Wednesday, June 17, 2015

សម្តេច​តេជោ អញ្ជើញ​ពិនិត្យ​ដំណើរ​ការ​នៃការ​សាង​សង់​មេន បូជា​សព​សម្តេច​អគ្គ​មហា​ធម្ម ពោធិសាល ជា ស៊ីម នៅមុខ​វត្តបុទុមវតី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង អនុប្រធានគណៈកម្មាធិការរៀបចំពិធីបុណ្យសព បានអញ្ជើញត្រួតពិនិត្យទីតាំង សាង​សង់​មេនបូជាសពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធ​​សភាជាតិ នៃព្រះរាជា​ណា​ចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលមានទីតាំងស្ថិតនៅមុខវត្តបុទុមវតី ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៥ ខែមិថុនា ​​​។   
នៅក្នុងឱកាសនៃការអញ្ជើញចុះត្រួតពិនិត្យដល់ទីកន្លែង នៃការសាងសង់មេនបូជាសព​សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចតេជោនាយករដ្ឋមន្រ្តី បានពិនិត្យយ៉ាងយក​ចិត្តទុកដាក់ទៅលើគំរោងប្លង់មេ ដែលរៀបចំរចនាដោយក្រុមហ៊ុនសំណង់។ តាមរយៈនោះដែរ​សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើដល់ក្រុមហ៊ុនសំណង់ត្រូវយកចិត្តទុកដាក់រៀបចំ កសាង​មេនបូជាសពស្របតាមរចនាបទខ្មែរ និងមានលក្ខណៈបច្ចេកទេសរឹងមាំ។ ជាមួយគ្នានេះសម្តេចតេជោនាយករដ្ឋមន្រ្តី​ បានដាក់នូវវិធានការមុតមាំ ដល់ក្រុមហ៊ុនសាងសង់ធ្វើយ៉ាងណា ខិតខំសាងសង់មេនបូជាសពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ឲ្យបានហើយ​រួចរាល់​ទៅតាមពេលវេលាដែលបានគ្រោងទុក ពិសេសត្រូវរៀបចំកសាងនូវសោភណ​ភាពឲ្យមាន​លក្ខណៈ​ស្របបំព្រង និងប្រកបទៅដោយការទាក់ទាញ សក្តិសមទៅនឹងកត្តិនាមដ៏ឧត្តង្គ​ឧត្តម​របស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ដែលក្នុងមួយជីវិតរបស់សម្តេច សម្តេចបានបូជានូវកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី បូជាសាច់ស្រស់ ឈាមស្រស់ ក្នុងការបំរើជាតិ សាសនា ព្រះមហាក្សត្ររហូតដល់ដំណាក់កាលចុងក្រោយដែលគ្មានការវិលត្រឡប់វិញបាន​នោះ។
សូម បញ្ជាក់ដែរថា មេនបូជាសពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ត្រូវបាន​ក្រុម​ហ៊ុនសំណង់ បានខិតខំកសាងយ៉ាងសំរិតសំរាំង ស្របទៅតាមស្តង់ដានិងរចនាបទខ្មែរ ពិសេស​​ការសាងសង់នូវសោភណភាពនៅ ជុំវិញបរិវេណនៃទីកន្លែងបូជាសព តាមរយៈការ​តុបតែងភ្លើងពណ៌ផ្កាភ្ញីផ្សេងៗ។ បើតាមការអះអាងពីក្រុមហ៊ុនសាងសង់បានឲ្យដឹងថា មេន​បូជា​សពដែលបានសាងសង់រយៈពេលជិត១សប្តាហ៍មកនេះ រាល់សំណង់ដែលជាផ្នែករឹង​ស្ទើរ​តែបញ្ចប់ការងារសាងសង់រួចរាល់ហើយ នៅឡើយតែការតុបតែងលំអនិងការកែសំរួល​នៅតាមបណ្តាផ្នែកមួយចំនួន នៃទីតាំងបូជាសពទាំងមូល។ តំណាងក្រុម​ហ៊ុនក៏​បាន​បញ្ជាក់​ដែរថា រាល់សំណង់ទាំងអស់នៃការដ្ឋានសាងសង់មេនបូជាសព សម្តេចអគ្គ​មហា​ធម្មពោធិ​សាល ជា ស៊ីម នឹងបញ្ចប់ទៅតាមពេលវេលាដែលបានគ្រោងទុក។  សូមបញ្ជាក់​ដែរ​ថា សម្តេច​​អគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រ​ជាជន​កម្ពុជា បានទទួលមរណភាពកាលពីវេលាម៉ោង៣និង៤៥នាទី រសៀលថ្ងៃទី៨មិថុនាឆ្នាំ២០១៥ ក្នុងជន្មាយុ៨៣ឆ្នាំ ដោយរោគាពាធ។
សពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម បាន​ប្រារព្ធតម្កល់ធ្វើបុណ្យតាមប្រពៃណីជាតិ និងត្រូវបានអនុញ្ញាតឲ្យគណៈប្រតិភូជាន់ខ្ពស់ជាតិ អន្តរជាតិ ចូលគោរពវិញ្ញាណ​ក្ខន្ធ​ពីថ្ងៃទី​១០ ខែមិថុនា រហូតដល់ថ្ងៃទី១៩ ខែមិថុនា ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញនូវអនុក្រិតដោយកំណត់យកថ្ងៃទី១៩មិថុនា ជាថ្ងៃបុណ្យកាន់ទុក្ខជាផ្លូវការ ចំពោះសពរបស់សម្តេច​អគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ សូមបញ្ជាក់ដែរថា សពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម នឹងប្រារព្ធពិធីដង្ហែ ចាក​ចេញ​ពីភូមិគ្រឹៈចំការមន មកប្រារព្ធពិធីបូជាសពជាផ្លូវការនៅថ្ងៃទី១៩ ខែមិថុនាឆ្នាំ២០១៥ នៅសួន ឧទ្យានមុខវត្តបុទុមវតី រាជធានីភ្នំពេញ។ 
ក្នុងការសាងសង់មេនបូជាសព និងទីតាំងនៃកន្លែង​ប្រារព្ធពិធីបូជាសព សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម រហូត​មកដល់​ពេល​នេះ ជិតបញ្ចប់ការសាងសង់១០០%ហើយ។
សូមបញ្ជាក់ដែរថា ក្នុងសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខ​នៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើឡើងកាលពីថ្ងៃទី៨មិថុនា បានចាត់ទុកថា មរណភាព​របស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្ស​ប្រជាជនកម្ពុជា គឺជាការបាត់បង់ដ៏ធំធេងរបស់សង្គមជាតិកម្ពុជាទាំងមូល។ សម្តេចតេជោ​មានជំនឿយ៉ាងមុតមាំថា ប្រជាជនកម្ពុជាគ្រប់រូបនឹងចងចាំជានិច្ច នៅក្នុងក្រអៅបេះដូង នូវ​គុណូបការៈដ៏ប្រពៃថ្លៃថ្លារបស់សម្តេចចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងមាតុភូមិ​ជាទី​ស្នេហា នៃយើង ដែលនេះគឺជាគំរូវីរភាពដ៏ឧត្តុង្គឧត្តមបំផុត សម្រាប់ប្រជាជាតិខ្មែរទាំង​មូល​ចង​ចាំមិនអាចបំភ្លេចបាន ៕ 

No comments:

Post a Comment