Thursday, July 23, 2015

អ្នក​វិនិយោគ​អាមេរិក​មកស្វែ​ងយល់​ឱកាស​វិនិយោគ​វិស័យ​កសិកម្មនៅកម្ពុជា

ក្រុមហ៊ុនវិនិយោគមកពីសហរដ្ឋអាមេរិកមានចំណាប់អារម្មណ៏ចំពោះវិស័យកសិកម្មនៅកម្ពុជា   ដោយបាន​មក​ធ្វើ​ការស្វែងយល់អំពី ឱកាសថាតើត្រូវវិនិយោគអ្វីដែលអាច​ផ្តល់ផលប្រយោជន៏ដល់​កសិករកម្ពុជាដោយផ្ទាល់។
លើកឡើងនៅក្នុងជំនួបពិភាក្សាការងារនៅវិមាន​មិត្តភាព​នៃទីស្តីការគណៈរដ្ឋមន្រ្តី​ នារសៀលថ្ងៃទី ២២​ ខែ កក្កដា ឆ្នាំ២០១៥ លោក​ សាមុអែល  អាល់លែន (Samuel Allen) អគ្គ​នាយក​ប្រតិបត្តិ​ និងជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុនDeer &Company បានជំរាបជូនឯកឧត្តមបណ្ឌិតសភាចារ្យ​ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីទ​ទួល​បន្ទុក​​ទីស្តីការគណៈរដ្ឋមន្រ្តី អំពីចំណាប់អារម្មណ៏ក្នុងការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ​​​ដោយ​លោ​ក​​​នឹង​ធ្វើការស្វែងយល់ឲ្យបានច្បាស់​ថាតើ​ មានវិធី​ណា​​អាចជួយដល់កសិករ​កម្ពុជាក្នុងការជួយ​អភិ​វឌ្ឍ​វិស័យ​កសិកម្ម​នេះ​ឲ្យ​ទទួលបានការរីកចំរើន​។

លោក​ Samuel Allen បានជំរាបជូនឯ.ឧ ឧបនាយករដ្ឋមន្ត្រីសុខ  អានថា   ប្រតិភូលោក មកកាន់កម្ពុជាពេល​នេះ​គឺ​ដើម្បីសិក្សា ស្វែងយល់បន្ថែមទៀត ថាតើធ្វើយ៉ាង​ណាការលក់ផលិតផលក្រុមហ៊ុនអាមេរិក(ត្រាក់ទ័រ)​សម្រាប់​វិស័យ​កសិកម្ម​អាចជួយធ្វើឲ្យកសិករ​ទទួលបានផលិតផលល្អផង ហើយថាតើ​ត្រូវ ​វិនិយោគបែបណា​ជាមួយ​កសិករ​កម្ពុជាថ្វីត្បិតតែ​កម្ពុជាមានដី​កសិកម្ម​ច្រើនប៉ុន្តែដីទាំងនោះ​បានបែងចែកជាចំណែកតូចៗ​ ​​​ឬមួយអាចប្រមូលផ្តុំ​ជា​លក្ខណៈ​កសិដ្ឋាន​ធំៗដើម្បីភាពងាយស្រួល​ដល់គ្រឿង​ចក្រអាចដំណើរការ​បាន។

គួរបញ្ជាក់ថាប្រតិភូក្រុមហ៊ុនអាមេរិកដែលមកកាន់កម្ពុជានេះ គឺជាក្រុមហ៊ុនត្រាក់ទ័រចនឌៀរ  ដែល​ជា​ក្រុមហ៊ុន​លក់​សម្ភារៈ​កសិកម្មដ៏ធំ​របស់​សហ​រដ្ឋអាមេរិក​ក្នុងមួយឆ្នាំៗបាន​លក់​ត្រាក់ទ័រទៅឲ្យប្រទេសថៃប្រមាណ៥ម៉ឺន​គ្រឿង​ និង​លក់ទៅ​កាន់ប្រទេសឥណ្ឌាប្រមាណ​ជាង៦០០ពាន់​គ្រឿង​ ដោយឡែក​សម្រាប់​ប្រទេស​កម្ពុជាក្រុម​ហ៊ុន​អាមេរិក​នេះ​បាន​នាំត្រាក់ទ័រ​ចូល​ បានប្រហែល​ត្រឹម២ពាន់​៥រយគ្រឿងប៉ុណ្នោះ។

ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន បានស្វាគមន៏និងគាំទ្រចំពោះក្រុមហ៊ុន អាមេរិក ដែលមាន​ចំណាប់​អារម្មណ៏​លើវិស័យកសិកម្ម ដោយឯ.ឧបានជំរាបជូនថា កម្ពុជានៅមានសក្តានុពលខ្ពស់ខាងវិស័យកសិកម្ម រីឯប្រជាជនកម្ពុជាប្រហែលពី  ​ ៧០ទៅ៨០% ជាកសិករប្រកបរបរកសិកម្ម ដូច្នេះការវិនិយោគលើវិស័យ​កសិកម្ម​នឹង​ផ្តល់ប្រយោជន៏ផ្ទាល់ក្នុងការជួយធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាមានការរីកចំរើន។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាឯ.ឧសុខ អានបានលើកទឹកចិត្តដល់ក្រុមហ៊ុនអាមេរិក  ឲ្យចូល​មក​ធ្វើការវិនិយោគឲ្យ​បានច្រើនលើវិស័យកសិកម្មនេះ​ ដោយនាំមកនូវសេវាបច្ចេកវិទ្យាទំនើបៗដើម្បីធ្វើការអភិវឌ្ឍ​វិស័យ​កសិកម្ម  ឲ្យ​បាន​រីកចំរើន ក្នុងការជួយទ្រទ្រងជីវភាពកសិករឲ្យ​បានធូធារថែម​ទៀត​។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជំរាបជូនដែរថាក្រៅពីវិស័យកសិកម្ម  កម្ពុជានៅមានសក្តានុពលជាច្រើនទៀត​សម្រាប់ការវិនិយោគ មានវិស័យវាយនភណ្ឌកាត់​ដេរសម្លៀក​បំពាក់ និង​ស្បែកជើង​​ការវិនិយោគលើដំណាំកៅស៊ូ​ជាពិសេស​វិស័យទេសចរណ៏​ក៏អាចធ្វើការវិនិយោគផងដែរ ពីព្រោះកម្ពុជាមានប្រាង្គ​ប្រាសាទ​ជាង១ពាន់ ដែល​ជា​គោលដៅទេសចរណ៏វប្បធម៌ ​កំពុងទាក់​ទាញភ្ញៀវ​ឲ្យចូលមកទស្សនាកម្ពុជា មាន​កំណើនកើន​ឡើងជាលំដាប់​ពី​មួយ​ឆ្នាំទៅមួយឆ្នាំ។

ឆ្លៀតក្នុងឱកាសនេះឯកឧត្តម ក៏បានអគុណដល់សហរដ្ឋអាមេរិកដែលបានជ្រោមជ្រែងវិស័យវប្បធម៌ដល់កម្ពុជា ក្នុង​ការ​ជួយគាំទ្រ​ដល់​ការចុះបញ្ចីប្រាសាទព្រះវិហារចូលក្នុងសម្បត្តិបេតិកភណ្ឌវ​ប្បធម៌ពិភពលោក កាល​ពីឆ្នាំ​២០០៨ កន្លងមក  ក៏ដូចជាការបញ្ចូនរូបបដិមាមកឲ្យកម្ពុជាក្នុងពេលថ្មីៗ​នេះ​ដែលបង្ហាញ្ញឲ្យឃើញពី​ការគិតគូរ​ជួយ​​​ការពារ​សម្បត្តិ​វប្បធម៌របស់ខ្មែរឲ្យបានគង់វង្ស៕




No comments:

Post a Comment