារ៉ា​ និងបក្ខពួក​នៅពេលនេះ​គ្រាន់តែជាការសម្រេច​របស់តុលាការជាន់​ទាបប៉ុណ្ណោះ ​បើសិនជា​ពួកគេមិនសុខ​ចិត្ត​ទៅនឹងការកាត់​សេចក្តីនេះ ​គឺអាចមានសិទ្ធិធ្វើ​បណ្តឹងឧទ្ធរណ៍​បន្តទៅតុលាការជាន់​ខ្ពស់ទៀតបាន។
សមាគមយុវជន​កំណែទម្រង់រដ្ឋ ​ប្រកាន់ជំហរ​ និងគាំទ្រចំពោះការអនុវត្ត​ច្បាប់ឲ្យបានតឹងរឹង​ ដើម្បីយុត្តិធម៌សង្គម ​ដោយសមាគមយល់​ឃើញថា ​ការសម្រេចសេចក្តី​របស់តុលាការទៅលើសំណុំ​រឿងព្រហ្មទណ្ឌ​នានា ​ ជាពិសេសករណី​សំណុំរឿង​ព្រហ្មទណ្ឌ​ទៅលើលោក​ មាជ​ សុវណ្ណារ៉ា​ និង​បក្ខពួក​ គឺ​អាចជាមេរៀន​សម្រាប់​អ្នកនយោបាយ​ទាំងអស់ ​មិនត្រឹមតែ​ជាសមាជិក​គណបក្ស​សង្គ្រោះជាតិប៉ុណ្ណោះទេ ​គប្បីគោរព​ និងអនុវត្ត​ច្បាប់ទាំងអស់គ្នា​ ដែលនេះគឺជាជំហាន​ឆ្ពោះទៅរកសង្គម​ប្រជាធិបតេយ្យ ​និងការពង្រឹង​គោលការណ៍នីតិរដ្ឋ​ពិតប្រាកដ​នៅកម្ពុជា៕


No comments:

Post a Comment