Thursday, July 23, 2015

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានបញ្ជាក់យ៉ាងច្បាស់ ថាកម្ពុជាប្រើប្រាស់ផែនទីត្រឹមត្រូវ ក្នុងការបោះបង្គោលព្រំដែន ជាមួយប្រទេសជិតខាង

ដោយយោងទៅតាម​ខ្សែវីដេអូកិច្ចប្រជុំតុមូល​ ដែលបានចាក់ផ្សាយតាម​កញ្ចក់ទូរទស្សន៍​ នៅថ្ងៃទី២២​ ខែកក្កដាឆ្នាំ២០១៥នេះ ​ឯកឧត្តមបណ្ឌិសភាចារ្យ​ សុខ អាន​ បានចូលរួមឆ្លើយ បំភ្លឺក្នុងតុមូលស្តីពីបញ្ហាព្រំដែនរវាង​ប្រទេសកម្ពុជានិងវៀតណាម​ដោយបានបញ្ជាក់​ជាថ្មីឡើងវិញ​អំពីផែនទីខ្នាត១-១០០០០០​ដែលទទួលស្គាល់​ជាអន្តរជាតិជាមួយប្រទេស​ជិតខាងគឺជាអាយុ​ជីវិតរបស់ព្រះរាជាណាចក្រ កម្ពុជា។
ឯកឧត្តមបណ្ឌិតសភាចារ្យ​ សុខ អាន​ បានមានប្រសាសន៍ថា​ រាជរដ្ឋាភិបាលកម្ពុជាក្រោម​ការដឹកនាំដ៍មានគតិបណ្ឌិត ​និងឆ្លាតវាងវៃ ​របស់​សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន ​សែន ​គឺបានផ្តល់សារៈសំខាន់ យ៉ាងខ្លាំងដល់​ការងារព្រំដែន។​ ឯកឧត្តមបានបន្ថែមថា ​យើងយល់ច្បាស់ថាប្រទេសនីមួយៗត្រូវតែមានព្រំដែនរបស់ខ្លួន​ ដែលមានលក្ខណៈជា​ព្រំដែនអន្តរជាតិរឹងមាំ​ ច្បាស់លាស់ ហើយជាពិសេស ​​គឺប្រទេសតូចដែលនៅចន្លោះ​ប្រទេសធំជាង​ គឺយើងត្រូវតែការពារ​ខ្លួនតាមផ្លូវច្បាប់និងដែលមានការទទួលស្គាល់ដោយទ្វេរភាគី និង​ សហគមន៍អន្តរជាតិ។
​ឯកឧត្តមបណ្ឌិតសភាចារ្យ ​សុខ អាន​ បានបន្តទៀតថា រាជរដ្ឋា​ភិបាលកម្ពុជាបាន​ខិតខំធ្វើការងារព្រំដែន ​នេះអស់រយៈពេលជាង៣០​ឆ្នាំមកហើយ​ហើយសម្តេចតេជោ​ លោកខិតខំណាស់​ គឺចង់បានការការពារអធិបតេយ្យជាតិ ដោយ​មាន​ការទួលស្គាល់ទាំងអស់គ្នា​ ទើបឈានដល់ការបោះបង្គោល​ព្រំដែនរឹងមាំច្បាស់លាស់ដែល​ទទួលស្គាល់ដោយទ្វេរភាគី ​និងសហគមន៍អន្តរជាតិ​ តែត្រូវគណបក្សប្រឆាំង ​និងអង្គការក្រៅរដ្ឋាភិបាលមួយ​ចំនួនបែរ​ជាខិតខំធ្វើប្រជាភិថុត ​និយាយដូចជាស្រឡាញ់ជាតិ ​ស្រឡាញ់ប្រទេសខ្លួនឯងណាស់ ប៉ុន្តែ​ការពិតបង្ករការញុះញង់​ និងរារាំងដល់ដំណើរការ​បោះបង្គោលព្រំដែនទៅវិញដោយពួកគេបាន​លើកឡើង​នូវការទិតៀន​ យ៉ាងងងើល ​ដោយមិនសមហេតុផល​ មើលងាយការងាររបស់រាជរដ្ឋាភិបាល។
ឯកឧត្តមបណ្ឌិត​សភាចារ្យ ​សុខ អាន​ ក៏បានលើកឡើង ​ពីឯកសារការផ្លាស់ប្តូរការទូតកម្រិតជាន់ខ្ពស់រវាងកម្ពុជាជាមួយ​នឹងចក្រភពអង់គ្លេស ​សហរដ្ឋអាមេរិក ពីការងារទទួលស្គាល់និងធានាដល់អព្យាក្រិត្យភាព​​កម្ពុជានៅក្នុងព្រំដែន​ស្របច្បាប់របស់ខ្លួន​ពេលនោះរួមមាន​ សារលិខិតរបស់ព្រះករុណាព្រះបរមរតនកោដឆ្លើយឆ្លងជាមួយរដ្ឋមន្រ្តីការបរទេស​អង់គ្លេសសម័យនោះ​គឺចង់អោយប្រទេសអង់គ្លេសជួយធានាអាព្យាក្រិត្យភាព ដែលរួមមាន​ទាំងបញ្ហាព្រំដែនផងដែរ។​ ហើយទន្ទឹមនឹងនោះក៏មានលិខិតឆ្លើយឆ្លងរវាង លោក ហួត សម្បត្តិ​ ដែល​ជារដ្ឋលេខាធិការ​ក្រសួងការបរទេសម័យនោះជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិកផងដែរ​​ ដែល​បានបញ្ជាក់ថា​ប្រទេសយើងមាន​ទំនាក់ទំនងតឹងតែង​ជាមួយអាមេរិក ​រហូតឆ្នាំ ១៩៦៥ យើងផ្តាច់ទូត​ជាមួយអាមេរិកហើយនៅពេលនោះ។ ​ការឆ្លើយឆ្លងផ្លាស់ប្តូរ​ឯកសារការទូតនោះចង់អោយប្រជុំចតុភាគីរវាងកម្ពុជា វៀតណាមខាងត្បូង​ ថៃ និង​ អាមេរិកចូលរួម ព្រោះ អាមេរិកជាអ្នកមើលគ្រប់គ្រងវៀតណាមខាងត្បូង​ និងថៃពេលនោះ។​ ឯកឧត្តមបណ្ឌិត​សភាចារ្យបានបញ្ជាក់ថាការប្រជុំចតុភាគីនោះ​ គឺដើម្បីស្វែងរកភស្តុតាងដែលផែនទីប្រើប្រាស់​ពេលនោះដែល​ព្រះករុណាទាមទារការទទួលស្គាល់ អព្យាក្រិត្យភាពក្នុងព្រំដែន​របស់ខ្លួន ពេលនោះមានលិខិតស្ថានទូតអាមេរិកផ្ញើរទៅក្រសួងការបរទេស​​របស់គេ។​ លោកហួត​ សម្បត្តិ បានប្រគល់​​ផែនទីបីផ្ទាំងជូនអាមេរិកពេលនោះ គឺទីមួយ ផែនទីបោននេះឯង ដែល​យើងប្រើជាមួយវៀតណាម  ទីពីរ គឺផែនទីសមុទ្រ១-៣០០០០០ មួយទៀត គឺផែនទីការងារកម្ពុជា ថៃ។


ឯកឧត្តមបណ្ឌិតសភាចារ្យ ​សុខ អាន​ ក៏បានបន្ថែមទៀតថា​ ឥឡូវយើងផ្តោតមកលើ​ ផែនទីកម្ពុជា-វៀតណាមវិញ។ យើងទទួលស្គាល់​គោលការណ៍​ Utiposidentis មានន័យថា​ប្រទេសដែលទទួលស្គាល់គោលការណ៍នេះ​ ត្រូវទទួលស្គាល់ព្រំដែន​ដែលអាណានិគម​បន្សល់ទុកអោយ។​ ឯកឧត្តមបណ្ឌិត ​សភាចារ្យ​​ ក៏បានបកស្រាយ​បន្ថែមទៀតថា​ មូលហេតុដែល​រាជរដ្ឋាភិបាល​សរសេរលិខិត​សុំខ្ចីផែនទីពី អង្គការសហប្រជាជាតិ ​និងមហាអំណាចនោះ​ ដោយសារតែគណបក្ស​ប្រឆាំងចេះ​ចោទប្រកាន់មកលើរដ្ឋា ​ភិបាល​ និងធ្វើប្រជាភិថុតញុះ​ញង់សាធារណៈមតិ។
ឯកឧត្តមបណ្ឌិត​សភាចារ្យ ​សុខ អាន ​ក៏បានគូសបញ្ជាក់​ពីគោលជំហររបស់រាជ​រដ្ឋាភិបាលថានឹងបើកទូលាយ ឱ្យមានការ​​ផ្ទៀងផ្ទាត់ផែនទី​ដោយចំហរ តម្លាភាព​សម្រាប់ប្រជាជាតិ​កម្ពុជាទាំងមូល ​ដើម្បីបញ្ជាក់ ​ថាផែនទីដែលប្រើកន្លងមកពិត​ជាត្រឹមត្រូវ៕

No comments:

Post a Comment